សៀមរាប: សិស្សប្រឡងជាប់និទ្ទេសAចំនួន២២១នាក់ បានទទួលម៉ូតូ ពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តសៀមរាប
កាលពីចុងសប្តាហ៍ រសៀលថ្ងៃទី១១ ខែ មករា ឆ្នាំ២០២៥នេះ នៅសួនច្បារព្រះរាជដំណាក់ ខេត្តសៀមរាប ។
លោក លី ប៊ុណ្ណា ប្រធានមន្ទីរអប់រំយុវជន និង កីឡាខេត្ត បានឲ្យដឹងថា វិស័យអប់រំយុវជន និងកីឡា ខេត្តសៀមរាប សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤នេះ មានបេក្ខជនដែលបានមកប្រឡចំនួន១០ពាន់៧៣៦នាក់ ស្រី៦ពាន់២៥៧នាក់ ក្នុងនោះសិស្សដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានចំនួន៩ពាន់១២៥នាក់ ស្រី៥.៥០៤នាក់ ។ ឆ្នាំសិក្សា២០២៣.២០២៤ សិស្សទទួលបាននិទ្ទេស Aចំនួន២២១នាក់ ស្រី១២២នាក់ , និទ្ទេស B ចំនួន៨៦៤នាក់, និទ្ទេស Cចំនួន២០៧១នាក់, និទ្ទេស D មានចំនួន៣.២៩៨នាក់ និង និទ្ទេស E មានចំនួន២.៦៧១នាក់។
សម្ដេចពិជ័យសេនា ទៀ បាញ់ បានសម្តែងនូវការអបអរចំពោះសិស្សានុសិស្សខេត្តសៀមរាប ដែលបានប្រឡងទទួលបាននិទ្ទេសAទាំង២២១នាក់ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះលោកគ្រូអ្នកគ្រូ ដែលបានខិតខំយកចិត្តទុកដាក់ក្នុងការបង្រៀន និង ការចូលរួមអប់រំរបស់មាតាបិតា អាណាព្យាបាលកូនរបស់ខ្លួន ធ្វើឲ្យទទួលបាននូវធនធានមនុស្សប្រកប ដោយគុណភាពខ្ពស់។ កត្តាទាំងនេះដែលធ្វើឲ្យដឹងគុណ និង អរគុណនយោបាយ ឈ្នះ ឈ្នះ ! ដឹងគុណជានិច្ច ស្ថាបនិកមគ្គទេសក៍ឯក និង ប្រតិបត្តិករនយោបាយ ឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និង ការឯកភាពជាតិពេញលេញ ។ សម្ដេច ពិជ័យសេនា បានគូសបញ្ជាក់ថា ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ គឺជាខួបលើកទី២៦ នៃ«ទិវាសន្តិភាពនៅកម្ពុជា» ដែលរហូតមកដល់ពេលនេះ ប្រទេសជាតិយើងបានទទួលសុខសន្តិភាព និង ការអភិវឌ្ឍលើគ្រប់វិស័យរយៈពេល២៦ឆ្នាំ ចាប់តាំងពីចុងឆ្នាំ១៩៩៨ ដែលសន្តិភាពនេះបានមកដោយសារនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ដូចនេះយើងត្រូវរួមគ្នាថែរក្សាសន្តិភាពឲ្យបានគង់វង្ស ។ សម្តេចបានបញ្ជាក់ថា លទ្ធផលរបស់ចៅៗពេលនេះ ពិតជាកើតចេញពីការខិតខំរៀនសូត្ររបស់ចៅៗ និង ការខិតខំបង្ហាត់បង្រៀនរបស់លោកគ្រូ អ្នកគ្រូ និង តួអង្គពាក់ព័ន្ធមួយចំនួនទៀតដែលបានខ្នះខ្នែង និង ផ្តល់ការបំពាក់បំប៉នសមត្ថភាពដល់ក្មួយៗ ជាសំខាន់មាតាបិតា និងអាណាព្យាបាល ដើម្បីជួយឲ្យពួកគេទទួលបានលទ្ធផលល្អក្នុងការសិក្សា ក៏ដូចជាទទួលបានជ័យលាភីនៅក្នុងការប្រឡងយកសញ្ញាបត្រ ។ សម្តេចបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា ស្របពេលដែលកម្ពុជាកំពុងប្រឹងប្រែងកសាងសមត្ថភាពស្ថាប័ន ការធ្វើទំនើបកម្មមូលដ្ឋានសម្ភារៈបច្ចេកទេស និងការពង្រឹងប្រសិទ្ធភាពការប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីឲ្យកម្ពុជាមានធនធានមនុស្សគ្រប់គ្រាន់ ឆ្លើយតបទៅនឹងការរីកចម្រើន ក្នុងបរិការណ៍នៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ដែលកម្ពុជាត្រូវឈរលើសក្តានុពលដែលខ្លួនមាន និងបោះជំហានឲ្យទាន់ប្រទេសនៅក្នុងតំបន់ និង បរិការណ៍សកលលោក ជាពិសេសក្នុងស្ថានភាពដែលកម្ពុជាត្រូវប្រឹងរស់ងើបឈរឡើង ដើម្បីការពារឯករាជ្យ អធិបតេយ្យ និង សន្តិភាពរបស់ប្រទេស ។ សម្ដេចពិជ័យសេនា ទៀ បាញ់ បានលើកទឹកចិត្ត និង ផ្ដាំផ្ញើដល់សិស្សានុសិស្សទាំងអស់ខិតខំរៀនសូត្រ ដើម្បីឲ្យមានសមត្ថភាពពិតប្រាកដ ត្រូវប្រកាន់យកចំណុចវិជ្ជមាននោះ នឹងខិតខំសម្រេចឲ្យបានលទ្ធផលល្អនាពេលអនាគត ព្រមទាំង ធ្វើការចែករំលែកនូវបទពិសោធន៍ ក្នុងការសិក្សាដល់សិស្សប្អូនជំនាន់ក្រោយ ក្នុងការចូលរួមបណ្តុះបណ្តាលធនធានមនុស្ស និង ត្រូវគោរពវិន័យសាលា និងជៀសឲ្យឆ្ងាយពីគ្រឿងញៀន និង គោរពច្បាប់ចរាចរណ៍ នៅពេលបើកបរត្រូវពាក់មួកសុវត្ថិភាព និង ដាក់ខ្សែក្រវ៉ាត់សុវត្ថិភាព ។
បន្តមកសម្ដេចពិជ័យសេនាបានប្រគល់លិខិតថ្លែងអំណរគុណដល់សប្បុរសជន និង ម៉ូតូជានិមិត្តរូបដល់សិស្សនិទ្ទេសAទាំង២២១នាក់ និង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និង លោកជំទាវ ឯកឧត្តមអភិបាលខេត្ត បានប្រគល់លិខិតសរសើរដល់សិស្សជាប់និទ្ទេសA និង លោកគ្រូអ្នកគ្រូ ផងដែរ ៕