(កំពង់ធំ)÷ លោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំប្រចាំឆមាសទី១ ស្ដីពីការអនុវត្តសកម្មភាពការងារគណនេយ្យភាពសង្គម ឆ្នាំ២០២៥ នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។
លោកជំទាវអភិបាលរងខេត្តកំពង់ធំ បានមានប្រសាសន៍ថា ការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ចាប់ពីថ្នាក់ខេត្តរហូត ដល់ថ្នាក់មូលដ្ឋាន ឃុំ-សង្កាត់ រួមទាំងអង្គការសង្គមស៊ីវិល ដែលបានរួមគ្នាយ៉ាងសកម្មក្នុង ការជំរុញយន្តការនេះឱ្យដំណើរការទៅមុខ។ ជាក់ស្តែងក្នុងឆមាសទី១កន្លងមក យើងសង្កេតឃើញមានលទ្ធផលជាវិជ្ជមានមួយចំនួន៖
-ការយល់ដឹងរបស់ប្រជាពលរដ្ឋ៖ ប្រជាពលរដ្ឋនៅតាមសហគមន៍គោលដៅមួយចំនួន បានយល់ដឹងកាន់តែច្បាស់អំពីសិទ្ធិរបស់ពួកគាត់ក្នុងការទទួលបានសេវាសាធារណៈ ប្រកបដោយគុណភាព ដូចជាសេវាអប់រំ សុខាភិបាល និងសេវារដ្ឋបាលនៅថ្នាក់ឃុំ-សង្កាត់។
-ការផ្សព្វផ្សាយព័ត៌មាន៖ មណ្ឌលសុខភាព សាលាបឋមសិក្សា និងរដ្ឋបាលឃុំ-សង្កាត់ កំពុងអនុវត្តការបិទផ្សាយព័ត៌មានស្តីពីថវិកា ផែនការសកម្មភាព និងស្តង់ដាសេវា សាធារណៈបានល្អប្រសើរជាងមុន។
-វេទិកាសាធារណៈ÷ វេទិកាពិគ្រោះយោបល់ និងកិច្ចសន្ទនារវាងប្រជាពលរដ្ឋ និងអ្នកផ្តល់សេវា ត្រូវបានរៀបចំឡើងជាបន្តបន្ទាប់ បង្កើតបានជាឱកាសសម្រាប់ប្រជាពលរដ្ឋ លើកឡើងពីកង្វល់ និងសំណូមពរនានាដោយផ្ទាល់។
លោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ បានលើកឡើងពីសកម្មភាពជាក់ស្តែង បង្កើនផលជាវិជ្ជមាន និងដាក់គោលការណ៍ ៤ចំណុចឱ្យមន្ទីរ/អង្គភាពជំនាញ អនុវត្តសកម្មភាពការងារគណនេយ្យភាពសង្គមមានប្រសិទ្ឋភាព ជូនដល់ប្រជាពលរដ្ឋ÷
១. ចំពោះមន្ទីរ-អង្គភាពជំនាញ និងអ្នកផ្តល់សេវាសាធារណៈទាំងអស់៖ សូមសហការដោះស្រាយនូវបញ្ហាប្រឈម និងសំណូមពររបស់ប្រជាពលរដ្ឋដែលបានលើកឡើង ទៅធ្វើការពិចារណា និងដាក់បញ្ចូលក្នុងផែនការកែលម្អសេវារបស់ខ្លួន។ បន្តពង្រឹងការបិទផ្សាយព័ត៌មានស្តីពីថវិកា និងស្តង់ដាសេវាឱ្យបានទូលំទូលាយ និងងាយស្រួលយល់។ ត្រូវបង្កើនយន្តការទទួលដោះស្រាយបណ្តឹងឱ្យបានរហ័ស និងមានប្រសិទ្ធភាព។
២.ចំពោះរដ្ឋបាលស្រុក និងឃុំ បន្តបង្កលក្ខណៈងាយស្រួល និងលើកទឹកចិត្តឱ្យមាន ការរៀបចំវេទិកាសាធារណៈ និងកិច្ចសន្ទនារវាងប្រជាពលរដ្ឋ និងអ្នកផ្តល់សេវា។ ត្រូវដើរតួនាទីជាអ្នកសម្របសម្រួលដ៏សកម្មក្នុងការផ្សព្វផ្សាយព័ត៌មាន និងដោះស្រាយ បញ្ហានៅមូលដ្ឋាន។
៣. ចំពោះអង្គការសង្គមស៊ីវិល៖ រដ្ឋបាលខេត្តសូមទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះ ការចូលរួមចំណែកដែលមិនអាចខ្វះបាន។ បន្តបេសកកម្មក្នុងការកសាងសមត្ថភាព ដល់ប្រជាពលរដ្ឋ ជួយសម្របសម្រួលដំណើរការគណនេយ្យភាពសង្គម និងបន្តធ្វើជាស្ពានតភ្ជាប់រវាងរដ្ឋបាលសាធារណៈ និងប្រជាពលរដ្ឋ តាមរយៈការផ្តល់ព័ត៌មានត្រឡប់ ប្រកបដោយការស្ថាបនា។
៤.ភាពជោគជ័យនៃគណនេយ្យភាពសង្គម អាស្រ័យលើ ការសហការគ្នា ដើម្បីគោលដៅរួមតែមួយគឺ ការបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ បន្តពង្រឹងស្មារតីសហការនេះឱ្យកាន់តែរឹងមាំបន្តទៀត។ អត្ថបទលោក ធូ កែវមុន្នី





































