មន្ត្រីជំនាញនិងអាជ្ញាធរស្នើឲ្យចូលរួមទុកដាក់សំរាមឲ្យល្អខណៈបរិមាណសំរាមតាមចិញ្ចើមផ្លូវមានប្រមាណ៧៥តោន

0

ខេត្តកំពត: មន្តីបរិស្ថានបានបញ្ជាក់ថា រយៈពេល៥ខែ ដើមឆ្នាំ២០២៥នេះ ខេត្តកំពតបានធ្វើការសម្អាត អនាម័យបរិស្ថាន នៅតាមទីសាធារណៈ និងតាមចិញ្ចើមផ្លូវនានាក្នុងខេត្តជាង១ម៉ឺនលើក ដោយប្រមូលសំរាមបានប្រមាណ៧៥តោន។ មន្ត្រីជំនាញ និងអាជ្ញាធរខេត្តបានកោតសរសើរចំពោះការចូលរួមសម្អាតបរិស្ថាន និងបានស្នើឲ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរចូលរួមទុកដាក់សំរាមឲ្យល្អ ដើម្បីឲ្យខេត្តកំពតកាន់តែស្អាត តាមផ្លូវគ្មានសំរាមរាយប៉ាយ។

មានប្រសាសន៍នៅក្នុងពិធីប្រារព្វទិវាបរិស្ថានជាតិ និងបរិស្ថានពិភាពលោក ដែលធ្វើឡើងនៅបរិវេណសាលាវិទ្យាល័ និងបឋមសិក្សា ហ៊ុន សែន ត្រសេកកោង នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ លោក អេង ប៉ូឡូ ប្រធានមន្ទីរបរិស្ថានខេត្តកំពត បានប្រាប់ឲ្យដឹងថា កន្លងមក មន្ទីរបរិស្ថានបានធ្វើការសម្របសម្រួលជាមួយសាលារៀន វត្តអារាម ក៏ដូចជាវិស័យឯកជននានាទូទាំងខេត្ត សរុប៤៦៧កន្លែង ដើម្បីចូលរួមសម្អាតអនាម័យបរិស្ថាននៅតាមទីសាធារណៈ និងតាមដងផ្លូវនានា ជាលទ្ធផលធ្វើបានចំនួន១១៧៥៤លើក ដោយប្រមូលសំរាមបានប្រមាណ៧៥តោន។ លោកស្នើសុំឲ្យមានការចូលរួមថែរក្សាអនាម័យ បរិស្ថាន ពិសេសសូមជួយទុកដាក់សំរាមឲ្យបានត្រឹមត្រូវ។

ឯកឧត្តម មឿង គង្គា អភិបាលរងខេត្តកំពត បានបញ្ជាក់ថា ខេត្តកំពតក្រោមការដឹងនាំរបស់ ឯកឧត្តម ម៉ៅ ធនិន មានការអភិវឌ្ឍន៍រីកចម្រើនលើកគ្រប់វិស័យ ក្នុងនោះវិស័យទេសចរណ៍ បាននិងកំពុងតែដើរតួយ៉ាងសំខាន់ ក្នុងការជួយលើកកម្ពស់ជីវភាពគ្រួសារពលរដ្ឋ។ ហើយដើម្បីទាក់ទាញទេសចរឲ្យមកលេង កាន់តែច្រើន ទាមទាឲ្យប្រជាពលរដ្ឋ យុវជន សិស្សានុសិស្ស រួមទាំងព្រះសង្ឃ ចូលរួមសម្អាត អនាម័យបរិស្ថានឲ្យបានល្អ ពិសេសចេះទុកដាក់សំរាមឲ្យបានត្រឹមត្រូវ។

ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ឆ្នាំ២០២៥ ធ្វើឡើងក្រោមប្រធានបទ “ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក” ដើម្បីរួមចំណែកធ្វើយ៉ាងណាឲ្យកាន់តែប្រសើរ និងមានប្រសិទ្ធភាព ចំពោះកិច្ចការពារ និងការគ្រប់គ្រងធនធានធម្មជាតិ ចូលរួមទប់ស្កាត់ និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងប្រែក្លាយបរិស្ថានកម្ពុជា ក៏ដូចជាខេត្តកំពត ឲ្យស្អាតផូរផង់ និងមានភាពបៃតងជានិច្ច ដើម្បីលើកស្ទួយកិត្យានុភាពជាតិ និងលើកកម្ពស់សុខដុមរម្យនារបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរ៕ សេង ណារិទ្ធ