ខេត្តកែបចូលរួមអបអរសាទរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក នៅឆ្នេរអង្កោល ក្រោមប្រធានបទប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក

0

ខេត្តកែប: ក្នុងទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ដែលប្រារព្ធធ្វើឡើងនៅឆ្នេរអង្កោល ខេត្តកែប នៅព្រឹកថ្ងៃទី៥ ខែម៨ថុនា ឆ្នាំ២០២៥នេះ យ៉ាងហោចណាស់មានមនុស្សចូលរួមប្រហែលជាង៦០០នាក់ ដោយទិវានេះធ្វើឡើង ក្រោមប្រធានបទប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក។

ទិវានេះបានប្រព្រឹត្តិទៅ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប និងបានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ​ លោក​ លោកស្រី​ ថ្នាក់ដឹកនាំ​ខេត្ត​ មន្ទីរអង្គភាព កងកម្លាំងប្រដាប់អាវុធទាំង៣ ក្រុមយុវជន សិស្សានុសិស្ស និងអាជីវករប្រមាណជាង៦០០នាក់ នៅឆ្នេរលេងទឹកអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។

លោក អ៉ិន សៅ ប្រធានមន្ទីរបរិស្ថានខេត្តកែប បានលើក ឡើងថា ចាប់តាំងពីមានផ្លូវស្អាតតភ្ជាប់មក នេះជាលើកទី៣ហើយដែលមន្ទីរបរិស្ថានបានប្រារព្ធកម្មវិធីធំៗនៅលើទឹកដីឆ្នេរអង្កោល គោលបំណងដើម្បីចូលរួមសំអាតសោភណ្ឌភាពឆ្នេរដ៏ស្រស់ស្អាត និងមានសក្តានុពលនេះឱ្យកាន់តែប្រសើរឡើង បង្កើនការទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិមកសម្រាកលំហែកម្សាន្តឱ្យកាន់តែច្រើនឡើងថែមទៀត ក្នុងគោលបំណងលើកកំពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់នេះ។

ថ្លែងនាឱកាសនោះដែរ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប លើកឡើងថា ជារៀងរាល់ឆ្នាំខេត្តកែបតែងតែប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ដោយទិវានេះបានប្រារព្ធធ្វើឡើងក្នុងគោលបំណង
លើកកម្ពស់ ការយល់ដឹងជាសាធារណៈអំពីការគ្រប់គ្រង និងប្រើប្រាស់ធនធានធម្មជាតិប្រកបដោយ និរន្តរភាព ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងគុណភាពបរិស្ថាន សំដៅលើកកម្ពស់សុខភាពសាធារណៈ។

ឯកឧត្តមបន្តថា តាមរយៈសកម្មភាពនេះ ជាសារមួយយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយ និងជំរុញឱ្យអាជីវករប្រជាពលរដ្ឋក្នុងតំបន់ឆ្នេរអង្កោលចូលរួមសំអាត ទុកដាក់ វិចខ្ចប់ និងទទួលយកសេវាប្រមូលដឹកជញ្ជូនសំរាមឱ្យបានគ្រប់ៗគ្នា ដើម្បីភាពថ្លៃថ្នូរ និងសោភណ្ឌភាពឆ្នេររបស់យើង។

ឯកឧត្តមបន្តថា ក្នុងអំឡុងពេលនេះត្បិតឆ្នេរអង្កោល ត្រូវបានក្រាលគ្របដោយស្មៅសមុទ្រ ធ្វើអោយបរិស្ថានឆ្នេរហាក់មិនអំណោយផលល្អសម្រាប់ភ្ញៀវទេសចរចុះលេងកម្សាន្ត តែយ៉ាងណាឯកឧត្តមសំណូមពរដល់អាជីវករជួយសំអាតទៅតាមលទ្ធភាព ទោះមិនឈ្នះកម្លាំងធម្មជាតិយ៉ាងហោចណាស់ក៏ជួយបរិស្ថានឆ្នេរបានមួយកម្រិតដែរ។

សូមបញ្ជាក់ផងដែរថា ជារៀងរាល់ឆ្នាំអំឡុងពេលរដូវធ្លាក់ភ្លៀង តាមបណ្តោយឆ្នេរអង្កោល ត្រូវបានទទួលរងសំណល់នានាបក់តាមទឹករលកមកទើត្រឹមឆ្នេរនេះ បន្ថែមពីនេះទឹកសមុទ្របាននាំយកទាំងពពួកស្មៅសមុទ្រមកជាមួយ ដែលធ្វើអោយស្ថានភាពឆ្នេរមិនសូវអំណោយផលល្អសម្រាប់អ្នកទេសចរចុះលេងកម្សាន្ត តែយ៉ាងណាស្ថានភាពនេះនឹងប្រែទៅជាល្អប្រសើរវិញ ក្រោយរដូវធ្លាក់ភ្លៀងបានបញ្ចប់៕ សេង ណារិទ្ធ