គម្រោងពង្រីកផ្លូវជាតិលេខ៧ជាបួនគន្លង(ស្គន់-កំពង់ចាម)គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្រេចបានប្រមាណជាង៣០%ហេីយ

0

កំពង់ចាម​:​ គម្រោងពង្រីក និងលើកកម្ពស់កម្រិតផ្លូវជាតិលេខ៧ ជាបួនគន្លង (ស្គន់-កំពង់ចាម)​គិតមកដល់ត្រឹម​ខែកុម្ភៈ​ ឆ្នាំ២០២៥នេះ​ការស្ថាបនា​សម្រេចបានប្រមាណជាង៣០%ហេីយ។

បេីតាមលោក​ សុខ​ លឹមហៀង​ ប្រធានមន្ទីរ​សាធារណការ​ និងដឹកជញ្ជូនខេត្ត​កំពង់ចាម​ បានបញ្ជាក់ប្រាប់​នៅថ្ងៃទី​៤​ ខែកុម្ភៈ​ ឆ្នាំ​២០២៥នេះថា​ គម្រោងពង្រីកលើកកម្ពស់កម្រិតគុណភាព ផ្លូវជាតិលេខ ៧ ជាបួនគន្លង (ស្គន់-កំពង់ចាម) ចំណុចចាប់ផ្ដើមពីរង្វង់មូលស្គន់ ស្រុកជើងព្រៃ និងចំណុចបញ្ចប់នៅរង្វង់មូលត្រើយខាងលិចស្ពានគីហ្សូណា ក្រុងកំពង់ចាម ដែលមានប្រវែងសរុប ៤៥,៥០៤ គីឡូម៉ែត្រ។​ លោកប្រធានមន្ទីរ​បានបន្ថែមទៀតថា​គិតដេីមខែកុម្ភៈ​ ឆ្នាំ២០២៥នេះ​ ក្រុមការងារនៃក្រុមហ៊ុនCRBC បានស្ថាបនាសម្រេចបានប្រមាណជាង៣០%ហេីយ​ ខណៈ​តំបន់ខ្លះត្រូវបានក្រាលថ្មមិចជាបណ្តេីរៗហេីយ។

ទន្ទឹមនឹងនេះដែរ​ លោក សុខ លឹមហៀង ប្រធានមន្ទីរសាធារណការ​ និងដឹកជញ្ជូនខេត្តកំពង់ចាម​ ក៍បានអំពាវនាវ​បន្ថែមដល់អាជ្ញាធរ​មូលដ្ឋាន​ ក៏ដូចជា​បងប្អូន​ប្រជាពលរដ្ឋ​ ដែលរស់នៅក្នុងអមសងខាងផ្លូវជាតិលេខ៧នេះ សូមចូលរួមសហការគ​្នា​និងមេត្តាយោគយល់​អធ្យាស្រ័យ​ ចំពោះ​ក្រុមហ៊ុនដែលស្ថាបនាពង្រីកលើកកម្ពស់កម្រិតគុណភាព ផ្លូវជាតិលេខ៧ ជាបួនគន្លងនេះ​ ពោលគឺធ្វេីយ៉ាងណាដេីម្បីពន្លឿនការងារស្ថាបនា​នេះឲ្យបានលឿនតាមការគ្រងទុក ដែលជាការផ្តល់អត្តប្រយោជន៍យ៉ាងច្រេីនដល់ការធ្វេីដំណេីរ​ និងរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋក្នុងនាពេលអនាគត៕