អាជ្ញាធរខេត្តកំពង់ចាម ទទួលពលករ ពលការិនី ត្រឡប់មកពីប្រទេសថៃ និងណែនាំការងារក្នុងស្រុក ជូនបងប្អូនពលករ

0

កំពង់ចាម:​ លោក គន់ សុភា អភិបាលរងខេត្តកំពង់ចាម តំណាងឯកឧត្ដម អ៊ុន ចាន់ដា នៅយប់ថ្ងៃទី ២១ ខែមិថុនា​ ឆ្នាំ២០២៥ បានដឹកនាំមន្ត្រីពាក់ព័ន្ធ អញ្ជើញទទួលពលករ ពលការិនី ត្រឡប់មកពីប្រទេសថៃ នៅបរិវេណសាលាស្រុកបាធាយ និង​ណែនាំ​ការងារ​ក្នុង​ស្រុក​ជូន​បងប្អូន​ពលករ​ផងដែរ​ ។

បើតាម លោក គន់ សុភា អភិបាលរងខេត្តកំពង់ចាម បានឱ្យដឹងថា ពលករត្រឡប់ពីប្រទេសថៃតាមច្រកប៉ោយប៉ែត ខេត្តបន្ទាយមានជ័យមកដល់ស្រុកបាធាយ ខេត្តកំពង់ចាម វេលាម៉ោងជាង ៧យប់ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ ធ្វេីដំណេីតាមរថយន្ត ២គ្រឿងរថយន្ត សរុប១៧នាក់ ស្រី៥នាក់ ក្នុងនោះពលករ នៅស្រុកបាធាយ ១៤នាក ស្រី៤នាក់,ស្រុកជេីងព្រៃ ២នាក់ ស្រី១នាក់ និងពលករ នៅខេត្តត្បូងឃ្មុំម្នាក់។

លោកអភិបាលរងខេត្ត បានឲ្យដឹងទៀតថា ក្នុងឱកាសទទួលពលករពលការនីនោះ ក្រុមការងារមន្ត្រីពាក់ព័ន្ធ បានធ្វើការផ្សព្វផ្សាយកន្លែងការងារ ដែលនៅទំនេរ ក្នុងខេត្កកំពង់ចាម ខេត្តស្វាយរៀង និងខេត្តក្រចេះ និងបានណែនាំដល់ពួកគាត់សិក្សានូវមុខជំនាញវិជ្ជជីវៈផ្សេងៗ ដោយឥតគិតថ្លៃ ផងដែរ ។

យ៉ាងនោះក្តី ក្រោយការស្ទង់មតិរបស់អាជ្ញាធរឃើញថា ពលករ ពលការិនី ដែលមានស្រុកកំណេីតនៅខេត្តកំពង់ចាមទាំង ១៦នាក់ នោះ ពួកគាត់ចង់ធ្វេីការងារ ១៥នាក់ និងចង់រៀនមុខជំនាញវិជ្ជាជីវ: ម្នាក់ ។

លោកអភិបាលរងខេត្ត បានបញ្ជាក់ផងដែរថា មូលហេតុៈដែលពលករត្រឡប់ពីប្រទេសថៃពេលនេះ គឺមកស្រុកកំណេីតវិញ តាមការស្មគ្រ័ចិត្តខ្លួនឯង តាមការអំពាវនាវរបស់រាជរដ្ឋាភិបាលកម្ពុជា និងមានការភ័យខ្លាចជនជាតិថៃធ្វេីបាប ពោលគឺមិនមានការចាប់បង្ខំឲ្យត្រឡប់មកវិញនោះទេ ។

ស្ថិតក្នុងឱកាសនោះដែរ ក្រុមពលករ ពលការិនី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអាជ្ញាធរខេត្តកំពង់ចាម និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានធ្វើការទទួលពួកគាត់ យ៉ាងកក់ក្តៅ និងបានផ្តល់អាហារ បាយ ទឹក និងបានចាត់ចែងដឹកពួកគាត់ដល់លំនៅដ្ឋាន ថែមទាំងរកការងារឲ្យធ្វើផងដែរ​ ៕