អភិបាលខេត្តប៉ៃលិន ពិនិត្យមើលសមិទ្ធផលហេដ្ឋារចនាសម័្ពន្ធ ដែលទើបស្ថាបនារួចរាល់ និងណែនាំដល់អង្គភាពជំនាញ បំពាក់ស្លាកសញ្ញា និងគំនូសចរាចរណ៍ នៅតាមដងផ្លូវ ដើម្បីទប់ស្កាត់ករណីគ្រោះថ្នាក់ចរាចរណ៍

0

ប៉ៃលិន៖ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន អមដំណើរដោយមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ ព្រមទាំងក្រុមការងារ បានអញ្ជើញចុះពិនិត្យមើលសមិទ្ធផល ផ្លូវកៅស៊ូ DBST លូអ៊ុយ ធ្វើជញ្ជាំងបេតុងការពារជើងទេផ្លូវ និងស្ពានបេតុង ទើបស្ថាបនារួចរាល់ ដែលជាគម្រោងរបស់មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត នៅភូមិដីស ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ព្រមទាំងកំណត់ទីតាំង ដាក់ស្លាកសញ្ញា និងគំនូសចរាចរណ៍ ដើម្បីទប់ស្កាត់ករណីគ្រោះថ្នាក់ចរាចរណ៍ ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ផ្លូវ ស្ពាន គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ និងគ្រួសារ ដូច្នេះមានផ្លូវ គឺមានក្តីសង្ឃឹម ហើយការធ្វើផ្លូវកៅស៊ូ DBST លូអ៊ុយ ធ្វើជញ្ជាំងបេតុងការពារជើងទេផ្លូវ និងស្ពានបេតុង នេះ គឺពិតជាបានបំពេញនូវសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ងាយស្រួលក្នុងការធ្វើចរាចរណ៍ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសបានផ្តល់នូវភាពងាយស្រួលដល់សិស្សាសិស្សបានធ្វើដំណើរទៅសាលារៀន ។

លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី គឺបានបន្តខិតខំប្រឹងប្រែងដោះស្រាយនូវរាល់ការលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋ ព្រមទាំងបានខិតខំកសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសការកសាងហេដ្ឋារចនាសម័ន្ធរូបវ័ននានា ដូចជា៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ជាដើម។

នៅក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៍បានមានប្រសាសន៍ណែនាំដល់មន្ទីរសាធារណៈការ និងជញ្ជូនខេត្ត ដាក់ស្លាកសញ្ញា និងគំនូសចរាចរណ៍ នៅតាមដងផ្លូវ ទៅតាមស្តង់ដារបច្ចេកទេស ដើម្បីទប់ស្កាត់ករណីគ្រោះថ្នាក់ចរាចរណ៍ និងសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួមជួយថែរក្សាសមិទ្ធផល ដែលទើបស្ថាបនារួចរាល់នេះ ដើម្បីធានាឱ្យការប្រើប្រាស់បានយូរអង្វែង។

បើតាមការបញ្ជាក់របស់លោក អ៊ាត សារ៉ាត់ ប្រធានមន្ទីរសាធារណៈការ និងជញ្ជូនខេត្ត បានអោយដឹងថា៖ ការងារស្ថាបនាផ្លូវខេត្តលេខ១ PL១១ ស្ថិតក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន មានពីរដំណាក់កាល ដំណាក់កាលទី១ ស្ថាបនាផ្លូវដោយក្រាលកៅស៊ូប្រភេទ DBST ប្រវែង ១,២៥០ម៉ែត្រ ទទឹង ៨ម៉ែត្រ និងចិញ្ចើមបេតុងប្រវែង ១៥៣ម៉ែត្រ ទទឹង ១ម៉ែត្រ សងខាង, ស្ថាបនាជញ្ជាំងការពារជើងទេរទំហំ ៧៨៦,១០ម៉ែត្រការ៉េ និងបំពាក់បរិក្ខាចរាចរណ៍តាមដងផ្លូវ (គម្រោងផែនការក្នុងឆ្នាំ២០២៣) និង ដំណាក់កាលទី២ ស្ថាបនាជញ្ជាំងបេតុងការពារជើងទំហំ ៥៥៣៤,៥០ម៉ែត្រការ៉េ (គម្រោងទឹកជំនន់ក្នុងឆ្នាំ២០២៤)៕

អត្ថបទ៖ ភ្នំខៀវ ប៉ៃលិន