អភិបាលខេត្តត្បូងឃ្មុំ បានថ្លែងថា រាជរដ្ឋាភិបាលបានធ្វើ កំណែទំរង់ស៊ីជម្រៅលើវិស័យជលផល ដើម្បីលើកស្ទួយជីវភាពរស់នៅ និងផ្គត់ផ្គង់ស្បៀងជូនពលរដ្ឋ

0

ត្បូងឃ្មុំ: អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ឯកឧត្តម ប៉ែន កុសល្យ បានថ្លែងថា រាជរដ្ឋាភិបាលបានធ្វើ កំណែទំរង់ស៊ីជម្រៅលើវិស័យជលផល ដើម្បីលើកស្ទួយជីវភាពរស់នៅ និងផ្គត់ផ្គង់ស្បៀងជូនប្រជាពលរដ្ឋមូលដ្ឋាន ដើម្បីកាត់បន្ថយភាពក្រីក្រ។ ការថ្លែងបែបនេះក្នុងឱកាសប្រារព្ធធ្វើពិធី“ទិវាមច្ឆជាតិ ១ កក្កដា ឆ្នាំ២០២៥” នៅបរិវេណអាងទឹកទំនប់ក្បាលអូរ ស្ថិតនៅភូមិក្បាលអូរ ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ប៉ែន កុសល្យ សំណូមពរសូមគ្រប់មជ្ឈដ្ឋានទាំងអស់ ត្រូវផ្តល់ក្តីស្រឡាញ់ ថែរក្សា ការពារព្រៃលិចទឹក មច្ឆជាតិ និងចូលរួមប្រលែងត្រី ឬវារីសត្វកម្រៗគ្រប់ប្រភេទនៅតាមអាងទឹក តាមស្រះសហគមន៍ តាមស្រះវត្ត តាមកន្លែងអភិរក្ស និងតាមដែននេសាទនានា ឲ្យបានច្រើនកុះករ ។ ទន្ទឹមនេះផងដែរ សូមរដ្ឋបាលស្រុក ក្រុង រដ្ឋបាលឃុំ សង្កាត់ មេភូមិ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋ ចូលរួមទប់ស្កាត់ ការនេសាទដោយឧបករណ៍នេសាទខុសច្បាប់គ្រប់ប្រភេទ ជាពិសេសឧបករណ៍ លូស្បៃមុង និងឧបករណ៍ឆក់ត្រី ស្តែងឲ្យឃើញពីការចូលរួមរបស់បងប្អូន នឹងបង្ហាញពីស្មារតីទទួលខុសត្រូវលើធនធានជលផលរបស់យើង។

ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានលើកឡើងផងដែរ នូវសភាពការណ៍ថ្មីៗដែលកំពុងកើតមានតាមខ្សែបន្ទាត់ព្រំដែនរវាងប្រទេសកម្ពុជាយើង និងប្រទេសថៃ ដោយក្នុងនោះ រដ្ឋបាលក្រុង/ស្រុក ឃុំ/សង្កាត់ និងអ្នកពាក់ព័ន្ធ សូមបង្កលក្ខណងាយស្រួល ដល់ប្រជាពលករយើង ដែល ត្រលប់មកវិញ ទទួលបានឱកាសការងារល្អនៅក្នុងស្រុក ដើម្បីជួយសម្រួលជីវភាពប្រចាំថ្ងៃ។

សូមបញ្ជាក់បន្ថែមថា៖ កូនត្រីប្រមាណ២១,០០០ កូន ត្រូវបានប្រលែង ក្នុងទិវាមច្ឆជាតិ ដែលធ្វើឡើងនៅខេត្តត្បូងឃ្មុំ ហើយការកំណត់ឱ្យមានរដូវបិទនេសាទទឹកសាប ចាប់ពីដើមខែមិថុនា ដល់ចុងខែតុលា គឺដើម្បីទុកពេលឱ្យត្រីពងកូន បន្តពូជ និងរីកលូតលាស់ធំធាត់នៅរដូវទឹកដំឡើង ដែលនឹងផ្តល់ជាប្រភពចំណូលប្រចាំថ្ងៃរបស់ប្រជានេសាទ និងជាប្រភពអាហារចម្បងរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ៕