បង្ក្រាបទូកដឹកឈើពីរគ្រឿង រឹបអូសឈើអារជាង ២ម៉ែត្រគូបត្រីគុណ នៅខេត្តក្រចេះ

0

ខេត្តក្រចេះ៖ទូកពីរគ្រឿងដែលផ្ទុកទៅដោយឈើអារពេញប្រៀប មានជាង ២ម៉ែត្រគូបត្រីគុណ ត្រូវបានកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ បើកប្រតិបត្តិការចុះស្ទាក់ចាប់បាន នៅលើផ្ទៃទឹកនៃដងទន្លេមេគង្គ នៅថ្ងៃទី៤កម្ភះ២០២៥ ស្ថិតក្នុងភូមិសាស្ត្រភូមិឫស្សីចារ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។

សេចក្តីរាយការណ៍បានឱ្យដឹងថា ការបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលឈ្មួញបានដឹកជញ្ជូនតាមទូក ដើម្បីនាំយកចូលមកក្នុងក្រុងក្រចេះ របស់កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តនាគ្រានោះ កម្លាំងសមត្ថកិច្ចមិនបានឃាត់ខ្លួនជនសង្ស័យជាឈ្មួញឈើ នាំខ្លួនយកមកអនុវត្តច្បាប់ ស្តីពីព្រៃឈើនោះទេ។ ប៉ុន្តែ កម្លាំងសមត្ថកិច្ចបានចាប់ រឹបអូសទូកដឹកឈើ ២គ្រឿង និងដកហូតឈើអារ ប្រភេទដួងចែម ចំនួន ៧៧សន្លឹក ស្មើនឹង ២,៣២៨ម៉ែត្រគូបត្រីគុណ ។

ក្រោយការបង្ក្រាប និងរឹបអូសវត្ថុតាងទូកពីរគ្រឿង និងឈើអារដួងចែម ៧៧សន្លឹកនោះរួចមក កម្លាំងសមត្ថកិច្ចនគរបាល បានបំពេញបែបបទបញ្ជូនវត្ថុតាងបទល្មើសទាំងនោះ ប្រគល់ឱ្យមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ដើម្បីនាំយកទៅរក្សាទុកជាសម្បត្តិរដ្ឋ នៅស្ថានីយបណ្តុះកូនឈើខ្សារ ស្ថិតក្នុងឃុំថ្មគ្រែ ស្រុកចិត្របុរី។

ជុំវិញការបង្ក្រាបទូកដឹកឈើពីរគ្រឿង នៅលើផ្ទៃទឹកទន្លេមេគង្គនោះ សមត្ថកិច្ចជំនាញនឹងបន្តបើការស៊ើបអង្កេតរកអ្នកពាក់ព័ន្ធ ក្នុងការបំផ្លិចបំផ្លាញធនធានធម្មជាតិនេះ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។

ដោយឡែក កាលពីថ្ងៃទី៣១មករា២០២៥ កន្លងមកនេះ កម្លាំងកងរាជអាវុធហត្ថស្រុកចិត្របុរី បានចុះបង្ក្រាបទូកដឹកឈើ ២គ្រឿង របស់ក្រុមឈ្មួញដែលតែងធ្វើសកម្មភាពដឹកជញ្ជូនឈើស្ទើរគ្មានពេលលោះ នៅតាមដងទន្លេមេគង្គ។ ប៉ុន្តែ ក្រុមឈ្មួញទាំងនោះ មិនត្រូវបានឃាត់ខ្លួនយកមកអនុវត្តតាមច្បាប់នោះឡើយ៕ដោយ៖ឡុង សំបូរ