រដ្ឋបាលខេត្តសៀមរាប ដាំកូនឈើជាង៣ ០០០ដើម លើផ្ទៃដី៥ហិកតា ក្នុងស្រុកបន្ទាយស្រី អបអរសាទររុក្ខទិវា ៩កក្កដា

0

សៀមរាប: រដ្ឋបាលខេត្តសៀមរាប ដោយមានការសហការជាមួយមន្ទីរអង្គភាពពាក់ព័ន្ធ បានរៀបចំដាំកូនឈើទាលជាង ៣ ០០០ដើម លើផ្ទៃដី៥ហិកតា ស្ថិតនៅក្នុងស្ថានីយស្ដារ និងអភិវឌ្ឍព្រៃឈើ ក្នុងឃុំឃុនរាម ស្រុកបន្ទាយ ជាទីតាំងព្រៃរិចរិល និងធ្លាប់រងការគម្រាមកំហែងជារៀងរាល់ឆ្នាំបង្កឡើងដោយជនខិលខូច ហើយការដាំនេះក៏ដើម្បី អបអរសាទររុក្ខទិវា ៩កក្កដា ឆ្នាំ២០២៥នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥នេះ។
លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មខេត្ត បានបង្ហាញថា ក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ មន្ត្រីជំនាញបានសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ធ្វើការបង្ក្រាបបទល្មើសព្រៃឈើចំនួន ២០ករណី ដោយពិន័យអន្តរការណ៍ចំនួន៩ករណី បញ្ជូនទៅតុលាការចំនួន៧ករណី និងកំពុងចាត់ការចំនួន៤ករណីផងដែរ។
លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត មានប្រសាសន៍ថា ព្រៃឈើមានតួនាទីសំខាន់ជាសរសៃឈាមក្នុងវិស័យកសិកម្មជាតិ ជាអាយុជីវិតប្រជាកសិករ និងជាខឿននៃសេដ្ឋកិច្ចជាតិ។ ចំពោះការដាំដើមឈើនៅពេលនេះ បង្ហាញនូវអត្ថន័យដ៏ជ្រាលជ្រៅសម្រាប់ជាចលនាបំផុសស្មារតីប្រជាពលរដ្ឋ ឱ្យចេះស្រឡាញ់ព្រៃឈើ ចូលរួមដាំដុះ និងការពារព្រៃឈើ ក៏ដូចជាជួយជំរុញផលប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងជីវភាពរស់នៅប្រចាំថ្ងៃ បង្កបង្កើនផលកសិកម្ម និងបង្កើនសុខុមាលភាពគ្រួសារព្រមទាំងជួយលើកស្ទួយបរិស្ថានសង្គមផងដែរ។ លោក អ៊ឹង គឹមលាង ក៏បានលើកឡើងពីព្រះរាជបន្ទូលរបស់ ព្រះបរមរតនកោដ្ឋ ថា”ការចូលរួមចំណែកការពារ និងថែរក្សាព្រៃឈើ ជាកាតព្វកិច្ចចាំបាច់របស់ពលរដ្ឋគ្រប់ៗរូប ហើយករណីយកិច្ចនេះ គឺតកូន តចៅ និងបានបង្កឱ្យអាកាសធាតុមានភាពប្រក្រតីជាវិជ្ជមាន ចំពោះវិស័យកសិកម្ម និងមនុស្សជាតិ”។ លោកអភិបាលរងខេត្ត ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ដែលកំពុងបន្តអាជីវកម្មកាប់បំផ្លាញព្រៃឈើ ដើម្បីទន្ទ្រានយកដីព្រៃ ការដុតព្រៃឈើយកដី រដ្ឋធ្វើកម្មសិទ្ធិសូមបញ្ឈប់ជាបន្ទាន់ ព្រោះការធ្វើអាជីវកម្មព្រៃឈើ និងជំនួញដីព្រៃឈើ ខុសច្បាប់គឺជាបទល្មើសដ៏ធ្ងន់ធ្ងរបំផុត ជាពិសេសគ្រោះមហន្តរាយដល់បរិស្ថានធម្មជាតិ ដែលបណ្តាលមកពីការកាប់បំផ្លាញ។ ក្នុងន័យនេះ យើងត្រូវរួមសាមគ្គីគ្នា បណ្តុះឡើងវិញនូវគំនិតស្រឡាញ់ព្រៃឈើ ថែរក្សាការពារព្រៃឈើ និងបណ្តុះឡើងវិញនូវទស្សនៈសន្សំសំចៃក្នុងការប្រើប្រាស់ផល អនុផលព្រៃឈើគ្រប់ប្រភេទ បណ្តុះឡើងវិញនូវស្មារតីគោរពច្បាប់ អនុវត្តច្បាប់ដើម្បីរួមចំណែកកសាងព្រះរាជាណាចក្រកម្ពុជាឲ្យទៅជានីតិរដ្ឋ ៕