សៀមរាប៖ វេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាក្រុងសៀមរាប អាណត្តិទី៤ ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោកស្រី មឿង សុផល្លា ប្រធានក្រុមប្រឹក្សាក្រុង និង លោក នួន ពុទ្ធារ៉ា អភិបាលនៃគណៈអភិបាលក្រុង ដោយមានវត្តមានអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកសមាជិកា ក្រុម ប្រឹក្សាខេត្ត អស់លោក លោកស្រីសមាជិកសមាជិកាក្រុមប្រឹក្សាក្រុង ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ,ការិយាល័យចំណុះសាលាក្រុង និង ចៅសង្កាត់ មេប៉ុស្តិនគរបាលរដ្ឋបាល មេភូមិ និសិ្សត និង ប្រជាពលរដ្ឋចូលរួមប្រមាណ ៣០០នាក់ ។
លោកស្រី មឿង សុផល្លា អង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ គឺផ្តល់ឱកាសជូនប្រជាពលរដ្ឋ បានប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមករវាងរដ្ឋបាលក្រុងជាមួយរដ្ឋបាលសង្កាត់ ប្រជាពលរដ្ឋ តំណាងអង្គការសង្គមស៊ីវិល វិស័យឯកជន និងក្រុមប្រឹក្សាប្រភេទផ្សេងៗគ្នា ដើម្បីផ្លាស់ប្តូរនូវបទពិសោធន៍ និងផ្តល់ប្រឹក្សាអំពីអាទិភាពនៃការអភិវឌ្ឍក្រុងសៀមរាប ប្រកបដោយចីរភាព និងប្រសិទ្ធភាព។លោកស្រីបានបន្តទៀតថា វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ គឺជាការរួមចំណែក ក្នុងការលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋ និងអង្គការ សហគមន៍មូលដ្ឋាន ដើមី្បឲ្យមានភាព ជឿជាក់ មានសេចក្តីក្លាហាន ក្នុងការលើកឡើង អំពីបញ្ហា តម្រូវការ សំណូមពរ ក្តីកង្វល់ មតិយោបល់ តាមរយៈការរៀបចំវេទិការបស់ក្រុមប្រឹក្សាក្រុង និង អនុវត្តតាមទស្សនៈប្រជាពលរដ្ឋហ៊ានចូលរួម ក្នុងដំណើរការអភិវឌ្ឍមូលដ្ឋាន ។
ក្នុងអង្គវេទិកានេះដែល សមាជិក សមាជិកា បានលើកជាសំណួរ និង សំណូមពរផ្ទាល់មាត់ចំនួន១៧ និង សំណួរ និង សំណូមពរលាយល័ក្ខអក្សរ ចំនួន១០ សំណួរ ពីបញ្ហា អគ្គិសនី, ផ្លូវថ្នល់ , ដីបុរាណដ្ឋាន ,ប្រព័ន្ធលូទឹកភ្លៀង ទឹកកខ្វក់ ,ប្រព័ន្ធធារាសាស្ត្រ ,សណ្តាប់ធ្នាប់លក់ដូរ និង បញ្ហា ប័ណ្ណសមធម៌ ។ ឆ្លើយតបទៅនឹងសំណើ និងសំណូមពររបស់ប្រជាពលរដ្ឋ លោកស្រីប្រធានក្រុមប្រឹក្សាក្រុង និង លោកអភិបាលក្រុង និងមន្ទីរអង្គភាពពាក់ព័ន្ធ បានធ្វើការដោះស្រាយបំភ្លឺ នូវសំណួរនិងសំណូមពរដែលប្រជាពលរដ្ឋលើកជាក់ស្ដែង ។ ក្នុងនោះដែរក៏មានធ្វើការផ្សព្វផ្សាយអំពីតួនាទី ភារកិច្ច របស់ការិយាល័យប្រជាពលរដ្ឋផងដែរ ។
លោក នួន ពុទ្ធារ៉ា អភិបាលក្រុង បានការកោតសរសើរ ចំពោះប្រជាពលរដ្ឋទាំង១២សង្កាត់ ដែលបានលើកឡើងនូវសំណើ និងសំណូមពរយ៉ាងផុសផុល ដែលនេះ សបញ្ជាក់ឲ្យឃើញថា ប្រជាពលរដ្ឋមានជំនឿទុកចិត្ត ជាមួយរដ្ឋបាលគ្រប់ជាន់ថ្នាក់ ក្នុងការដោះស្រាយនូវបញ្ហាប្រឈម និង សំណូមពររបស់ពួកគាត់ ។ ក្នុងឱកាសនោះដែរ លោកក៏ បានជម្រុញដល់បងប្អូនប្រជាពលរដ្ឋ ដែលមកទទួលសេវាតាមការិយាល័យច្រកចេញចូលតែមួយ ពេលនេះត្រូវបាន ផ្តល់សេវា តាមប្រព័ន្ធអនឡាញ ដែលមានភាពងាយស្រួលសម្រាប់បងប្អូន មិនខាតពេលវេលារបស់ខ្លួន ។ លោកអភិបាលក្រុង បានសង្កត់ធ្ងន់ដល់អាជ្ញាធរពាក់ព័ន្ធ ត្រូវពិនិត្យ តាមដាន និងដោះស្រាយរាល់សំណើ និងសំណូមពររបស់ប្រជាពលរដ្ឋ ដែលជាបញ្ហាប្រឈមចាំបាច់ ប្រកប ដោយការយកចិត្តទុកដាក់ខ្ពស់ ពិសេសត្រូវមានឥរិយាបថទន់ភ្លន់ ម៉ឺងម៉ាត់ ដោយត្រូវចងចាំថា មន្ត្រីរាជការគឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាពលរដ្ឋ ៕