អភិបាលខេត្តកំពង់ចាម បានជំរុញដល់មន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវបន្តពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ សាធារណៈឱ្យបានល្អប្រសើរ

0

កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុងកំពង់ចាម បានជំរុញដល់មន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវបន្តពង្រឹងសន្តិសុខសណ្តាប់ ធ្នាប់សាធារណៈឱ្យបានល្អប្រសើរ ដើម្បីបង្កើន ជំនឿចិត្តពីប្រជាពលរដ្ឋមកលើអាជ្ញាធរមូលដ្ឋាន ការថ្លែងបែបនេះក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ក្រុងកំពង់ចាម ប្រចាំឆមាសទី១ និងទិសដៅភារកិច្ចបន្ត ឆ្នាំ២០២៥ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ ២០២៥ ។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា បានណែនាំដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ក្រុងកំពង់ចាម ក៏ដូចជាមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវបន្តការចុះធ្វើវេទិកាសាធារណៈ នៅតាមបណ្តា សង្កាត់ ទាំង៤ ក្នុងក្រុងកំពង់ចាម​ ដើម្បី ធ្វើការដោះស្រាយបញ្ហាផ្សេងៗ ជូនបងប្អូនប្រជាពលរដ្ឋ ក្រៅពីនោះត្រូវ ពង្រឹងយន្តការច្រកចេញចូលតែមួយ ដើម្បី បម្រើសេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ឱ្យកាន់តែល្អ ប្រសើរឡើងទៀតផង ។

ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុងកំពង់ចាម ក៏បានណែនាំឱ្យឈ្វេងយល់អំពីគោលនយោបាយអាទិភាពទាំង ៦ចំណុច និងវិធានការគន្លឹះទាំង៥ របស់រាជរដ្ឋាភិបាល នីតិការទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា សំដៅឆ្ពោះទៅការដោះស្រាយ បញ្ហាជូនប្រជាពលរដ្ឋ ក៏ដូចជា ការលើកកម្ពស់គុណភាព និងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋឱ្យ កាន់តែមានភាពប្រសើរឡើងផងដែរ ៕