ដោយ ពូ កំដរ
កំពង់ធំ÷ លោក ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំប្រឡាយ
និងឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ លើកទឹកចិត្តដល់យុវសិស្សជាបេក្ខជនដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៃវិទ្យាល័យជាស៊ីមប្រឡាយ ដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាឆ្នាំនេះ។
ក្នុងឱកាសនោះដែរលោក បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដែលឯកឧត្តមតែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ដល់ វិស័យអប់រំជាពិសេសសិស្សានុសិស្សគ្រប់ ភូមិសិក្សាក៏ដូចជាពុកម៉ែបងប្អូនប្រជាពលរដ្ឋទូទាំង ស្រុកស្ទោងទាំងមូលជាពិសេសឯកឧត្តមបានកសាងនូវប្រព័ន្ធធារាសាស្ត្រ និងហេដ្ឋារចនាសម្ព័ន្ធយ៉ាងច្រើនដែលជាការរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍស្រុកស្ទោងសព្វថ្ងៃនេះ។
ជាមួយគ្នានេះលោកបានកោតសរសើរខ្ពស់ដល់លោកនាយក លោកគ្រូ អ្នកគ្រូ ដែលបានខិតខំយកចិត្តទុកដាក់ក្នុងការបង្ហាត់បង្រៀនបេក្ខជននិងសិស្សានុសិស្សអស់ពីលទ្ធភាពក្នុងការត្រៀមប្រឡងក្នុងពេលខ្លីខាងមុខនិងបានណែនាំដល់បេក្ខជនត្រៀមប្រឡងត្រូវប្រើប្រាស់ពេលវេលាដែលនៅេសសសល់ទាំងប៉ុន្មានឱ្យអស់ពីលទ្ធភាពនិងជូនពរបេក្ខជនគ្រប់រូបសូមទទួលបាននូវលទ្ធផលនិងនិទ្ទេសល្អគ្រប់ៗគ្នា។
សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ ខាងមុខនេះ ហើយក្នុងឱកាសនេះដែរលោកបានឧបត្ថម្ភ៖
១. លោកគ្រូអ្នកគ្រូបង្រៀនវគ្គបំប៉ន ចំនួន ២លាន៧៥ម៉ឺនរៀល ២. សិស្សានុសិស្សដែលខ្វះលទ្ធភាពសម្រាប់ការធ្វើដំណើរ និងការស្នាក់នៅ ចំនួន១៩នាក់ ក្នុងម្នាក់ៗ ១២ម៉ឺនរៀល ៣. ក្មួយៗជាបេក្ខជនប្រឡងចំនួន ៧០នាក់ ក្នុងម្នាក់ៗ ៦ម៉ឺនរៀល
៤. លោកគ្រូអ្នកគ្រូនៃវិទ្យាល័យ ជា ស៊ីម ប្រឡាយ ចំនួន៣៧នាក់ ក្នុងម្នាក់ៗ ៤ម៉ឺនរៀល ៥.ក្រុមប្រឹក្សាឃុំ និងយុវជនឃុំប្រឡាយ សរុបចំនួន ២១នាក់ ម្នាក់ៗ ២ម៉ឺនរៀលផងដែរ៕





































