ថ្នាក់ដឹកនាំខេត្តកំពង់ចាម នាំយកទៀនចំណាំព្រះវស្សា និង​ទេយ្យទាន​​ ប្រគេនដល់ព្រះសង្ឃគង់នៅវត្តចំនួន៤ ក្នុងក្រុងកំពង់ចាម

0

កំពង់ចាម​:​ ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី​២១ ខែកក្កដា​ ឆ្នាំ​២០២៥​នេះ​ បាននាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន និងបច្ច័យ ប្រគេនដល់ព្រះសង្ឃ ចំនួន ៤វត្ត ស្ថិតនៅក្នុងក្រុងកំពង់ចាម រួមមាន វត្តខេមវ័នបឹងស្នាយ វត្តសុទស្សនារាមជ្រោយថ្ម វត្តបុទុមតរនៈតីដុះ និងវត្តជោតនារាមបឹងកុក​ ដោយក្នុង​ ១វត្តៗ ទៀនវស្សាក្បាច់​ ១គូ អង្ករ ១០០គីឡូក្រាម មី​ ១កេសធំ ទឹកបរិសុទ្ធ ៥កេស ទឹកត្រី ៥កេស ទឹកស៊ីអ៊ីវ ៥កេស ត្រីខ ១កេស ទឹកដោះគោខាប់ ១កេសធំ ទឹកក្រូច ១០កេស តែ ៥គីឡូក្រាម​ ស្ករស ៥គីឡូក្រាម និងបច្ច័យចំនួន ៣លាន និង​ ១៦ម៉ឺនរៀល​ ។
ដោយឡែកព្រះសង្ឃ​ ចំនួន ៧អង្គ ក្នុង​ ១អង្គ​ ប្រគេនទេយ្យវត្ថុ​ ១ បច្ច័យ ១០​ម៉ឺនរៀល​ ចង្ហាន់​ ១ស្រាក់ និងផ្លែឈើ ១កន្ក្រក់ផងដែរ​ ។

ក្នុងឱកាសនោះ ឯកឧត្តម ខ្លូត ផន ឯកឧត្តម អ៊ុន ចាន់ដា​ និង​ថ្នាក់ដឹកនាំ​ជាច្រើន​រូប​ទៀត​ បានអុជធូប​ថ្វាយបង្គំ​ព្រះរតនត្រ័យ​ និងវេរប្រគេនទានព្រះវស្សា និងទ័យវត្ថុ ដល់ព្រះសង្ឃ ទៅតាមកិច្ចសាសនា ដោយបានឧទ្ទិសបួង​សួង​ សុំឲ្យ​វត្ថុ​សក្តិសិទ្ឋិ សូមជួយថែរក្សា​ប្រទេសកម្ពុជា ឲ្យមានភាពរីកចំរើន មានសន្តិភាព គង់វង្សជានិរន្តរ៍​ តរៀងទៅអនាគត ។

បន្ទាប់មកព្រះសង្ឃ ក៏បាន​ធ្វើ​បទនម​សក្ការ​ប្រោះព្រំឲ្យពរឲ្យជ័យ សេរីសួស្តី ជ័យមង្គលជូនដល់ ឯកឧត្តម លោកជំទាវ និង​លោក លោកស្រី ពុទ្ធបរិស័ទ ពិសេស បានឧទ្ទិសកុសលដល់បុព្វការីជន មានមាតា បិតា ជីដូនជីតា ញាតិ្តការ​ទាំង ៧សណ្ដាន ព្រម​ទាំង​ ឧទ្ទិសបុណ្យកុសលដល់វីរៈយុទ្ឋជន យុទ្ឋនារី ដែលបានលះបង់ជីវិតក្នុងបុព្វ​ហេតុ​​ជាតិ មាតុភូមិ ផងដែរ ។

គួរកត់សម្គាល់ដែរថា តាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ឋសាសនា ក្នុង ១ឆ្នាំ ព្រះសង្ឃត្រូវគង់ចាំព្រះវស្សាចំនួន ៣​ខែ​ ក្នុង​ទីវត្ត​អារាម គឺ ចាប់ពីថ្ងៃទី១រោច ខែអាសាឍ ដល់ថ្ងៃ១៥កើត ខែ​អស្សុជ ដោយមិនអាចនិមន្ត​បិណ្ឌបាត​ទៅ​ទីណាឡើយ ។ ហេតុដូចនេះហើយ ទើបពុទ្ធបរិស័ទដែលមានសទ្ឋា​ជ្រះថ្លា​ក្នុងព្រះពុទ្ឋសាសនា តែងប្រគេនទានព្រះវស្សា និងទ័យវត្ថុផ្សេងៗ ទៅកាន់ទីវត្តអារាម​ ដើម្បី​ ព្រះសង្ឃបានអុជបំភ្លឺ និងមាន​ចង្ហាន់ របស់របរប្រើប្រាស់ ក្នុងកំឡុងពេលកាន់ព្រះវស្សា ៣ខែ នេះ ៕