អាជ្ញាធរខេត្តកំពតប្រាប់ពលរដ្ឋ៣៥គ្រួសារឲ្យរុះរើសំណង់លើដីចំណីព្រែកត្រើយខាងលិចចេញឲ្យបានឆាប់រហ័ស

0

ខេត្តកំពត: ដើម្បីបន្តការរៀបចំអភិវឌ្ឍតំបន់ឆ្នេរព្រែកកំពង់បាយត្រើយខាងលិចដំណាក់កាលទី២ ចាប់ពីចំណុចគល់ស្ពានឥន្ទធនូដល់គល់ស្ពានថ្មី(មិត្តភាពកម្ពុជា-កូរ៉េ) ស្ថិតក្នុងភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ឲ្យមានសោភ័ណភាពកាន់តែស្អាត និងទាក់ទាញទេសចរ  អាជ្ញាធរខេត្តកំពតតម្រូវឱ្យប្រជាពលរដ្ឋចំនួន៣៥គ្រួសារដែលរស់នៅជាប់មាត់ព្រែក រុះរើសំណង់លើដីចំណីព្រែកចេញឲ្យបានឆាប់រហ័ស។

នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានជួបសំណេះសំណាល និងពិភាក្សាបញ្ហាប្រឈមមួយចំនួនជាមួយ ប្រជាពលរដ្ឋចំនួន៣៥គ្រួសារ ដែលបានរស់នៅលើដីជាប់មាត់ព្រែកកំពង់បាយ ចាប់ពីគល់ស្ពានឥន្ទធនូ រហូតដល់គល់ស្ពានថ្មី (មិត្តភាពកម្ពុជា-កូរ៉េ) ស្ថិតក្នុងភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត  ក្នុងបំណងដើម្បីទទួលយកសំណើ សំណូមពរចំពោះការងារការរុះរើសំណង់ចេញពីលើដីចំណីព្រែក ដើម្បីឲ្យរដ្ឋបាលខេត្តអាចបន្តស្ថាបនាផ្លូវជាប់មាត់ព្រែកកំពង់បាយបន្តទៀត។
ឯកឧត្តមម៉ៅ ធនិនបានមានប្រសាសន៍ថា កំពតជាខេត្តគោលដៅទេសចរណ៍សំខាន់របស់កម្ពុជា ហើយការអភិវឌ្ឍលើវិស័យទេសចរណ៍នេះ គឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ដើម្បីឆ្លើយតបតាមការចឹងបានរបស់រាជរដ្ឋាភិបាល រដ្ឋបាលខេត្ត តម្រូវឲ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមសហការរៀបចំក្រុង ពិសេសព្រែកកំពង់បាយឲ្យកាន់តែស្អាត និងទាក់ទាញទេសចរ។

ក្រោយពីកិច្ចប្រជុំរួចមក ឯកឧត្តមអភិបាលខេត្ត ក៏បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ រួមនឹងប្រជាពលរដ្ឋទាំង ៣៥គ្រួសារចុះពិនិត្យទីតាំង និងផលប៉ះពាល់ជាក់ស្តែង និងទទួលយកសំណើរ សំណូមពររបស់ពលរដ្ឋផងដែរ។ ក្រោយពីបានពិភាក្សា ក៏ដូចជាទទួលយកមតិយោបល់ពីពលរដ្ឋទាំង ៣៥គ្រួសាររួចមក ប្រជាពលរដ្ឋទាំងអស់ក៏ឯកភាពយល់ព្រម ធ្វើតាមការកំណត់របស់អាជ្ញាធរខេត្ត ក្នុងការរុះរើសំណង់លើដីចំណីព្រែក។

សូមបញ្ជាក់ថា រដ្ឋបាលខេត្តបានបែងចែកការអភិវឌ្ឍតំបន់ឆ្នេព្រែកកំពង់បាយត្រើយខាងលិចជា៣ដំណាក់កាល ដែលដំណាក់កាលទី១ ចាប់ពីគល់ស្ពានត្រើយកោះដល់គល់ស្ពានឥន្ទធនូ, ដំណាក់កាលទី២ ចាប់ពីគល់ស្ពានឥន្ទធនូដល់គល់ស្ពានថ្មី(មិត្តភាពកម្ពុជា-កូរ៉េ) និងដំណាក់កាលទី៣ ចាប់ពីគល់ស្ពានថ្មី រហូតដល់ស្ពានរថភ្លើង។ ហើយនៅថ្ងៃដដែលនោះដែរ ឯកឧត្តមអភិបាលខេត្តក៏បានបន្តចុះពិនិត្យទីតាំងស្ពានក្បាលរមាសចាស់ ស្ថិតក្នុងស្រុកទឹកឈូ ដើម្បីរៀបចំធ្វើជាផ្សារគ្រឿងសមុទ្រ នាពេលឆាប់ៗខាងមុខនេះផងដែរ៕ សេង ណារិទ្ធ