កូនត្រីចម្រុះដែលប្រជានេសាទដាក់ឧបករណ៍ខុសច្បាប់ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ត្រូវបានប្រលែងចូលទន្លេវិញ

0

(កំពង់ធំ)÷ លោក ភិន សុភា នាយសង្កាត់រដ្ឋបាលជលផលបារាយណ៍(ប្រចាំស្រុកតាំងគោក) បានចូលរួមជាមួយទីបញ្ជាការស្រាលកោះរះ បានចុះបង្ក្រាបបទល្មើសជលផលនៅចំណុចខាងលិចភូមិទួលតាមុំ សានស្រី ដៃវែង បឹងផ្ទោល និងអូលួ ស្ថិតក្នុងភូមិសាស្រ្តឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ។ ជាលទ្ធផលអនុវត្តបាន០២ករណីបានរុះរើបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅហ្នឹងកន្លែងរួមមាន÷ ១.របាំងសាច់អួនក្រឡាញឹកចំនួន០៣របាំងប្រវែង២១៣ម៉ែត្រ ឡុក០៣គ្រឿង លបលូ០៦មាត់។ ២.របាំងស្បៃមុងចំនួន០១របាំងប្រវែង៥៧ម៉ែត្រឡុក០១គ្រឿង លបលូ០១មាត់ បង្គោល១៥៣ដើម ហើយបានចាក់លែងត្រីចម្រុះទំងន់១០គីឡូក្រាមចូលទន្លេវិញនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ ។

ចំណែកឯលោក លឹម សុថាត នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយក្រោម បានចូលរួមជាមួយលោកវីរៈសេនីយ៍ទោ ស៊ុន ណារិន ប្រធានទីបញ្ជាការស្រាល (យោធភូមិភាគទី៤)តំបន់ប្រតិបត្តិការសិករងកំពង់ធំ។ បានសហការជាមួយកម្លាំងមន្ត្រីជំនាញសមត្ថកិច្ចរដ្ឋបាលជលផលនិង សមត្ថកិច្ចបរិស្ថានឈរជើងនៅឃុំផាត់សណ្ដាយ បានដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទនៅចំណុចព្រែកទាល់ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ជាលទ្ធផលអនុវត្តបាន០១ករណីរបាំងសាច់អួនក្រឡាញឹក៣របាំង ប្រវែង៤៥០ម៉ែត្រ បង្គោលចំនួន២៥០ដើម សាច់ឡុកចំនួន៦គ្រឿង លបលូចំនួន៦មាត់ បានចាក់ប្រលែងកូនត្រីចម្រុះទម្ងន់៩គីឡូក្រាមចូលទន្លេវិញ។

ជាមួយគ្នានេះផងដែរលោក គន ចាន់សីហា នាយសង្កាត់រដ្ឋបាលជលផលស្ទោង ដឹកនាំកំលាំងសហគមន៍នេសាទស្ពានគ្រង និងសហគមន៍នេសាទនាងនយតាពីសាមគ្គីស្វាយអៀ ចុះបង្ក្រាបបទល្មើសជលផលនៅចំណុច អាងទឹកសំព័រ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ។ ជាលទ្ធផលអនុវត្តបាន១ករណី បានរុះរើបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន÷ របាំងសាច់អួនក្រឡាញុឹកចំនួន៧របាំង ប្រវែង១៤០០ម៉ែត្រ ឡុកចំនួន៧គ្រឿង
លបចំនួន៧មាត់ បង្គោលចំនួន១៤០ដើម ចាក់លែងត្រីទំងន់១៥គីឡូក្រាមចូលទន្លេវិញ។

នៅថ្ងៃដដែលលោក ហួន ផល នាយសង្កាត់រដ្ឋបាលជលផលពាមបាង បានចូលរួមជាមួយលោកអនុសេនីយ៍ឯក សុក វណ្ណដា នាយទាហានថ្នាក់ដឹកនាំតំបន់ប្រតិបត្តិការសឹករងកំពង់ធំ (យោធភូមិភាគទី៤) សហការជាមួយ កម្លាំងចម្រុះ ទីបញ្ជាការស្រាលប្រចាំការ ឃុំពាមបាង ស្រុកស្ទោង បានចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទ នៅចំណុចជ្រោយធំ និងចំណុចបាទាល់ ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។ ជាលទ្ធផលអនុវត្តបាន(០២ ករណី)បានរុះរើ កាប់បំផ្លាញចោលវត្ថុតាងឧបករណ៍នេសាទ ខុសច្បាប់ របាំងស្បៃមុង និង របាំងសាច់អួនក្រឡាញឹក នៅនឹងកន្លែងរួមមាន÷ ១.របាំងស្បៃមុងចំនួន៦របាំង ប្រវែង៤៩០ម៉ែត្រ ឡុកស្បៃមុងចំនួន៧គ្រឿងលូស្បៃមុងចំនួន៩មាត់ បង្គោលឈើចំនួន៤៦០ដើម ចាក់លែងត្រីចម្រុះទម្ងន់១៥គីឡូក្រាមចូលទន្លេវិញ។ ២.របាំងសាច់អួនក្រឡាញឹកចំនួន០១ របាំងប្រវែង២៧០ ម៉ែត្រ ឡុកសាច់អួនចំនួន៣គ្រឿង លូសាច់អួនចំនួន៦មាត់បង្គោលឈើចំនួន២៣០ដើម។

សូមបញ្ជាក់ផងដែរថា សង្កាត់រដ្ឋបាលជលផលកំពង់ស្វាយក្រោម បានប្រើប្រាស់មធ្យោបាយកាណូតចំនួន៥គ្រឿងប្រើប្រាស់ប្រេងចំនួន៨០លីត្រ។ សង្កាត់រដ្ឋបាលជលផលពាមបាង បានប្រើប្រាស់មធ្យោបាយសរុបកាណូតចំនួន ៤គ្រឿងនិងប្រេងសាំងចំនួន៦០លីត្រផងដែរ។