ខេត្តកំពត: កសិករ និងអាជ្ញាធរភូមិបើន ឃុំល្អាង ស្រុកដងទង់ បានឲ្យដឹងថា ពីមុនអ្នកប្រកបរបរដាំបន្លែជាង២០គ្រួសារ ប៉ុន្តែដោយសារកង្វះបច្ចេកទេសថែទាំ ការប្រើទឹក ប្រើជី ប្រើថ្នាំសម្លាប់សត្វល្អិតជាដើម ធ្វើឲ្យបន្លែទទួលបានផលតិច អ្នកខ្លះខាតរត់ចោលស្រុក អ្នកខ្លះប្តូរមុខរបរ។ បច្ចុប្បន្នកសិករក្នុងភូមិសល់តែ៥គ្រួសារប៉ុណ្ណោះនៅបន្តដាំ។ ពួកគាត់ស្នើដល់មន្ត្រីជំនាញ ឲ្យជួយផ្តល់បច្ចេកទេសថែទាំ និងយុទ្ធសាស្ត្រនៃការដាំដុះដើម្បីជំរុញទីផ្សារលក់។
អនុប្រធានភូមិបើន ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត លោក អូក រី បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ថា គាត់ទើបដាំបន្លែបានប្រមាណ៤ឆ្នាំ តែការដាំមិនបានផលល្អទេ ដោយសារមិនមានបច្ចេកទេសប្រើប្រាស់ជី ទាំងជីធម្មជាតិ និងជីគីមី ម្យ៉ាងសត្វល្អិតបំផ្លាញច្រើន ពិសេសចៃលោត និងដង្កូវយោលទោង ។ លោកបន្តថាពីមុន កសិករដាំបន្លែក្នុងភូមិជាង២០គ្រួសារ ឥឡូវសល់តែបួន ឬប្រាំគ្រួសារប៉ុណ្ណោះ ក្រៅពីនោះ សុទ្ធតែអ្នកចំណូលថ្មីមកដាំបន្លែ តែគេមិនប្រាប់បច្ចេកទេសដល់កសិករក្នុងភូមិដែរ ។ លោកស្នើដល់មន្ត្រីជំនាញកសិកម្មជួយចុះមកពិនិត្យ និងផ្តល់បច្ចេកទេសដាំ និងថែទាំដល់កសិករផង។
ចំណែកអ្នកដាំបន្លែង២រូបផ្សេងទៀត ដែលមានបទពិសោធន៍ច្រើនឆ្នាំ ពួកគាត់បានបញ្ជាក់ដែរថា ពួកគាត់ក៏មិនទាន់មានបច្ចេសត្រឹមត្រូវច្បាស់លាស់ប៉ុន្មានដែរ ការដាំបន្លែ និងប្រើប្រាស់ជី ទៅតាមតែចិត្តនឹកឃើញ ហើយភាគច្រើនបន្លែខូច ។ ម្យ៉ាង សារណាដាំបានល្អ ទីផ្សារធ្លាក់ថោក ខាតអត់រួចថ្លៃជី អ្នកខ្លះរត់ចោលស្រុកក៏មាន។ ពួកគាត់ត្រូវការជំនួយបច្ចេកទេសប្រើប្រាស់ជី គ្រាប់ពូជ និងយុទ្ធសាស្ត្រនៃការដាំដុះដើម្បីជំរុញទីផ្សារលក់ ឲ្យបានតម្លៃល្អ។
បើតាមការបញ្ជាក់របស់លោកអនុប្រធានភូមិបើន ថាកសិករសប្បាយចិត្តឲ្យតែដឹងបច្ចេកទេសដាំដុះ ថែទាំត្រឹមត្រូវ ទោះតម្លៃឡើងឬចុះយ៉ាងណា ក៏នៅអាចលៃលកដាំបន្តបានព្រោះដីខ្លួនឯង ហើយថ្ងៃក្រោយភូមិបើននេះ អាចឈានទៅចង់ក្រងជាបណ្តុំ ឬជាសហគមន័ដាំបន្លែមួយបាន តែសូមឲ្យមានការជួយជ្រោមជ្រែងពីមន្ត្រីជំនាញកសិកម្ម និងអាជ្ញាធរពាក់ព័ន្ធ៕ សេង ណារិទ្ធ