បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី ៤ ផ្សព្វផ្សាយបទបញ្ជាលេខ ០១ បប របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីយុទ្ធនាការបោសសំអាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ( អនឡាញស្គែម) និង​ពង្រឹង​តួនាទី​ភារកិច្ច​ របស់​កង​យោធពលខេមរភូមិន្ទ​ ក្នុង​សភាព​ការណ៍​ថ្មី​ 

0

(ខេត្តកំពង់ធំ)៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី ៤ បានរៀបចំកម្មវិធីផ្សព្វផ្សាយ បទបញ្ជាលេខ ០១ បប របស់រាជរដ្ឋាភិបាល កម្ពុជា ស្ដីពីយុទ្ធនាការបោសសំអាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (អនឡាញស្គែម)  និង​ពង្រឹង​តួនាទី​ភារកិច្ច​របស់​កងយោធពលខេមរភូមិន្ទ​ក្នង​សភាពការណ៍​ថ្មី​ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥។

ក្នុងកម្មពិធីនេះក៏មានការចូលរួមពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់  មេបញ្ជាការគ្រប់បណ្ដាកងឯកភាព និងនាយការិយាល័យ ស្ថាប័នចំណុះនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ចូលរួមផងដែរ។

លោកវរសេនីយ៍ឯក សោម សុភាវុធ  មេបញ្ជាការរង នាយសេនាធិការ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងអានបទបញ្ជាលេខ ០១ បប របស់រាជរដ្ឋាភិបាល និងសេចក្តីសម្រេច លេខ ១០២/ ២៥ សសរ របស់រដ្ឋបាលខេត្តកំពង់ធំ ស្តីពីការបង្កើតគណៈកម្មការចំពោះកិច្ច ប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (អនឡាញស្កែម)  ដែលមានសមាសភាពឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ជាប្រធាន មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី ជាអនុប្រធាន និងមានសមាជិកមួយចំនួនទៀត ក្នុងការបំពេញភារកិច្ចបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា អនឡាញ ស្គែម ឱ្យមានប្រសិទ្ធភាព តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ។

ក្នុង​ឱកឱកាសនោះ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានគូសបញ្ជាក់ អំពីបទបញ្ជាទាំង ៩ ចំណុច របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា  ដោយឡែកបានសង្កត់ធ្ងន់ នូវចំណុចទី៦ និងចំណុចទី៩ អំពីការប្រើប្រាស់កម្លាំងកងយោធលខេមរភូមិន្ទ ក្នុងភារកិច្ច អន្តរាគមន៍ គាំទ្រ ក្នុងការអនុវត្តបទបញ្ជានេះ ឲ្យទទួលបានជោគជ័យ។ ហើយជាមួយនេះដែរ លោក​មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក៏​បានគូសបញ្ជាក់ ក្នុងចំណុចទី ៩ នៃបទបញ្ជា​ ស្តីអំពីក្រសួងស្ថាប័នដែលមានការពាក់ព័ន្ធ  និងបុគ្គល ឬអង្គភាពណា ដែលមិនបានអនុវត្តតាមបទបញ្ជានេះ ឬមិនសហការអនុវត្តក្នុងរូបភាពណាមួយ ត្រូវប្រឈមមុខក្នុងការបញ្ចប់មុខតំណែងរបស់ខ្លួន។ ដូច្នេះយោធិនគ្រប់រូប នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  ត្រូវចូលរួមសហការក្នុងការស្រាវជ្រាវ ផ្ដល់ព័ត៌មាន ឲ្យទាន់ពេលវេលា ដើម្បីចូលរួមសហការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ឲ្យទទួលបានជោគជ័យ។

លោកឧត្តមសេនីយ៍ទោ ក៏បានប្រគល់ភារកិច្ចមួយចំនួនបន្ថែមទៀត ជូនដល់នាយទាហាន នាយទាហានរង  និងពលទាហាន ចំណុះបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រូវត្រៀមខ្លួន មធ្យោបាយ និងគ្រឿងបំពាក់ រួចជាស្រេច ក្នុងការអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ ក្នុងភារកិច្ចការពារជាតិ ការពារបូរណភាពទឹកដី ក្នុងពេលដែលខ្មាំងសត្រូវរំលោភឈ្លានពានចូលទឹកដីកម្ពុជា ។

លោកឧត្ដមសេនីយ៍​ទោសោម​ ស៊ុន​ រួម​ជាមួយ​នាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់ចំណុះឲ្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្តេជ្ញាចិត្តគោរពប្រតិបត្តិយ៉ាងម៉ឺងម៉ាត់ តាមបទបញ្ជារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត  នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា និងប្រមុខដឹកនាំនៃក្រសួងការពារជាតិ  ព្រមទាំងមេបញ្ជាការគ្រប់លំដាប់ថ្នាក់ តាមឋានានុក្រម ក្នុង​ការ​ចូលរួម​សហការ​បង្ក្រាប​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ និង​ត្រៀម​កម្លាំង​សម្រាប់​អនុវត្ត​ន៍​តាម​បទបញ្ជា​ឲ្យមានប្រសិទ្ធភាពនិងទទួលបានជោគជ័យ៕