លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត ផ្ញើរសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះមរណៈភាពលោកឧត្តមសេនីយ៍ត្រី ប៊ុន ណាត ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្ដឧត្ដរមានជ័យ

0

(ឧត្ដរមានជ័យ)៖ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត ព្រមទាំងមន្រ្តីនគរបាលក្រោមឱវាទ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះមរណៈភាពរបស់ លោកឧត្តមសេនីយ៍ត្រី ប៊ុន ណាត ស្នងការរង ដែលបានទទួលមរណៈភាព ដោយជំងឺរោគាពាធ នៅវេលាម៉ោង ០៦:៤០នាទីព្រឹក ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៥៧ឆ្នាំ ។

ចំពោះសព លោក ឧត្តមសេនីយ៍ត្រី ប៊ុន ណាត ត្រូវបានតម្កល់នៅគេហដ្ឋាននៃសព ស្ថិតនៅភូមិគោលថ្មី សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ដើម្បីរៀបចំពិធីបុណ្យទៅតាមប្រពៃណី ទំនៀម ទម្លាប់នៃព្រះពុទ្ធសាសនា ។

មរណភាពរបស់ លោកឧត្តមសេនីយ៍ត្រី ប៊ុន ណាត គឺជាការបាត់បង់នូវកូន បង ប្អូន ស្វាមី និង ឪពុកជាទីស្រលាញ់ ប្រកបដោយព្រហ្មវិហារធម៌ និងការបាត់បង់នូវនាយនគរបាលជាតិដ៏ឆ្នើមមួយរូប ដែល ធ្លាប់មានស្នាដៃ និងគុណបំណាច់ក្នុងការចូលរួមការពាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិ ភាពជូនសង្គមជាតិ ។

ក្នុងឱកាសដ៏សែនក្រៀមក្រំនេះ តាងនាមថ្នាក់ដឹកនាំ នាយ,នាយនគរបាលរង មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ សូមចូលរួមសម្តែងនូវក្តីសោកស្តាយ អាឡោះអាល័យ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ជាមួយក្រុមគ្រួសារ ព្រមទាំងបងប្អូនកូនក្មួយញាតិមិត្ត ទាំងអស់នៃសព ដោយក្តីក្តុកក្តួលជាទីបំផុត និងសូមលំឱនកាយ ឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមជួយពាំនាំដូងវិញ្ញាណក្ខន្ធ លោកឧត្តមសេនីយ៍ត្រី ប៊ុន ណាត ទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ៕ដោយ៖ភ្នំដងរ៉ែក