រដ្ឋបាលស្រុកទឺកឈូផ្តល់សេវាជិះកង់កម្សាន្តដោយឥតគិតថ្លៃជូនដល់ទេសចរជាតិនិងអន្តរជាតិ

0

ដោយសេង ណារិទ្ធ
ខេត្តកំពត: ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងយុវជននៅស្រុកទឹកឈូ រួមនឹងអង្គការដៃគូផង បានរួមគ្នាជិះកង់ដើម្បីផ្សព្វផ្សាយសេវាទេសចរណ៍ថ្មីរបស់ស្រុក “ការជិះកង់កម្សាន្តដើម្បីសុខភាព ការអប់រំ បរិស្ថាន និងសេដ្ឋកិច្ចមូលដ្ឋាន” ដោយលើកទឹកចិត្តឲ្យទេសចរជាតិ និងអន្តរជាតិមកខ្ចីកងជិះកម្សាន្តជំនួសរថយន្ត ឬម៉ូតូរបស់ពួកគេ។ អាជ្ញាធរ និងអ្នកពាក់ព័ន្ធយល់ឃើញថាការរៀបចំដំណើរកម្សាន្តដោយការជិះកង់នេះ នឹងផ្តល់ប្រយោជន៍រួមច្រើនយ៉ាង។

លោក អ៊ឹម ច័ន្ធសោធន អភិបាលស្រុកទឹកឈូ បានប្រាប់ឲ្យដឹងថា ការរួមគ្នាបង្កើតព្រឹត្តិការណ៍ជិះកង់នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នេះ គឺជាយុទ្ធនាការមួយដើម្បី ផ្សព្វផ្សាយជូនដល់បងប្អូនប្រជាពលរដ្ឋនៅ មូលដ្ឋាន និងភ្ញៀវទេសចរឲ្យបានដឹងថា ស្រុកទឹកឈូចាប់ផ្តើមផ្តល់សេវាជិះកង់កម្សាន្តដោយឥតគិតថ្លៃ។ លោកអភិបាលបានបញ្ជាក់ថា ការមកទទួលសេវាជិះកង់កម្សាន្តនៅសាលាស្រុក ជាការរួមចំណែកក្នុងការជួយលើកកម្ពស់សុខភាព បរិស្ថាន និងទេសចរណ៍ ក៏ដូចជាជួយជំរុញដល់សេដ្ឋកិច្ចនៅមូលដ្ឋានផងដែរ។

នាយកអង្គការ អេដ អេ អាកស្យុង ប្រចាំប្រទេសកម្ពុជា លោក វន សំភាស់ បានប្រាប់ឲ្យដឹងថា អង្គការរបស់លោកពិតជារីករាយក្នុងការចូលរួមចំណែកទាំងសម្ភារៈ និងថវិកាជាមួយរដ្ឋបាលស្រុកទឹកឈូ ដើម្បីធ្វើឲ្យសេវាជិះកង់កម្សាន្តមួយនេះ ក្លាយទៅជាកម្មភាពទេសចរណ៍ទាក់ទាញថ្មី១បន្ថែមទៀតរបស់ស្រុក ក្នុងបំណង់ផ្សារភ្ជាប់សកម្មភាពកីឡា ទេសចរណ៍ បរិស្ថាន និងការអប់រំ។

ចំណែកអ្នកដែលបានចូលរួមជិះកង់កម្សាន្ត បានបង្ហាញអារម្មណ៍សប្បាយរីករាយ និងការយល់ឃើញថា ការផ្តួចផ្តើមរៀបចំដំណើរកម្សាន្តដោយការជិះកង់ពិតជាល្អ ទោះរៀងហត់បន្តិចក៏ពិតមែន ប៉ុន្តែជាសកម្មភាពមួយមានតម្លៃដល់សង្គម និងបរិស្ថាន ពិសេសបានគយគន់ទេសភាពស្អាតៗតាមដងផ្លូវ និងស្រូបយកខ្យល់បរិសុទ្ធបានច្រើន។ ពួកគាត់ស្នើឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលរួមជិះកង់កម្សាន្តនៅស្រុកទឹកឈូ។

សូមបញ្ជាក់ថា រមណីយដ្ឋានជាច្រើននៅមិនឆ្ងាយប៉ុន្មានពីសាលាស្រុកទឺកឈូទេ ហើយផ្លូវធ្វើដំណើរជាផ្លូវបេតុង និងកៅស៊ូទាំងអស់។ ហើយភ្ញៀវទេសចរអាចមានជម្រើសច្រើនក្នុងការជិះកង់កម្សាន្ត មិនថាជាលក្ខណៈគ្រួសារ ក្រុមការងារ ឬមិតភក្តិនោះទេ ស្របពេលដែលចំនួនកង់មានដល់៧៥គ្រឿង៕