(ខេត្តកំពង់ធំ)៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបញ្ជាក់ថា កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងបន្តប្តេជ្ញាចិត្តសហការជាមួយកងកម្លាំងចម្រុះ ធ្វើសកម្មភាពបង្ក្រាបឧបករណ៍នេសាទខុសច្បាប់ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ នៅក្នុងរដូវបិទនេសាទនេះ ឲ្យ
ទទួលបានជោគជ័យ ដើម្បីជាប្រយោជន៍សម្រាប់សង្គមជាតិយើងទាំងមូល នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានគូសបញ្ជាក់បន្ថែមផងដែរថា ក្នុងរយៈពេលជាង៥០ ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ក្នុងរដូវបិទនេសាទ នេះ កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានសហការជាមួយនឹងកម្លាំងចម្រុះ បង្ក្រាប និងបំផ្លាញចោលនូវឧបករណ៍នេសាទខុសច្បាប់ ដូចជារបាំងសាច់អួនខុសទំហំ និងប្រវែងកំណត់ និងរបាំស្បៃមុងដែលច្បាប់បានហាមឃាត់ដាច់ខាត បានប្រវែងប្រមាណជាង ៤៣ គីឡូម៉ែត្រ ព្រមទាំងឧបករណ៍នេសាទល្មើសច្បាប់មួយចំនួនទៀត។
ឧត្តមសេនីយ៍ទោ បានបន្តថា ទោះបីជាកងកម្លាំងយើងធ្វើសកម្មភាពរៀងរាល់ថ្ងៃ តែក្រុមជនល្មើសមួយចំនួនតូច នៅតែបំពានលួចធ្វើសកម្មភាពប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ នៅតាមបណ្ដាកន្លែងមួយចំនួនក្នុងព្រៃលិចទឹកនៅក្នុងភូមិសាស្ត្រស្មគ្រស្មាញ ដែលជាតំបន់ជម្រកត្រីពងកូន។
ឧត្តមសេនីយ៍ទោ ក៏បានប្តេជ្ញាចិត្តដាច់ខាត គោរពប្រតិបត្តិយ៉ាងម៉ឺងម៉ាត់តាមបទបញ្ជារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ ព្រមទាំងបទបញ្ជារបស់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ក្នុងការបន្តសហការជាមួយកងកម្លាំងចម្រុះ ធ្វើសកម្មភាពបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ពិសេសក្នុងរដូវបិទនេសាទ ដែលជារដូវត្រីពងកូន នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ឲ្យទទួលបានជោគជ័យ ដើម្បីធ្វើឲ្យធនធានមច្ឆជាតិរបស់យើងបានសម្បូរឡើងវិញ នឹងបានជាប្រយោជន៍សម្រាប់សង្គមជាតិយើងទាំងមូល ព្រមទាំងសម្រាប់កូនចៅយើងនៅជំនាន់ក្រោយៗទៀត៕






































