ខេត្តកែប: ឯកឧត្តម អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្តកែប និងលោកស្រី អ៊ុល ភីរុណ អភិបាលខេត្តស្តីទី អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខេត្ត លើកទី៩ អាណត្តិទី៤ ឆ្នាំ២០២៥ នារសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥នេះ។
កិច្ចប្រជុំនេះ ក៏មានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោក លោកស្រី ជាអភិបាលរងខេត្ត នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយិកា ទីចាត់ការអង្គភាពចំណុះសាលាខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ និងមន្ត្រីព័ត៌មានរដ្ឋបាលខេត្តផងដែរ។
កិច្ចប្រជុំសាមញ្ញលើកទី៩ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកែប មានរបៀប វារៈចំនួន៥រួមមាន៖
១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៨ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤។
២-ពិនិត្យ និងអនុម័តសេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មការរៀបចំគម្រោងខេត្តប្រចាំឆ្នាំ២០២៥។
៣-សេចក្តីព្រាងរបាយការណ៍ស្ដីពីសកម្មភាពសំខាន់ៗដែលបានអនុវត្តន៍ដោយគណៈអភិបាលខេត្តក្នុង ចន្លោះកិច្ចប្រជុំសាមញ្ញលើកទី៨ ដល់កិច្ចប្រជុំសាមញ្ញលើកទី៩ របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៤។
៤-ពិនិត្យ និងអនុម័តលើសេចក្ដីព្រាងរបាយការណ៍បូកសរុបលទ្ឋផលការងារប្រចាំ ខែកុម្ភៈ ឆ្នាំ ២០២៥ និងលើកទិសដៅការងារខែបន្ទាប់ របស់រដ្ឋបាលខេត្ត។
៥-បញ្ហាផ្សេងៗ។
ឯកឧត្ដម អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្តនឹងជាប្រធានអង្គប្រជុំ បានលើកឡើងថា៖ ទន្ទឹមនឹងការអនុវត្តសម្រេចបាននូវលទ្ធផលល្អ ក៏នៅមានចំណុចខ្វះខាតមួយចំនួនដែលគ្រប់មន្ទីរ អង្គភាព ស្ថាប័នមួយចំនួនត្រូវតែកែតម្រូវ និងបំពេញអោយមានភាពពេញលេញ និងគ្រប់ជ្រុងជ្រោយ ក្នុងការឆ្លើយតបតាមតម្រូវការនៃការអភិវឌ្ឍ សេដ្ឋកិច្ចរបស់ខេត្តនាពេលបច្ចុប្បន្ន ដោយឈរលើចក្ខុវិស័យ និងទិសដៅអភិវឌ្ឍន៍របស់រដ្ឋបាលខេត្ត សម្រាប់ជាមូលដ្ឋានក្នុងការអនុវត្តការងារឆ្នាំ២០២៥ ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។
ជាមួយគ្នានេះ ឯកឧត្ដម ប្រធានអង្គប្រជុំ ក៏បានណែនាំដល់មន្ទីរអង្គភាពពាក់ព័ន្ធ ត្រូវខិតខំប្រឹងប្រែង ការពារសន្តិសុខ សុវត្ថិភាពសាធារណៈជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ បរទេស ដែលមកលេងកំសាន្តនៅខេត្តកែប សំខាន់នោះគឺសុខសុវត្ថិភាព សម្រាប់កម្មវិធីរត់ ពាក់កណ្តាលម៉ារ៉ាតុង នាថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ខាងមុខនេះ៕ សេង ណារិទ្ធ