ប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានថ្លែងថា៖ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រី និងក្មេងស្រី នៅគ្រប់វិស័យជាអាទិភាព។ ការលើកឡើងរបស់ លោកជំទាវបណ្ឌិត បាន ស្រីមុំ នាឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ ក្នុងឱកាសអបអរសាទរខួបលើកទី១១៤ នៃទិវាអន្តរជាតិ០៨ មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ (សិទ្ធិ សមភាពនិងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប) នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ នៅបរិវេណមន្ទីរកិច្ចការនារីខេត្តប៉ៃលិន ។
ក្នុងឱកាសនេះលោកជំទាវបណ្ឌិត បាន ស្រីមុំ បានថ្លែងថា៖ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកកម្ពស់ សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រី និងក្មេងស្រី នៅគ្រប់វិស័យជាអាទិភាព នៅក្នុងរបៀបវារៈគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ តាមរយៈការពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្នដែលនៅក្នុងនោះ (ស្ត្រីគឺជាស្នូល) តាមរយៈការបង្កើនការវិនិយោគលើសមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រីនៅក្នុងវិស័យសេដ្ឋកិច្ច អប់រំ សុខភាព និងការដឹកនាំសាធារណៈ ដើម្បីទាញយកអត្ថប្រយោជន៍ពីភាគលាភយេនឌ័របង្ក លក្ខណៈអំណោយផលដល់ស្ត្រីក្នុងការប្រើប្រាស់សិទ្ធិលើការសម្រេចចិត្តអំពី ផែនការគ្រួសារកាត់បន្ថយ ភាពងាយរងគ្រោះដោយអំពើហិង្សាទាក់ទង នឹងយេនឌ័រលើស្ត្រី និងក្មេងស្រី។ លោកជំទាវបណ្ឌិត អភិបាលខេត្តប៉ៃលិន បានបន្តទៀតថា៖ ការពង្រឹងភាពជាអ្នកដឹកនាំរបស់ស្ត្រី និងក្មេងស្រី ការធ្វើបរិវត្តកម្មផ្នត់គំនិត យេនឌ័រ និងការពង្រឹងការតាមដានត្រួតពិនិត្យ និងវាយតម្លៃ។ ពង្រឹងភាពអង់អាច ដល់ស្ត្រី និងក្មេងស្រីតាមរយៈកម្មវិធី និងយុទ្ធសាស្ត្រអាទិភាពមាន÷ លើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងទប់ស្កាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ។ អនុវត្តរបៀបវារៈនិងផែនការសកម្មភាពជាតិ ស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ។ លើកកម្ពស់កិច្ចគាំពារសង្គមដែលឆ្លើយតបនឹងយេនឌ័រ ការងារសមរម្យនិងកន្លែងដែលមានមេត្រីភាពសម្រាប់ស្ត្រី និងការថែទាំសុខភាពឆ្ពោះទៅកម្មវិធីគ្របដណ្តប់ជាសកលសំដៅធានាឱ្យប្រជាពលរដ្ឋគ្រប់រូបទទួលបានដោយសមធម៌។ ពង្រឹងភាពអង់អាចដល់ស្ត្រីក្នុងសេដ្ឋកិច្ចឌីជីថលសហគ្រិនភាពការអភិវឌ្ឍជំនាញសេដ្ឋកិច្ច គិតគូរពីសុខុមាលភាពអភិវឌ្ឍបៃតងការប្រែប្រួលអាកាសធាតុព្រមទាំងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ច ប្រកបដោយបរិយាបន្ន។ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានផ្ដាំផ្ញើ និងសំណូមពរ ដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ អង្គការសង្គមស៊ីវិល យកចិត្តទុកដាក់ការងារបញ្ជៀបយេនឌ័រ ដែលបានកំណត់នៅ ក្នុងផែនការយុទ្ធសាស្ត្រនារីរតនៈទី៦ មានក្របខ័ណ្ឌច្បាប់ក្នុងការពង្រឹងសមត្ថភាព និងរចនាសម្ព័ន្ធស្ថាប័ន ក៏ដូចជាវិធានការជាក់លាក់ក្នុងការលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យទាំង៦ធំៗមាន÷ ១-ការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចរបស់ស្ត្រី។ ២-ការលើកកម្ពស់សីលធ៌មសង្គមតម្លៃស្ត្រីនិងគ្រួសារខ្មែរ។ ៣-ការលើកកម្ពស់សុខភាពរបស់ស្ត្រីនិងក្មេងស្រី។
៤-កិច្ចការពារផ្លូវច្បាប់សម្រាប់ស្ត្រីនិងក្មេងស្រី។ ៥- ស្ត្រីក្នុងភាពជាអ្នកដឹកនាំនិងអភិបាលកិច្ច។ ៦-ស្ត្រីនិងការប្រែប្រួសអាកាសធាតុ៕អត្ថបទ ភ្នំខៀវ ប៉ៃលិន