ប្រជាពលរដ្ឋស្រុកដងទង់២៥២៥នាក់ទទួលការពិនិត្យនិងព្យាបាលជំងឺពីក្រុមវេជ្ជសាស្ត្រសម្ដេចតេជោ

0

ខេត្តកំពត: ដោយសេចក្តីព្រួយបារម្ភ និងការយល់ចិត្តទុកដាក់ ចំពោះបញ្ហាសុខភាព របស់បងប្អូនប្រជាពលរដ្ឋនៅទីដាច់ស្រយាល ពិសេសក្រុមគ្រួសារកងទ័ពនិងអតីតយុទ្ធជន នៅថ្ងៃទី ១៥ ខែមិថុនាឆ្នាំ ២០២៥ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន បានដឹកនាំក្រុមវេជ្ជសាស្ត្រសម្តេចតេជោពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ២៥២៥នាក់ នៅបរិវេណវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនដងទង់ ស្រុកដងទង់ ខេត្តកំពត ។

មានប្រសាសន៍សំណេះសំណាលនៅក្នុងឱកាសនោះ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន និងជាប្រធានក្រុមវេជ្ជសាស្ត្រសម្តេចតេជោ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោហ៊ុនសែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន  សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវ ដែលលោកតែងតែគិតគូអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា និងនៅគ្រប់ទីកន្លែង។ ជាក់ស្ដែងការចុះមកពិនិត្យ និងព្យាបាលជំងឺនៅស្រុកដងទង់នាពេលនេះ គឺជាការតបតាមការណែនាំចង្អុលបង្ហាញរបស់សម្តេចទាំងទ្វេរ។

ក្រុមគ្រូពេទ្យវេជ្ជសាស្ត្របានបញ្ជាក់ឲ្យដឹងថា ពួកគាត់សប្បាយចិត្តយ៉ាងខ្លាំង ដែលបានរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាល ក្នុងការចុះមកពិនិត្យនិង ព្យាបាលជំងឺជូនប្រជាពលរដ្ឋ។

ប្រជាពលរដ្ឋដែលទទួលបានការពិនិត្យព្យាបាលជំងឺបានបង្ហាញអារម្មណ៍សប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងខ្លាំង ដល់សម្ដេចតេជោ និងសម្ដេចធិបតី ដែលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ពួកគាត់។

អភិបាលស្រុកដងទង់ និងប្រធានមន្ទីរសុខាភិបាលខេត្តកំពត យល់ឃើញថា ការចុះពិនិត្យ និងព្យាបាលជំងឺរបស់ក្រុមវេជ្ជសាស្ត្រសម្តេចតេជោ ពិតជាបានរួមចំណែកលើកកម្ពស់ដល់សុខភាព និងកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ។

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល តាំងពីអាណត្តិរបស់សម្ដេចតេជោ រហូតដល់សម្ដេចធិបតី នៅគ្រប់កាលៈទេសៈទាំងអស់  សុខទុក្ខប្រជាពលរដ្ឋ គឺជាការងារអាទិភាព និងជាសុខទុក្ខរបស់លោក។ ឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យបន្តគាំទ្រ និងជឿទុកចិត្តលើការសម្រេចចិត្ត និងការដឹកនាំប្រទេសរបស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីឈានទៅសម្រេចចក្ខុវិស័យអភិវឌ្ឍន៍ប្រទេសឆ្នាំ២០៥០ ជាប្រទេសអភិវឌ្ឈន៍ មានប្រាក់ចំណូលខ្ពស់៕ សេង ណារិទ្ធ