សៀមរាប : ពិធីខាងលើនេះត្រូវបានប្រារព្វឡើងកាលពីព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៤ នេះនៅសាលានគរបាលជាតិភូមិភាគ៤ស្ថិតនៅក្នុងភូមិក្រពើ ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឩត្តម ឩត្តម
សេនីយ៍ឯក សេង ផល្លី ប្រធានបណ្ឌិតសភានគរបាលជាតិកម្ពុជា និង ប្រតិភូរួមដំណើរ ។
លោកវរសេនីយ៍ឯក ហុង ណារ៉ុង នាយកសាលានគរបាលជាតិភូមិភាគ៤ បានអានរបាយការណ៍ក្នុង វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល២ខែ ដោយកម្មវិធីសិក្សា ត្រូវបានបំពាក់បំប៉នលើចំណេះដឹងជំនាញវិជ្ជាជីវៈនគរបាលជាតិដោយវគ្គសិក្សានេះផ្តល់ជូនកម្មសិក្សាការី ក្រោមការបង្ហាត់បង្រៀនដោយគ្រូឧទ្ទេសនាម មកពី នាយកដ្ឋានបណ្តុះបណ្តាល និង បណ្ឌិត្យសភានគរបាលជាតិកម្ពុជាប្រកបដោយភាពរលូនផងដែរ ។
ថ្លែងក្នុងពិធីសំណេះសំណាល និង ផ្តល់អនុសាសន៍ផ្តាំផ្ញើរដល់ថ្នាក់ដឹកនាំសាលានគរបាលជាតិភូមិភាគ៤ខេត្តសៀមរាបនិងកម្មសិក្សាការីក្នុងវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវ:នគរបាលជាតិសម្រាប់បេក្ខជនជ្រើសរើសថ្មី ឲ្យចូលបំរើការងារក្នុងក្របខ័ណ្ឌនគរបាលជាតិឆ្នាំ២០១៤នាឱកាសនោះ ឯកឩត្តម ឩត្តមសេនីយ៍ឯក សេង ផល្លី ប្រធានបណ្ឌិតសភានគរបាលជាតិកម្ពុជាបានលើកបង្ហាញថា ៖ ការបើកវគ្គបណ្តុះបណ្តាលនេះ គឺជាជ្រុងមួយនៃ
ការអនុវត្តតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ និង គោលនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល កម្ពុជា ពិសេសផែនការកំណែទម្រង់កងកម្លាំងនគរបាលជាតិ ដែលខ្លឹមសារសំខាន់នៃផែនការកំណែទម្រង់នេះ គឺការរៀបចំរចនាសម្ព័ន្ធក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ឲ្យមានចំនួនសមស្រប និង កសាងធនធានមនុស្ស ក្នុងជួរកងកម្លាំងនគរបាលជាតិ ឲ្យមានវិជ្ជាជីវៈរបស់ខ្លួន មានបច្ចេកវិទ្យាទំនើប មានសមត្ថភាពបំពេញភារកិច្ច មានស្មារតីទទួលខុសត្រូវក្នុងការគោរពប្រតិបត្តិច្បាប់ គោរពសិទ្ធិមនុស្ស រក្សាសន្តិសុខសណ្តាប់សង្គម រក្សាការពារអាយុជីវិត ទ្រព្យសម្បត្តិ និងបំរើសេវាជូនប្រជាពលរដ្ឋ ដោយស្មោះត្រង់ ។
ផ្តល់អនុសាសន៍សម្រាប់វគ្គបណ្តុះបណ្តាលនេះដែរ ឯកឩត្តម ឩត្តមសេនីយ៍ឯក សេង ផល្លី ក៏ មានចំណាប់អារម្មណ៍ទៅលើការជម្រុញឲ្យសាលា យកចិត្តទុកដាក់លើការងារផ្សព្វផ្សាយ ការចាត់តាំងអនុវត្តគោលនយោបាយភូមិឃុំមានសុវត្តិភាព ផងដែរ បើទោះបីជាវគ្គបណ្តុះបណ្តាលនេះ វាពិតជាមិនគ្រប់គ្រាន់ ក្នុងការប្រើប្រាស់ពេលវេលា ផ្តល់ចំណេះដឹងនិងជំនាញជូនដល់សិក្ខាកាម ក៏ដោយ ។
ដោយឯកឧត្តមគណះអធិបតីក៏បានសំណូមពរផងដែរ សូមឲ្យគ្រូឧទ្ទេសនាម ប្រើប្រាស់ពេលវេលាឲ្យអស់លទ្ធភាព ហើយសូមឲ្យកម្មសិក្សាការីនៃវគ្គបណ្តុះបណ្តាលនេះត្រូវ ព្យាយាមសិក្សារៀនសូត្រ និងប្រកាន់ខ្ចាប់នូវសីលធម៌សាមគ្គីភាព កសាងអនុស្សាវរីយ៍ដ៏ល្អ នៃសិក្ខាកាមរួមជំនាន់យើងនេះផងដែរ ។
ដោយ លោក ខេង ខេមរា




































