ឧត្ដមសេនីយ៍​ទោ សោម​ ស៊ុន​ នាំយកថវិកាបេឡាមរណសង្គ្រោះ និងអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ទៅឧបត្ថម្ភជូន​ក្រុមគ្រួសារសពអតីតយុទ្ធជន

0

(ខេត្តកំពង់ធំ)៖ នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានគណៈកម្មាធិការ​សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ​ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរ​ដែនដី​ នាំយកនូវថវិកាបេឡាមរណសង្គ្រោះនិងអំណោយមនុស្សធម៍​របស់​សម្តេច​ធិបតី​ហ៊ុន​ ម៉ាណែត​ និង​លោក​ជំទាវ​ ជូនគ្រួសារសពអតីតយុទ្ធជនសោធននិវត្តន៍ នៅ​ភូមិ​ថ្នល់​បែក​ ឃុំ​ត្រពាំង​ឬស្សី​ ស្រុក​កំពង់​ស្វាយ​ ខេត្ត​កំពង់ធំ​ ។
ឧត្ដមសេនីយ៍​ទោ​ សោម​ ស៊ុន​ បាន​បញ្ជាក់​ថា​ លោក​ឆេង ម៉ក់ អាយុ៥០ឆ្នាំ មានឋានន្តរសក្តិនាយចំណង់ លោកបានចូលប្រើកងទ័ពនៅឆ្នាំ១៩៩០ នៅ​អតីតនៅអង្គភាពកងវរសេនាតូចលេខ១ នៃបញ្ជា​ការ​ដ្ឋាន​តំបន់ប្រតិបត្តិការសឹករងកំពង់ធំ លោក​បាន​ទទួល​មរណៈ​ភាព​នៅ​វេលា​ម៉ោង​ ៦,០០​ នាទី​ ព្រឹក​ថ្ងៃ​ទី​១៩​ខែ​មិថុនា​ ឆ្នាំ​២០២៥នេះ​ ។ លោក​ឆេង​ ម៉ក់​ ជាអតីតយុទ្ធជន ដែលធ្លាប់មានគុណបំណាច់ចំពោះ​​ជាតិ​ និង​មាតុ​ភូមិ​ ដោយ​បានរួមចំណែកក្នុងការការ​ពារទប់​ស្កាត់​មិន​ឲ្យ​របប​ប្រល័យ​ពូជសាសន៍​វឹល​ត្រឡប់​មក​វិញ​ និង​បាន​ចូល​រួម​ចំណែក​អនុវត្តន៍នូវនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ធ្វើឲ្យប្រទេសជាតិយើង មានសុខសន្តិភាព និងការឯកភាពជាតិពេញលេញដូចសព្វថ្ងៃនេះ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន រួមជាមួយគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាបារាយណ៍ និងអាជ្ញាធរដែនដី បានថ្លែងនូវការ​សោកស្ដាយ​អាឡោះអាល័យ​ និង​បាន​គោរពបួងសួងដល់វិញ្ញាណក្ខន្ធលោក ឆេង ម៉ក់ សូមទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ហើយនិងបានជូនពរដល់ក្រុមគ្រួសារសព សូម​មានសុខភាពល្អ ទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន ។ ជាមួយនោះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បាន​ថ្លែង​អំណរគុណ​ដ៏ជ្រាលជ្រៅចំពោះ​បងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមក្នុង​ពិធី​បុណ្យ​សព​យ៉ាង​ច្រើន​កុះករ​​នៅពេលនេះ។

នៅក្នុងឱកាសនេះដែរ​ឧត្តម​សេនីយ៍​ទោ​ សោម​ ស៊ុន​ បានប្រគល់ជូននូវថវិកាបេឡាមរណសង្គ្រោះចំនួន៤លានរៀល ជូនក្រុមគ្រួសារសព ព្រមទាំងអំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនក្រុមគ្រួសារសព រួមមាន អង្ករចំនួន៥០គីឡូក្រាម​ មីជាតិចំនួន២កេស​ ទឹកត្រីទឹកស៊ីអ៉ីវ​ចំនួន៤យួរ និង​ត្រីខ​កំប៉ុងចំនួន​២​ យួរ​ផងដែរ​។