រដ្ឋមន្រ្តីព័ត៌មាន ប្តេជ្ញាមិនឲ្យមានព័ត៌មានក្លែងក្លាយដឹកមុខកម្ពុជា ដោយត្រូវរួមគ្នាជាមួយប្រទេសក្នុងតំបន់ប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ

0

សៀមរាប: កម្ពុជានឹងមិនអាចឲ្យព័ត៌មានក្លែងក្លាយដឹកមុខទេ មានន័យថា កាលណាមានព័ត៌មានក្លែងក្លាយត្រូវតែដាក់ព័ត៌មានពិតបកស្រាយលឿនតាមអ្វីដេលអាចធ្វើទៅបាន។ នេះជាការលើកឡើងដោយ ឯកឧត្តមនេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ពេលសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ ២០២៥ ក្នុងសន្និសីទកំពូលស្តីពីប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ (20th Asia Media Summit) នៅលើទឹកដីអង្គរ ខេត្តសៀមរាប។
ឯកឧត្តម នេត្រ ភក្រ្តា បានឲ្យដឹងថា តាមរយៈបទពិសោធន៍កន្លងមកឃើញថា មានតែកម្ពុជាទេដែលបានរៀបចំនូវយន្តការក៏ដូចជាយុទ្ធនាការច្បាស់លាស់ចេញជារូបរាង និងទ្រង់ទ្រាយធំ ដើម្បីផ្លាស់ប្តូរឥរិយាបទប្រជាពលរដ្ឋក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ។

