ឧត្ដមសេនីយ៍ទោ សោម ស៊ុន ណែនាំដល់កងកម្លំាងចម្រុះនៅតំបន់ដែនជម្រកសត្វព្រៃបឹងពែរ ត្រូវបន្តសកម្មភាពឲ្យដូចភ្លៀងរលឹម ក្នុងការបង្ក្រាបបទល្មើសធនធានធម្មជាតិ ឲ្យមានប្រសិទ្ធភាព

0

(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ អមដំណើរ​ដោយ​លោក​វរសេនីយ៍ឯក ​អ៊ូ​ ឆេង​កន​ មេបញ្ជាការ​រង​ បានដឹកនាំសហការី​ ទៅសំណេះសំណាលសាកសួរសុខទុក្ខ ណែនាំការងារនិងប្រគល់ភារកិច្ច  ព្រមទាំងឧបត្ថម្ភស្បៀងអាហារគ្រឿងឧបភោគបរិភោគ ប្រេងឥន្ធនៈ អំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនកងកម្លាំងចម្រុះប្រចាំការ​ ការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងដែនជម្រកសត្វព្រៃបឹងពែរ ដែលពិធីនេះប្រព្រឹត្តទៅនៅតំបន់ភ្នំប្រង់ ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ល ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរចំពោះទីបញ្ជាការស្រាលទាំងពីរ ដែលប្រចាំការការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងតំបន់ភ្នំប្រង់ និងតំបន់ជាំក្របី ក្នុងដែនជម្រកសត្វព្រៃបឹងពែរ ស្ថិតនៅក្នុងឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការការពារទប់ស្កាត់ មិនឲ្យមានកើតឡើងជាថ្មីនូវបទល្មើសកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋយកធ្វើជាកម្មសិទ្ធិ។ ជាមួយនោះដែរ ក៏បានចូលរួមទប់ស្កាត់ ការពារដីព្រៃរបស់រដ្ឋ ដែលជនល្មើសលួចកាប់ទន្ទ្រានកន្លងទៅ មិនឱ្យមានការបាត់បង់ទៅវិញ ឬមានការដាំដុះជាថ្មីជាកម្មសិទ្ធិឯកជនរបស់បុគ្គលណាបានឡើយ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ច ជូនកងកម្លាំងចម្រុះ និងស្ថាប័នជំនាញពាក់ព័ន្ធទាំងអស់ រួមជាមួយអាជ្ញាធរដែនដី​ឃុំ​ ភូមិ​ និង​ស្រុកប្រាសាទបល្ល័ង្ក ត្រូវខិតខំអប់រំផ្សព្វផ្សាយ​ច្បាប់​ លិខិត​បទដ្ឋាន​នានា​ ដែល​នៅ​ជា​ធរមាន​ ជូន​ប្រជាពលរដ្ឋ ឲ្យ​បាន​យល់​ជ្រួតជ្រាប​ ដេីម្បកុំឲ្យមានការកាប់ទន្ទ្រាន ឬដាំដុះលើដីរបស់រដ្ឋ ដែលរដ្ឋកំពុងគ្រប់គ្រង និងផ្ទៃដីដែលតុលាការបានចេញដីកាដកហូតជាសម្បត្តិរដ្ឋ រួចហើយ ដើម្បីជៀសវាងបញ្ហាប្រឈមចំពោះមុខច្បាប់ ហើយត្រូវគ្រប់គ្រងឲ្យបាន មិនឲ្យមានភាពអាណាធិបតេយ្យការកាប់ទន្ទ្រានឬដាំដុះលើដីរបស់រដ្ឋបានទៀតជាដាច់ខាត។ ក្នុងករណីមេខ្លោងឬជនល្មើសនៅតែរឹងទទឹងទន្ទ្រានកាន់កាប់ដីរបស់រដ្ឋ ដែលខុសច្បាប់ ត្រូវកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ផ្ដន្ទាទោសតាមផ្លូវច្បាប់ ដោយគ្មានការលើកលែងឡើយ។

នៅក្នុងឱកាសនេះដែរឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានប្រគល់នូវប្រេងសាំងចំនួន៣០០លីត្រ អង្ករចំនួន២០០គីឡូក្រាម មីចំនួន៦កេស ទឹកត្រីទឹកស៊ីអ៉ីវចំនួន៨យួរ និងត្រីខកំប៉ុងចំនួន៦យួរ ជូនដល់កងកម្លាំងចម្រុះទីបញ្ជាការស្រាលទាំងពីរ នៅក្នុងតំបន់ដែនជម្រកសត្វព្រៃ ដើម្បីបន្តសកម្មភាពការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ឲ្យមានប្រសិទ្ធភាព និងគ្មានការដកថយឡើយ។