កិច្ចប្រជុំត្រួតពិនិត្យ និងជំរុញអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព”រយៈពេល៦ខែ ដើមឆ្នាំ២០២៥

0

បន្ទាយមានជ័យ៖ រដ្ឋបាល ខេត្តបន្ទាយមានជ័យ បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យ និងជំរុញអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព”រយៈពេល៦ខែ ដើមឆ្នាំ២០២៥ របស់រដ្ឋបាលខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ផាន់ ចាន់ធុល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ដោយមានការអញ្ជេីញចូលរួម ប្រតិភូអមដំណើរ ថ្នាក់ដឹកនាំខេត្ត កងកម្លាំងទាំង៣ប្រភេទ មេឃុំ ចៅសង្កាត់ មេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ បានចូលរួមដែលពិធីនេះប្រារព្ធឡេីងនៅសាលប្រជុំក សាលាខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០២៥។

ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បានធ្វើការប្ដេជ្ញា ចិត្ត ក្នុងការចូលរួមបង្ក្រាបរាល់បទល្មើសផ្សេងៗ នៅក្នុងភូមិសាស្រ្តខេត្តទាំងមូល អនុវត្តទៅតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចមហាវរបធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី ក្នុងការបង្ក្រាបនូវល្បែងអនឡាញគ្រប់ប្រភេទ ។

ឯកឧត្ដម ក៏បានបញ្ជាក់ថា ក្រោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវបទបញ្ជា រដ្ឋបាលខេត្តរួមជាមួយ នឹងកងកម្លាំងពាក់ព័ន្ធបានធ្វើការបង្ក្រាបដល់ទីតាំងឆបោកតាមអនឡាញ និងល្បែងអនឡាញនៅក្នុងក្រុងប៉ោយប៉ែត បានជាបន្តបន្ទាប់ នឹងបានឃាត់ខ្លួនជនសង្ស័យក្នុងការបេីកល្បែងអនឡាញបានជាច្រេីននាក់។ ឯកឧត្តម បញ្ជាក់ បន្ថែមថា បន្តយុទ្ធនាការ ដូចភ្លៀងរលឹម បង្ក្រាបករណីឆបោកតាមអនឡាញ និងល្បែលអនឡាញ ឱ្យអស់ក្នុងទឹកដីនៃខេត្តបន្ទាយមានជ័យ។

ឯកឧត្តម បានលេីកឡេីងថា គណៈបញ្ជាការឯកភាពខេត្ត ក៏បានធ្វើការដាក់ចេញនូវបទបញ្ជាទៅដល់សមត្ថកិច្ចគ្រប់ក្រុង-ស្រុក បន្តអនុវត្តត្រួតពិនិត្យនៅតាមដងផ្លូវ ក៏ដូចជាទីតាំងសំខាន់ៗ ដើម្បីពង្រឹងការអនុវត្តនូវគោលនយោបាយ ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព២៤ម៉ងលើ២៤ម៉ោង។

ក្នុងឱកាសនោះឯកឧត្តម ផាន់ ចាន់ធុល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ក៏បានថ្លែងអំណរគុណទៅដល់រដ្ឋបាលខេត្ត ក៏ដូចជា កងកម្លាំងពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងយ៉ាងសស្រាក់សស្រាំ ក្នុងការអនុវត្តគោលនយោបាយ ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព ប្រកបដោយភាពជោគជ័យនិងផ្លែផ្កា។

ក្នុងនោះដែរ ឯកឧត្តម ក៏បានណែនាំទៅដល់រដ្ឋបាលខេត្ត ក៏ដូចជាកងកម្លាំងពាក់ព័ន្ធគ្រប់ស្ថាប័នទាំងអស់បន្តពង្រឹងអនុវត្តនូវគោលនយោបាយ ភូមិ ឃុំ -សង្កាត់ មានសុវត្ថិភាព ឱ្យបានល្អប្រសើរ ពិសេសដោយផ្តោតសំខាន់ត្រូវមានទំនាក់ទំនង ល្អប្រជាពលរដ្ឋនៅមូលដ្ឋាន ក្នុងការចូលរួមផ្សព្វផ្សាយអំពីគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដើម្បីឱ្យពួកគាត់ចូលរួមសហការជាមួយសមត្ថកិច្ច រាយការណ៍ ដើម្បីធ្វើការបង្ក្រាបរាល់បទល្មើសផ្សេងៗ ដូចជាក្មេងទំនើង ល្បែងស៊ីសង ជាពិសេសករណីគ្រឿងញៀន៕ដោយឃិន គន្ធា