ក្នុងឱកាសឆ្លងឆ្នាំសកល២០២៥ ខេត្តកំពង់ចាម ទទួលបានភ្ញៀវទេសចរណ៍មកលេងកំសាន្ត ជាង ១០ម៉ឺននាក់

0

កំពង់ចាម: ក្នុងឱកាសឆ្លងឆ្នាំសកល២០២៤-២០២៥នេះ មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ប្រមាណជាង ១០ម៉ឺននាក់ បានមកលេងទស្សនាកម្សាន្តនៅតាមតំបន់រមណីយដ្ឋាននានា ក្នុង ភូមិសាស្ត្រខេត្តកំពង់ចាម ។

បើតាម លោក ស៊ាន សុគុន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាម បានឱ្យដឹងថា ក្នុងឱកាសឆ្លងឆ្នាំ សកល ២០២៤-២០២៥ ខេត្តកំពង់ចាម ទទួលបានភ្ញៀវទេសចរណ៍ ក៏ដូចជា បងប្អូនប្រជាពលរដ្ឋ ដែលបានមកលេងទស្សនាកម្សាន្ត នៅតាមរមណីយដ្ឋាននានា និងស្នាក់នៅក្នុងខេត្តកំពង់ចាម សរុបមានចំនួន ១០៦.៨៣២នាក់ ក្នុងនោះភ្ញៀវទេសចរណ៍ជាតិ ១០៦.៦៦២នាក់ និងភ្ញៀវបរទេស មានចំនួន ១៧០នាក់ ។

លោកប្រធានមន្ទីរ បានបញ្ជាក់ផងដែរថា ក្នុងដំណើរកំសាន្ត នាឱកាសឆ្លងឆ្នាំសកលនេះដែរ គឺ រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំសន្តិសុខ និងសណ្តាប់ធ្នាប់ជាទូទៅ ដោយមានការការពារដល់ ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ ដែលធ្វើដំណើរមករង់ចាំឆ្លងឆ្នាំ នៅតាមតំបន់មាត់ទន្លេ និងតាមសួនច្បារក្នុងខេត្ត ក៏ដូចជានៅតាមតំបន់រមណីយដ្ឋាននានា ដោយមានសមត្ថកិច្ចការពារយ៉ាងតឹងរឹង ពោលគឺគ្មានបញ្ហាអ្វីកើតឡើង គួរឲ្យកត់សម្គាល់នោះឡើយ ៕