អាជ្ញាធរខេត្តជម្រុញឲ្យគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាក្រុង-ស្រុកឃុំសង្កាត់ ត្រូវបង្កើនការយកចិត្តទុកដាក់ចំពោះបងប្អូនអតីតយុទ្ធជនដែលខ្វះខាត យុទ្ធជនជួបការលំបាកនៅតាមមូលដ្ឋាន

0

សៀមរាប: នៅក្នុងកិច្ចប្រជុំស្តីពីការពិនិត្យវឌ្ឍនភាពនិងលើកទិសដៅសម្រាប់អនុវត្តបន្ត របស់ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាបនាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះ នៅសាលប្រជុំសាលាខេត្តសៀមរាប ។
លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ ជម្រុញឲ្យប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាក្រុង-ស្រុក ឃុំ.សង្កាត់ត្រូវបង្កើនការយកចិត្តទុកដាក់ចំពោះបងប្អូនអតីតយុទ្ធជនដែលខ្វះខាត យុទ្ធជនជួបការលំបាក ឬបញ្ហានានាហើយត្រូវឆ្លើយតបដោះស្រាយឲ្យបានទាន់ពេលវេលាជូនពួកគាត់ជាពិសេសសម្រាប់អតីតយុទ្ធជនអត់ទីលំនៅ អត់ដីសម្រាប់បង្កបង្កើនផលជាដើម ។ ត្រូវបន្តធ្វើអំពើល្អ ហើយខិតខំសហការ និងបង្កគ្រប់លទ្ធភាព ឲ្យបងប្អូនអតីតយុទ្ធជនយើង បានទទួលនូវសេវាសាធារណៈ ផ្សេងៗចំពោះមុខត្រូវចុះពិនិត្យ និងវាយតម្លៃអតីតយុទ្ធជន និងគ្រួសារ ដែលក្រីក្រទ័លលំបាកពិតប្រាកដ ហើយរៀបចំបញ្ជីឈ្មោះត្រឹមត្រូវដើម្បី បញ្ជូនមក គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាប ហើយបញ្ជូនទៅអគ្គលេខាធិការដ្ឋាន ដើម្បីសរុបស្នើសុំសម្តេចប្រធាន ផ្តល់ជាផ្ទះស្នាក់នៅ ឬ ផ្តល់ដីសម្បទានសង្គមកិច្ចជូនបងប្អូនផងដែរ ។ ក្នុងនាមឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និងជាប្រធានកិត្តិយស គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាប លោក នាក់ ណេរ៉ុន ក៍បានថ្លែងនូវការកោតសរសើរ ចំពោះក្រុមការងារនៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត. ក្រុងស្រុក.ឃុំសង្កាត់ទាំងអស់ដែលបានយកចិត្តទុកដាក់បំពេញការងារ តាមតួនាទីភារកិច្ច ដែលថ្នាក់លើបានប្រគល់ជូនទទួលបានលទ្ធផលល្អប្រសើរ ដោយបានរួមគ្នាទាំងកម្លាំងកាយកម្លាំងចិត្ត ថវិកា និងសម្ភារ ដើម្បីជួយដោះ ស្រាយសម្រាលនូវការលំបាករបស់បងប្អូនអតីតយុទ្ធជនយើង ដែលមានជីវភាពលំបាក ខ្វះខាតបានទាន់ពេលវេលាផងដែរ ។ លោក នាក់ ណេរ៉ុន ក៍បានមានប្រសាសន៍ណែនាំនិងជម្រុញបន្ថែមទៀតថា ត្រូវបន្តផ្សព្វផ្សាយគោលនយោបាយរបស់រាជរដ្ឋាភិបាល និងលក្ខន្តិក:របស់សមាគមអតីតយុទ្ធជនកម្ពុជា ដល់បងប្អូន អតីតយុទ្ធជន ចូលជាសមាជិកសមាគម ឲ្យបានគ្រប់ៗគ្នា-សហការជាមួយស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី ដើម្បីទទួលបានសេវាសាធារណៈ ដូចជា ការបង្កើតមុខរបរ ការផ្តល់ ជំនួយសង្គ្រោះបន្ទាន់ពេលមានជំងឺ ឬគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ ពិសេសការបណ្តុះបណ្តាលវិជ្ជាជីវៈ -អំពាវនាវដល់សប្បុរសជន អាជីវករ ក្រុមហ៊ុន និង អង្គការផ្សេងៗ គៀងគររកមូលនិធិ ដើម្បីសាងសង់ផ្ទះ ជូនសមាជិក ព្រមជម្រុញការបើកថវិកាសម្តេចតេជោ និង ថវិកាបេឡាមរណ សង្គ្រោះ ឱ្យបានទាន់ពេលវេលាផងដែរ ។
តាមសេចក្តីរាយកាណ៍របស់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាបបានឲ្យដឹងថា ៖បច្ចុប្បន្ននេះសមាជិកអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាបមានចំនួន ៦,៦៦៣នាក់ ដោយក្នុងនោះមាននិវត្តជនចំនួន២,៦៨០នាក់ .ពិការចំនួន១,៩៦៩នាក់ .ជនបាត់បង់១៤០នាក់ .គ្រួសារពលីចំនួន១,៦៨២នាក់ និងគ្រួសារជនមរណៈមានចំនួន១៨២នាក់ ហើយនិវត្តជនដែលមិនទាន់បានចូលជាសមាជិកសមាគមមានចំនួន៤០២នាក់។ ចាប់តាំងពីឆ្នាំ២០១៦ដល់ឆ្នាំ ២០២៤បានសាងសង់ផ្ទះជូនសមាជិកបានចំនួន៩០ខ្នងដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ។ ហើយមានសមាជិកដែលអត់ដី អត់ផ្ទះ រស់នៅលើដីសាធារណៈមានចំនួន២៨៨គ្រួសារ (បានដាក់ពាក្យស្នើសុំហើយ) និងសមាជិកមានដីតែអត់ផ្ទះចំនួន៤១គ្រួសារ។ ក្នុងឱកាសនោះផងដែរលោកឧត្តមសេនីយ៍ទោ ហួត សុធី ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាបក៍បានមានប្រសាសន៍សំណូមពរដល់ឯកឧត្តម លោក លោកស្រី គ្រប់អង្គភាព ដែលត្រូវបានតែងតាំង ជួយទ្រទ្រង់ ទាំងមធ្យោបាយ សម្ភារៈ: ស្មារតី ពីព្រោះថា ការងារសមាគមនេះគឺជាភារកិច្ចរួមរបស់យើងទាំងអស់គ្នា ដើម្បីជួយគាំទ្រដល់បងប្អូនអតីតយុទ្ធជន និង ក្រុមគ្រួសារ សំដៅចូលរួមចំណែកលើកកម្ពស់ជីវភាព និងសុខុមាលភាពរបស់បងប្អូន ដែលបានធ្វើពលិកម្ម បូជា សាច់ស្រស់ ឈាមស្រស់ដើម្បីជាតិមាតុភូមិ ៕