ដោយ ពូ កំដរ
កំពង់ធំ៖ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយបទបញ្ជាថ្មីៗ របស់រាជ
រដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដល់កងកម្លាំងប្រមាណជិត ៣០០នាក់ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត ព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥។
ថ្លែងក្នុងពិធីនោះលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានកោតសរសើរ ដល់កងកម្លាំងគ្រប់លំដាប់ថ្នាក់ទូទាំងខេត្ត ដែលមានអង់ឯកភាព សាមគ្គីភាព ឈានទៅសម្រេចបានស្នាដៃ សមិទ្ធផលនានា ជាបន្តបន្ទាប់ ជូនសង្គមជាតិ និងប្រជាពលរដ្ឋ រស់នៅប្រកបដោយភាពសុខក្សេមក្សាន្ត ។
លោកឧត្តមសេនីយ៍ទោ ក៏បានបន្តផ្សព្វផ្សាយបទបញ្ជារបស់រាជរដ្ឋាភិបាល លេខ០១ បប និងសេចក្តីណែនាំលេខ០០៤ .០០៥.០១៤ សណន របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ជាពិសេសបទបញ្ជារបស់អគ្គស្នងការនគរបាលជាតិ ពាក់ព័ន្ធការងារពង្រឹងកងកម្លាំងនគរបាលជាតិ ។
បន្ទាប់មកលោកឧត្តមសេនីយ៍ទោ ក៏បានដាក់គោលការណ៍ ចំនួន ០៦ ចំនុច ដល់អស់លោក លោកស្រី ជាថ្នាក់ដឹកនាំផែនការងារ ជំនាញ និងលោកអធិការនគរបាលទាំង ០៩ ក្រុង-ស្រុក ឱ្យបានម៉ឺងម៉ាត់បំផុត ÷
១- ពង្រឹងវិន័យលេខ ៨៧៣ របស់កងកម្លាំងនគរបាលជាតិ កម្ពុជា ។
២- ពង្រឹងរបៀបរបបការងារជំនាញ ។
៣-ការគ្រងឯកសណ្ឋាន ត្រូវស្លៀកពាក់ឱ្យបានសមរម្យ សាកសមជាមន្ត្រីនគរបាលជាតិ ក្នុងពេលវេលាបំពេញភារកិច្ច
និងបេសកកម្ម ជាប្រចាំថ្ងៃ ។
៤-ពង្រឹងការប្រមូលផ្ដុំកងកម្លាំងវេនប្រចបញ្ជា និងកម្លាំងអន្តរាគមន៍ ប្រចាំការ ក្នុងអង្គភាព ២៤ម៉ោងលើ ២៤ម៉ោង ក្នុងអង្គភាព ត្រៀមខ្លួនរួចជាស្រេច រង់ចាំអនុវត្ត បទបញ្ជារបស់ថ្នាក់ដឹកនាំ ប្រគល់ជូន និងកិច្ចអន្តរាគមន៍ សង្គ្រោះដល់ប្រជាពលរដ្ឋ នាគ្រាជួបការលំបាក ។
៥-ការងារព្រហ្មទណ្ឌ ត្រូវបន្តពង្រឹង វិធានការច្បាប់ វិធានការជំនាញ ការចងក្រង គ្រប់គ្រងមុខ និងមុខរបរពិសេស ។
៦-ការងារអគ្គិភ័យ និងសង្គ្រោះ ត្រូវបន្តត្រួតពិនិត្យ ថែទាំរថយន្តពន្លត់អគ្គិភ័យ សម្ភារៈមធ្យោបាយ ឧបករណ៍ បច្ចេកទេស បម្រើឲ្យកិច្ចប្រតិបត្តិការសង្គ្រោះ បន្តចុះផ្សព្វផ្សាយអប់រំ បញ្ហាអគ្គិភ័យ និងចែកលេខទូរស័ព្ទ ទំនាក់ទំនង សម្រាប់កិច្ចអន្តរាគមន៍ ដល់ប្រជាពលរដ្ឋ ។
ជាកិច្ចចុងក្រោយ លោកស្នងការ បានផ្ថាំផ្ញើ អស់កងកម្លាំងទាំងអស់ត្រូវបន្តថែរក្សាវប្បធម៌ ឯកភាព សាមគ្គីភាព ឈានទៅសម្រេចបានសមិទ្ធផលថ្មី ស្នាដៃថ្មីៗ បន្ថែមទៀត៕





































