ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្ដម ហ៊ុន ម៉ានី ចុះពិនិត្យព្យាបាលជំងឺ ជូនប្រជាពលរដ្ឋនៅខេត្តកែប

0

ខេត្តកែប៖ នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅសាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន ដំណាក់ចង្ហើរ  សង្កាត់ព្រៃធំ  ក្រុងកែប ខេត្តកែប។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព  ឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ ជាសមាជិកគណ:អចិន្ត្រៃយ៍គណ:កម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី និងលោក ប៊ុន យោង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និងបានការអញ្ជើញចូលរួមពី មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធិកម្ពុជា សកម្មជនក្រុមការងារយុវជន
គ្រូពេទ្យស្ម័គ្រចិត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ក្នុងមតិស្វាគមន៍ លោក ប៊ុន យោង អភិបាលរងខេត្ត បានថ្លែងអំណគុណ និង កោតសរសើរ ដល់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនាឱកាសពេលនេះ។
លោក បន្ថែមថា នេះគឺជាការយកចិត្តទុកដាក់យ៉ាងធំធេង របស់រាជរដ្ឋាភិបាលដែលលោកតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ក្នុងនោះវិស័យសុខាភិបាលក៏ត្រូវបានពង្រឹង និងយកចិត្តទុកដាក់ខ្លាំងពីថ្នាក់ដឹកនាំផងដែរ។
ដោយមើលឃើញពីផលលំបាករបស់ប្រជាពលរដ្ឋ ក្នុងការទទួលសេវាសុខភាព រាជរដ្ឋាភិបាល បានកសាងមន្ទីរពេទ្យរដ្ឋ គ្រប់ខេត្ត ក្រុង ស្រុក និងបង្កើតអោយមានមណ្ឌលសុខភាព នៅតាម ភូមិ ឃុំ សង្កាត់ ទន្ទឹមនោះ រាជរដ្ឋាភិបាល បានអនុញាតអោយមានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដើម្បីចល័តចុះមកព្យាបាលជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដាក់ស្តែងថ្ងៃនេះ សកម្មភាពក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បានផ្តលនៅផលប្រយោជន៍លើផ្នែកសុខភាពរបស់ប្រជាពលរដ្ឋ ដែលគាត់ពិបាកក្នុងការធ្វើដំណើរទៅទទួលសេវាព្យាបាលនៅតាមមន្ទីរពេទ្យនានា។

ឯកឧត្តម លេង ផាលី មានប្រសាសន៍លើកឡើងថា៖ សកម្មភាពមនុស្សធម៌នាពេលនេះ គឺកើតចេញពីការឧបត្ថម្ភគាំទ្រ និងការចង្អុលបង្ហាញដោយផ្ទាល់ពីសំណាក់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី លោកតែងតែខ្វល់ខ្វាយគិតគូរ និងរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋដែលជួបការលំបាកគ្រប់ពេលវេលា។
ឯកឧត្តមបន្តថា ការចុះពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធដែលស្តែងចេញពី សេចក្តីស្រឡាញ់បងប្អូនប្រជាពលរដ្ឋក្នុងនាមជាឈាមជ័រខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយអនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងបង្កើនភាពសុខដុមរមនាក្នុងសហគមន៍ តាមរយៈការផ្ដល់សេវាសុខភាពសាធារណៈដោយឥតគិតថ្លៃ៕ សេង ណារិទ្ធ