ប្រជាពលរដ្ឋ រងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន ៣៤ខ្នងផ្ទះ និងរោងបន្លែសុវត្ថិភាពមួយខ្នង ក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ

0

បន្ទាយមានជ័យ៖បងប្អូនប្រជាពលរដ្ឋ រងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន ៣៤ខ្នងផ្ទះ រោងបន្លែសុវត្ថិភាពមួយខ្នង ត្រូវបានលោក ឃ្លោក នួយ អភិបាលរងខេត្ត តំណាងឲ្យឯកឧត្ត អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំក្រុមការងារ
កងកម្លាំងទាំងបីប្រភេទជួយជួសជុលផ្ទះប្រជាពលរដ្ឋ និងបាននាំយកជាស័ង្កសីចំនួន ៣២០សន្លឹក ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ស្ថិតក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥។

នាឱកាសនោះលោក ឃ្លោក នួយ អភិបាលរងខេត្ត ក៏បានចូលរួមសម្តែងក្តីសោកស្តាយ ចំពោះបាតុភូតគ្រោះធម្មជាតិ ខ្យល់កន្ត្រាក់ ធ្វើឱ្យប៉ះពាល់ដល់ផ្ទះសំបែង ទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋ។ ជាវិធានការលោក ក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិខ្យល់កន្ត្រាក់ រន្ទះបាញ់ ដែលតែងតែកើតមានជារៀងរាល់ឆ្នាំ ក្នុងករណីអាកាសធាតុមិនសូវស្រួល ត្រូវរកកន្លែងមានសុវត្ថិភាព ជាពិសេសកុំជ្រកក្រោមដេីមឈេី ឬនៅក្បែរបង្គោលភ្លេីង ក្នុងពេលអាកាសធាតុរកកលចង់ភ្លៀង។

សូមបញ្ជាក់ថា នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ មានភ្លៀងធ្លាក់លាយលំនឹងខ្យល់កន្រ្តាក់ដែលបានប៉ះពាល់ស្រុកភ្នំស្រុក បណ្ដាលឱ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន៣៤ខ្នងផ្ទះ ចំនួន ៤ឃុំ រួមមាន ឃុំប៉ោយចារ ចំនួន ១៧ខ្នងផ្ទះ ទទួលបានស័ង្កសីចំនួន ១០៨សន្លឹក ឃុំស្រះជីក ចំនួន ១១ខ្នងផ្ទះ ទទួលបានស័ង្កសីចំនួន ១៤៥សន្លឹក ឃុំភ្នំដី ចំនួន ៤ខ្នងផ្ទះ ទទួលបានសង្ក័សីចំនួន ៥៥សន្លឹក និងឃុំពន្លៃ ចំនួន ២ខ្នងផ្ទះ ទទួលបានសង្ក័សីចំនួន ១២សន្លឹក និងរោងបន្លែ១កន្លែងផងដែរ៕ដោយ៖ឃិន គន្ធា