ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត និងអាជ្ញាធរខេត្តព្រះវិហារ ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋជាង ១០០គ្រួសារ ដែលបានជម្លៀសទៅកាន់តំបន់សុវត្ថិភាព

0

ខេត្តព្រះវិហារ៖ អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច នៃក្រសួងការពារជាតិ និងជាមេបញ្ជាការរងកងទ័ពជើងគោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ,សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែ ,សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ​នៅថ្ងៃទី៣០ឧសភា២០២៥ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួង រួមទាំងអាជ្ញាធរខេត្តព្រះវិហារ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋ ១១៩គ្រួសារ ដែលបានជម្លៀសទៅកាន់តំបន់សុវត្ថិភាព នៃមណ្ឌលសុវត្ថិភាពតាកឹង​ ស្ថិតក្នុងភូមិតាកឹង ឃុំថ្មី ស្រុកគូលែន ក្រោយពីមានការប៉ះទង្គិចគ្នាជាមួយទាហានថៃ កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅតំបន់មុំបី នៃស្រុកជាំក្សាន្ត ។

ខណៈមានការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធ រវាងក្រុមទាហានថៃ និងកងទ័ពកម្ពុជា ប្រជាពលរដ្ឋចំនួន ២ភូមិ គឺ ភូមិតេជោមរកត និងភូមិសែនតេជៈ ស្ថិតក្នុងឃុំមរកត នៃស្រុកជាំក្សាន្ត បានបង្ខំចិត្តនាំក្រុមគ្រួសារចាកចេញពីផ្ទះសម្បែង ដីស្រែចម្ការ និងមុខរបរការរកទទួលទានរបស់ខ្លួន ដោយសារតែមានការភ័យខ្លាច និងព្រួយបារម្ភពីការប្រឈមមុខដាក់គ្នា រវាងទាហានថៃ និងកងទ័ពកម្ពុជា ដែលបច្ចុប្បន្ន ពួកគាត់កំពុងស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាពតាកឹង ស្ថិតក្នុងភូមិតាកឹង ឃុំថ្មី ស្រុកគូលែន ។

អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច នៃក្រសួងការពារជាតិ ឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន, សម្ដេចធិបតី ហ៊ុន ម៉ាណែត, ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ, ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ជាច្រើនទៀត បានខិតខំប្រឹងប្រែងធ្វើការជាមួយភាគីមិត្ត ដើម្បីដោះស្រាយបញ្ហាដោយសន្តិវិធី និងរក្សាការអត់ធ្មត់ ដើម្បីបញ្ចៀសការប្រឈមមុខដាក់គ្នា ព្រមទាំងធានារក្សាព្រំដែនសន្តិភាព។

ស្របពេលជាមួយគ្នានោះ ឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានធ្វើការផ្សព្វផ្សាយពីលទ្ធផលវិជ្ជមាន នៃកិច្ចប្រជុំទ្វេភាគី រវាងឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ និងមេបញ្ជាការកងទ័ពជើងគោកថៃ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ជូនដល់ប្រជាពលរដ្ឋ និងក្រុមគ្រួសារកងទ័ព ផងដែរ។ ឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានលើកទឹកចិត្តប្រជាពលរដ្ឋ ឱ្យវិលត្រឡប់ទៅកាន់លំនៅដ្ឋានរៀងៗខ្លួនវិញ ដើម្បីមើលថែផ្ទះសម្បែង ស្រែចំការ ការបង្កបង្កើនផល និងការប្រកបរបររកទទួលទាន ហើយកូនៗអាចបន្តការសិក្សាបានជាធម្មតាឡើងវិញ ផងដែរ៕ដោយ៖ឡុង សំបូរ