ប្រជាពលរដ្ឋ ជនចាស់ជរា និងជនមានពិការភាព ១០០គ្រួសារ នៅខេត្តស្ទឹងត្រែង ទទួលបានអំណោយពីរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច

0

ខេត្តស្ទឹងត្រែង៖ ប្រជាពលរដ្ឋ ដូនចាស់ជរា និងជនមានពិការភាព ១០០គ្រួសារ នៅក្នុងសង្កាត់៣ នៃក្រុងស្ទឹងត្រែង គឺ សង្កាត់ស្ទឹងត្រែង សង្កាត់ព្រះបាទ និងសង្កាត់ស្រះឬស្សី  ទទួលបានអំណោយសង្គមកិច្ច ដែលធ្វើឡើងក្រោមអធិបតីភាព  ឯកឧត្ដម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុណ ក្រោមការរៀបចំរបស់មន្ទីរសង្គមកិច្ចខេត្ត នារសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅក្នុងបរិវេណសាលាសង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។

ពិធីសំណេះសំណាល និងការផ្តល់អំណោយសង្គមកិច្ចនៅពេលនោះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត ប្រតិភូអមដំណើរ អភិបាលក្រុង ស្រុក ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត មន្ត្រីពាក់ព័ន្ធ សាខាមូលនិធិជាតិជំនួយសង្គម សាខាមូលនិធិជនពិការ រួមទាំងមេឃុំ-សង្កាត់ ផងដែរ។

អំណោយសង្គមដែលជាជំនួយរបស់ ឯកឧត្ដម ជា សុមេធី និងលោកជំទាវ ជា ផល្គុណ ដែលជនមានពិការភាពទាំង ១០០គ្រួសារ ទទួលបាននៅពេលនោះ រួមមាន៖ អង្ករ ១បេ មី ១កេស ត្រីខកំប៉ុង ១យួរ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ អំបិល ១កញ្ចប់ ស្ករស ១កញ្ចប់ និងថវិកាមួយចំនួន ផងដែរ។

រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្ដម ជា សុមេធី បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពី សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ជូនចំពោះជនមានពិការភាព និងជនងាយរងគ្រោះទាំងអស់ថា សម្តេចនៅតែគិតគូពីភាពសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូន លោកយាយ និងលោកតាជានិច្ច។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា ដើម្បីសម្រេចបានជោគជ័យក្នុងការអនុវត្តការងារបន្ត ប្រធាន-អនុប្រធាន និងថ្នាក់ដឹកនាំនៃសាខាមូលនិធិជាតិជំនួយសង្គម ដែលទើបតែងតាំងថ្មី ត្រូវរួមសហការគ្នាដឹកនាំ សាខាមូលនិធិជាតិជំនួយសង្គមឱ្យបានល្អ នៅក្នុងការដោះស្រាយបញ្ហានៅក្នុងអង្គភាព ក៏ដូចជាការដោះបញ្ហាជូនប្រជាពលរដ្ឋ ត្រូវដឹងពីសុខទុក្ខលំបាករបស់មន្ត្រីក្រោមឱវាទ ត្រូវចេះប្រមូលកម្លាំងដឹកនាំ ចេះប្រើចំណុចខ្លាំងរបស់មន្ត្រី ដើម្បីឱ្យពួកគេចូលរួមជួយអង្គភាពបានល្អប្រសើរ។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា ចំពោះមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត សាខាមូលនិធិជាតិជំនួយសង្គម សាខាមូលនិធិជនពិការ និងអង្គភាពក្រោមឱវាទ ត្រូវសហការគ្នាបន្តយកចិត្តទុកដាក់ និងពង្រឹងការអនុវត្តការងាររបស់ខ្លួនបន្ថែមទៀត ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងពង្រឹងកិច្ចសហការល្អជាមួយរដ្ឋបាលខេត្ត ស្រុក ក្រុង ឃុំ-សង្កាត់ មន្ទីរ និងអង្គភាពជុំវិញខេត្តឱ្យបានល្អ។

ឯកឧត្តម ជា សុមេធី បានជំរុញឱ្យមន្ទីរសង្គមកិច្ចខេត្ត ត្រូវកំណត់អត្តសញ្ញាណកម្មជនមានពិការភាព ការចុះឈ្មោះជនមានពិការភាព និងក្រុមគោលដៅពាក់ព័ន្ធ ចូលរួមក្នុងកម្មវិធីជាតិជំនួយសង្គម ក្នុងកញ្ចប់គ្រួសារឱ្យបានឆាប់រហ័ស ព្រមទាំងជំរុញកិច្ចសហការល្អជាមួយក្រុមហ៊ុន គ្រឹស្ថានឯកជន ដែលមានកាតព្វកិច្ចជនមានពិការភាពឱ្យចូលបម្រើការងារ ស្របតាមច្បាប់ជាធរមាន។

ឯកឧត្ដម ជា សុមេធី បានស្នើដល់អ្នកពាក់ព័ន្ធទាំងអស់ ចូលរួមដោះស្រាយបញ្ហាជនអនាថា បញ្ហាស្តារនីតិសម្បទា អ្នកញៀនគ្រឿងញៀន ដោះស្រាយក្រុមជនរងគ្រោះ និងងាយរងគ្រោះផ្សេងៗទៀត ឱ្យបានកាន់តែល្អប្រសើរថែមទៀត ដើម្បីសង្គមកម្ពុជាទាំងមូល៕ដោយ៖ឡុង សំបូរ