អាជ្ញាធរខេត្តកំពតប្តេជ្ញាបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានិងល្បែងស៊ីសងអនឡាញខុសច្បាប់

0

ខេត្តកំពត: ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពតបានប្ដេជ្ញារួមគ្នាបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងល្បែងស៊ីសងខុសច្បាប់តាមអនឡាញគ្រប់ប្រភេទ មិនឱ្យមានក្នុងមូលដ្ឋានទេ និងបានដាក់ចេញវិធានការទប់ស្កាត់ ប្រកបដោយការទទួលខុសត្រូវខ្ពស់។ ឯកឧត្តមក៏បានណែនាំដល់ កាស៊ីណូខ្ញុំ និងកាស៊ីណូឋានសួគ៌បូកគោ ដាច់ខាតត្រូវគោរពតាមច្បាប់របស់គ.ល.ក។

ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តដើម្បីត្រួតពិនិត្យការអនុវត្តបទបញ្ជាលេខ០១ បប របស់រាជរដ្ឋាភិបាលកម្ពុជា នារសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ នៅសាលប្រជុំទុរេន ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា កិច្ចការងារបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងល្បែកស៊ីសងខុសច្បាប់ គឺជាកិច្ចការអាទិភាពចម្បងបំផុតសម្រាប់អាជ្ញាធរ ក៏ដូចជាកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលត្រូវបង្កើនការយកចិត្តទុកដាក់ សហការ និងមានយន្តការ បង្ការ ទប់ស្កាត និងបង្ក្រាបឲ្យមានប្រសិទ្ធភាពខ្ពស់ ស្របទៅតាមបទបញ្ជាលេខ០១ បប របស់រាជរដ្ឋាភិបាល ស្ដីពីការ អនុវត្តប្រតិបត្តិការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ក្នុងឱកាសនោះដែរ ឯកឧត្តម ក៏បានណែនាំនាំដល់កាស៊ីណូខ្ញុំ និងកាស៊ីណូឋានសួគ៌បូកគោ ត្រូវត្រួតពិនិត្យធ្វើបច្ចុប្បន្នភាពកន្លែងរបស់ខ្លួនឲ្យបានច្បាស់លាស់ និងត្រូវគោរពតាមគោលការច្បាប់របស់គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក) ក្នុងករណីស៊ើបទៅមានប្រព្រឹត្តិបទល្មើស ខេត្តនឹងអនុវត្តច្បាប់គ្មានការលើកលែងទេ។

ក្នុងកិច្ចប្រជុំនោះដែល ឯកឧត្តមអភិបាលខេត្តក៏បានកោតសរសើរដល់ថ្នាក់ដឹកនាំជុំវិញខេត្ត កងកម្លាំងគ្រប់ប្រភេទ  អាជ្ញាធរក្រុងស្រុក នាពេលកន្លងមកបានអនុវត្តភារកិច្ចតួនាទីបានល្អប្រសើរ ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់  ពិសេសបង្ការ ទប់ស្កាត និងបង្ក្រាប បាននូវរាល់បទល្មើសផ្សេងៗក្នុងខេត្តគួរជាទីមោទនៈ៕ សេង ណារិទ្ធ