ក្រៅពីនេះកម្ពុជាក៏សិក្សាទៅលើផ្នែកឯកសារ និងការរៀបចំគិតគូផ្សេងៗរបស់បណ្តាប្រទេសមួយចំនួនផងដែរ តែមិនទាន់មានសកម្មភាពជាក់ស្តែងនៅឡើយទេ។ លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា សម្រាប់សន្និសីទកំពូលស្តីពី ប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ (20th Asia Media Summit) នៅលើទឹកដីអង្គរ ខេត្តសៀមរាបនេះនឹងចែករំលែកទាក់ទិនក្នុងរឿងនេះ។ ទន្ទឹមនេះកម្ពុជារំពឹងថានឹងមានសេចក្តីថ្លែងការណ៍អង្គរ២.០ ដែលមានន័យថា ជាសេចក្តីថ្លែងការណ៍ពាក់ព័ន្ធនឹងការប្រឆាំងព័ត៌មានក្លែងក្លាយ។ ឯកឧត្តម រដ្ឋមន្ត្រីព័ត៌មាន បានឱ្យដឹងដែរថា កាលពីលើកទី១ក្នុងកិច្ចប្រជុំសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីកាលពីឆ្នាំ២០១៩ មានសេចក្តីថ្លែងការណ៍អង្គរស្តីពី ការប្រឆាំងព័ត៌មានក្លែងក្លាយ។ ដូចនេះក្នុងឆ្នាំ២០២៥ នឹងមានរៀបចំសេចក្តីថ្លែងការណ៍អង្គរស្តីពី ការប្រឆាំងព័ត៌មានក្លែងក្លាយផងដែរ ដោយសារបច្ចុប្បន្នបញ្ញាសិប្បនិម្មិត (AI)ចូលជ្រែក ដោយក្នុងនេះពេលខ្លះបានប្រើប្រាស់សម្លេងយកទៅបំភ្លៃ បំប៉ោង ដើម្បីធ្វើឱ្យប្រជាពលរដ្ឋភាន់ច្រឡំ ដែលបញ្ហានេះត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា។ ដោយឡែកប្រធានបទសំខាន់មួយទៀតក្នុងក្របខណ្ឌកិច្ចសហប្រតិការការទូតព័ត៌មានដែលក្រសួងដឹកនាំកិច្ចប្រជុំនេះបានផ្តោតសំខាន់ទៅលើកិច្ចសហការជាមួយបណ្តាប្រទេសដទៃទៀត ពិសេសក្នុងបរិបទបច្ចេកវិទ្យាកំពុងរីកចម្រើនដែលចាំបាច់បណ្តាប្រទេសទាំងអស់ត្រូវសហការគ្នាធ្វើការងារជាមួយគ្នា ដើម្បីពង្រឹងទៅលើប្រសិទ្ធភាពព័ត៌មាន ទៅលើសន្តិសុខព័ត៌មាន ដើម្បីឱ្យប្រជាពលរដ្ឋរបស់ខ្លួនទទួលបានព័ត៌មានដែលមានគុណភាព ធានាបានការទទួលព័ត៌មាន បានទទួលព័ត៌មានគ្រប់ជ្រុងជ្រោយ និងសុវត្តិភាពព័ត៌មានដែលទប់ស្កាត់កុំឱ្យមានព័ត៌មានក្លែងក្លាយ។ ក្រៅពីនេះប្រធានបទទី៤ដែលទាក់ទងនឹងបច្ចេកវិទ្យាព័ត៌មានក្នុងសង្គមដែលផ្តល់អំណាចធំដល់យុវជន ពិសេសស្រ្តី។ តាមរយៈបច្ចេកវិទ្យានេះមិនអនុញ្ញាតឱ្យនរណាម្នាក់នៅដាច់ដោយឡែកតែឯកឯងទេពោលគឺ ត្រូវតែមានទំនាក់ទំនងជាមួយគ្នា។ ឯកឧត្តម នេត្រ ភក្រ្តា បានបញ្ជាក់ថា អ្វីដែលយើងរំពឹងទុកបណ្តាប្រទេសក្នុងតំបន់អាស៊ាន និងពិសេសក្នុងតំបន់អាស៊ីកាន់តែរួបរួមគ្នាថែមទៀតក្នុងកិច្ចសហប្រតិបត្តិការក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ក្នុងតំបន់។ ក្រៅពីនេះត្រូវតែមានការចែករំលែករបស់ប្រទេសនីមួយៗក្នុងតំបន់ និងចែករំលែកដល់ប្រទេសផ្សេងៗទៀតបានយកទៅអនុវត្ត ឬទាញយកទៅជាបទពិសោធន៍សម្រាប់ការអនុវត្តក្នុងកិច្ចការងាររបស់ខ្លួន។ ដោយឡែកចំពោះការទូតព័ត៌មានដែលក្រសួងព័ត៌មានកម្ពុជាបង្កើតឡើងដើម្បីឱ្យបណ្តាប្រទេសនីមួយៗមានការយកចិត្តទុកដាក់ ហើយរួបរួមគ្នាក្នុងការរៀបចំនូវគោលនយោបាយ គំនិតផ្តួចផ្តើម គម្រោង និងការអនុវត្តផ្សេងៗដែលបម្រើឱ្យតំបន់ បម្រើឱ្យទ្វីបក្នុងអាស៊ីតែម្តងដែលធ្វើឱ្យបណ្តាប្រទេសនីមួយៗកាន់តែជិតស្និទ្ធ ឈានទៅដល់ការដោះស្រាយរួមគ្នា។
សូមបញ្ជាក់ថា កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០(20th Asia Media Summit -AMS) នៅលើទឹកដីអង្គរ ខេត្តសៀមរាប ក្រោមប្រធានបទ «អបអរសាទរពីរទសវត្សរ៍នៃឧត្តមភាព និងលើសពីនេះ» ដែលមានអ្នកសារព័ត៌មានចូលរួមមកពីប្រទេសជាសមាជិកចំនួន ២៦ប្រទេស នៅទូទាំងពិភពលោក និងដៃគូកិច្ចសហប្រតិបត្តិការ ព្រមទាំងអង្គការអន្តរជាតិដែលចូលរួមជាមួយប្រព័ន្ធផ្សព្វផ្សាយផងដែរ៕