សមត្ថកិច្ចខេត្តព្រះវិហារ ចុះបង្ក្រាបទីតាំងអាជីវកម្មរ៉ែមាសខុសច្បាប់មួយកន្លែង នៅក្នុងស្រុករវៀង

0

ខេត្តព្រះវិហារ៖ កម្លាំងសមត្ថកិច្ចចម្រុះខេត្តព្រះវិហារ ដែលដឹកនាំបញ្ជាដោយ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត លោក ស្រេង វុទ្ធា នៅថ្ងៃទី១១កុម្ភៈ២០២៥ បានចុះពិនិត្យទីតាំងអាជីវកម្មរ៉ែមាសអាណាធិបតេយ្យ ១កន្លែង ស្ថិតនៅភូមិភ្នំដែក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។

ជុំវិញការបង្ក្រាបទីតាំងអាជីវកម្មរ៉ែមាសខុសច្បាប់នោះ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តព្រះវិហារ លោក ស៊ុន ចន្ទ័រក្សា បានឱ្យដឹងថា សមត្ថកិច្ចជំនាញបានសហការជាមួយកម្លាំងចម្រុះ ចុះបង្ក្រាបទីតាំងជីកយករ៉ែមាសដោយខុសច្បាប់ ក្រោមការដឹកនាំ និងសម្របសម្រួលពី លោក ស្រេង វុទ្ឋា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ សហការជាមួយកងកម្លាំងអាវុធហត្ថខេត្ត បានចុះទៅត្រួតពិនិត្យមើលការជីកយករ៉ែមាស ដោយខុសច្បាប់នៅចំណុចទីតាំងខាងលើ។

លោកប្រធានមន្ទីររ៉ែ និងថាមពលខេត្ត បានបន្តថា នៅក្នុងប្រតិបត្តិការនោះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបរ៉ែមាស ១រណ្តៅ និងកម្ទេចចោលរោងស្នាក់នៅរបស់កម្មករ ៣រោង មាន ៦បន្ទប់, អាងត្រាំគីមី ១៥ម៉ែត្រx២០ម៉ែត្រ ២អាង និយាមការ X=499202; Y=1473716 ក្រុមការងារបានកាយបំផ្លាញរណ្ដៅរ៉ែមាសចំនួន ២ ដើម្បីចាត់ការបន្តតាមនិតិវិធី។

លោក ស៊ុន ចន្ទ័រក្សា បានឱ្យដឹងទៀតថា កន្លងមក មន្ទីរជំនាញសហការជាមួយអាជ្ញាធរស្រុករវៀង តែងតែចុះផ្សព្វផ្សាយហាមប្រាមប្រជាពលរដ្ឋ កុំឱ្យនាំគ្នាជីករ៉ែមាសដែលមានរណ្តៅជ្រៅៗ អាចបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិត។ លោកថា ប្រសិនជាជីកយករ៉ែមាសត្រឹមរណ្តៅរាក់ ឬបាញ់ឈីត អាជ្ញាធរ និងមន្ទីរជំនាញមិនហាមឃាត់នោះទេ ពីព្រោះជាឆ្នាំងបាយរបស់ពលរដ្ឋ។

នៅក្នុងការលបលួចធ្វើអាជីវកម្មជីករុករករ៉ែមាសនោះ គេសង្កេតឃើញថា មានរណ្តៅរ៉ែមាសខ្លះមានជម្រៅរហូតដល់ទៅ ៥០ ឬ ១០០ម៉ែត្រ ក៏មាន។ រណ្តៅជ្រៅៗបែបនេះនាំឱ្យមានគ្រោះថ្នាក់រហូតបាត់បង់ជីវិតមនុស្សថែមទៀត អាស្រ័យហេតុនេះ មន្ទីរជំនាញ និងអាជ្ញាធរក៏គួរធ្វើការហាមឃាត់ ឬ ទប់ស្កាត់ ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ៕ដោយ៖ឡុង សំបូរ