ផ្លូវបេតុងនិងកៅស៊ូថ្មី៦ខ្សែរបស់ស្រុកទឹកឈូជួយលើកកម្ពស់វិស័យកសិកម្មទេសចរណ៍និងសេដ្ឋកិច្ចគ្រួសារពលរដ្ឋ

0

ខេត្តកំពត់៖ អាជ្ញាធរស្រុកទឹកឈូបានបញ្ជាក់ថា សមិទ្ធផលផ្លូវបេតុង និងកៅស៊ូថ្មី ចំនួន៦ខ្សែបានស្ថាបនាស្ទើររួចរាល់១០០%ហើយ ខណៈផ្លូវបេតុង១ខ្សែទៀត តភ្ជាប់ពីក្រុងកំពតទៅកំពង់ផែទេសចរណ៍អន្តរជាតិកំពុងពន្លឿនការស្ថាបនា។ តាមរយៈផ្លូវទាំងអស់នេះនឹងជួយកែប្រែមុខមាត់ថ្មីរបស់ស្រុក លើកកម្ពស់សល់វិស័យកសិកម្ម ទេសចរណ៍ និងសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋក្នុងសហគមន៍ និងនៅទូទាំងខេត្តកំពត។

អភិបាលស្រុកទឺកឈូ លោក អ៊ឹម ច័ន្ទសោធន បានប្រាប់ឲ្យដឹងនៅព្រឹថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥នេះថា ស្រុកទឹកឈូដែលជាស្រុកមានសក្តានុពលលើវិស័យជាច្រើន ពិសេសវិស័យទេសចរណ៍ និងកសិកម្មខ្លាំងជាងគេនោះ ពេលនេះកំពុងតែប្រែប្រួលមុខមាត់ថ្មីមួយកម្រិតទៀត ដោយសារសមិទ្ធផលផ្លូវបេតុង និងកៅស៊ូ៦ខ្សែ សាងសង់ស្ទើររួច១០០% បង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរ ការដឹកជញ្ជូនកសិផល និងតភ្ជាប់តំបន់ទេសចរណ៍មួយទៅតំបន់ទេសចរណ៍ជាច្រើន ពិសេសតំបន់កសិ-ទេសចរណ៍របស់ស្រុកទឹកឈូ។ លោករំពឹងថាផ្លូវស្អាត នឹងអាចទាក់ទាញភ្ញៀវបានកាន់ច្រើន ហើយប្រជាពលរដ្ឋនឹងជីវភាពរស់នៅកាន់តែប្រសើរឡើង។

លោកអភិបាលស្រុកទឹកឈូបានថ្លែងអំណរគុណដល់ក្រសួង មន្ទីរជំនាញពាក់ព័ន្ធ អង្គការដៃគូ និងសម្បុរសជន ពិសេសឯកឧត្តមអភិបាលខេត្ត ដែលបានជួយគាំទ្រ និងផ្តល់នូវគម្រោងផ្លូវថ្នល់ និងគម្រោងផ្សេងៗទៀតដល់ស្រុកទឹកឈូ។ លោកក៏បានស្នើដល់ប្រជាពលរដ្ឋ ឲ្យចូលរួមថែរក្សាការពារផ្លូវ ពិសេសការអនាម័យ បរិស្ថាន ឲ្យបានស្អាត ដើម្បីទាក់ទាញទេសចរមកលេងកម្សាន្តកាន់តែច្រើន។

បើតាមការបញ្ជាក់ថារបស់លោកអភិបាលស្រុក កញ្ចប់ទស្សនកិច្ច “ជិះកង់ដើម្បីសុខភាព” នឹងផ្តល់ជូនសេវាជិះកង់កម្សាន្តដោយឥតគិតថ្លៃដល់ភ្ញៀវទេសចរ។ ក្នុងនោះភ្ញៀវអាចមកទទួលសេវាជិះកង់កម្សាន្តនេះនៅសាលាស្រុក ដើម្បីជិះឆ្ពោះទៅកម្សាន្តតាមតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រនានា និងតំបន់កសិ-ទេសចរណ៍របស់ស្រុក ចាប់ពីថ្ងៃទី១០ ខែមិថុនា នេះតទៅ៕ សេង ណារិទ្ធ