ភ្នំពេញ៖ ក្រសួងប្រៃសណិនិងទូរគមនាគមន៍ បានជំរុញដល់អង្គភាពមន្ត្រីរាជការ ត្រូវធ្វើការបណ្តុះបណ្តាលធនធានមនុស្សរបស់ខ្លួននៅតាមស្ថាប័នដើម្បីចាប់យកអត្ថប្រយោជន៍ជាអតិបរមាពីបរិវត្តកម្មឌីជីថល ចាំបាច់ត្រូវមានធនធានមនុស្សដែល មានចំណេះដឹងមូលដ្ឋាននិងជំនាញឌីជីថល។
បើតាមឯកឧត្តម ជា វ៉ានដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីនិងទូរគមនាគមន៍ បានលើកឡើងថា ការអភិវឌ្ឍចំណេះដឹង និងជំនាញឌីជីថលនេះ ត្រូវធ្វើឱ្យចំគោលដៅសំដៅកសាងធនធានមនុស្សក្នុងភាពជាអ្នកដឹកនាំឌីជីថល ក្នុងកម្រិតអ្នកអភិវឌ្ឍប្រព័ន្ធឌីជីថល កម្រិតអ្នកប្រើប្រាស់ ឌីជីថលសម្រាប់បម្រើការការងារ ឬពលរដ្ឋទូទៅក្នុងសហគមន៍ដែលត្រូវប្រើប្រាស់បច្ចេកវិទ្យាឌីជីថលសម្រាប់ ជីវភាពរស់នៅប្រចាំថ្ងៃ។
ក្នុងបរិការណ៍នេះ ក្រសួងបានផ្តួចផ្តើមគំនិតចូលរួមកសាងធនធានមនុស្សឌីជីថល តាមរយៈការជួយបណ្តុះបណ្តាលជំនាញឌីជីថលដល់មន្ត្រីរាជការ និងនិស្សិតទូទៅ, ការអនុវត្តគម្រោងរៀបចំមជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថលជូនសាកលវិទ្យាល័យ និងប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ មជ្ឈមណ្ឌល បច្ចេកវិទ្យាសហគមន៍នៅតាមវិទ្យាល័យមួយចំនួន ថ្នាក់រៀនឌីជីថលនៅតាមសាលាបឋមសិក្សាគោលដៅ, ការផ្សារភ្ជាប់ ការអប់រំជំនាញឌីជីថលទៅនឹងសួនឌីជីថល និងការជំរុញការចាប់យកឌីជីថលនិងជំនាញឌីជីថលជាដើម។
ឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នើសុំកិច្ចសហការកាន់តែខ្លាំងខ្លាថែមទៀតពីបណ្តាក្រសួងស្ថាប័ន និងផ្នែកដែលមានការពាក់ព័ន្ធទាំងអស់ ដើម្បីចូលរួមជាមួយគ្នាក្នុងការបង្កើនល្បឿននៃការជំរុញបរិវត្តកម្មរដ្ឋាភិបាល ឌីជីថល ក្រោមយន្តការនៃការដឹកនាំសម្របសម្រួលនិងអនុវត្តរបស់រាជរដ្ឋាភិបាល។
ជាមួយគ្នានេះ ឯកឧត្តម ជា វ៉ានដេត បានលើកទឹកចិត្តដល់អង្គសន្និបាតទាំងមូល ចូលរួមពិភាក្សាឱ្យបានផុលផុស ដោយផ្តោត ជាពិសេសលើការកំណត់អាទិភាពនៃទិសដៅការងារ និងគោលដៅជាយុទ្ធសាស្ត្រ និងរិះរកដំណោះស្រាយ ប្រកបដោយប្រសិទ្ធភាពខ្ពស់និងដែលអាចអនុវត្តបានទៅលើបណ្តាបញ្ហាប្រឈមដែលកើតមាន សំដៅសម្រួច វិធានការការងារជាក់ស្តែងក្រោមក្របខណ្ឌនៃការងារកែទម្រង់និងការពង្រឹងអភិបាលកិច្ច ការងារវិស័យប្រៃសណីយ៍ ការងារវិស័យទូរគមនាគមន៍ ការងារវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននិងវិស័យឌីជីថល និងការងារ ជំរុញការចាប់យកឌីជីថល និងការលើកកម្ពស់មូលធនឌីជីថល៕








