ដោយ៖ឃិន គន្ធា
បន្ទាយមានជ័យ៖ រស់នៅស្អាត ភូមិឋានស្អាត សុខភាពល្អ ជីវិតរីករាយ អនាគតរុងរឿង ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិកាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកព្រះនេត្រព្រះ ឯកឧត្តម ប៉ាក សុខារ៉ាវុធ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធាន
គណៈកម្មាធិការដឹកនាំគម្រោង UN PAGE កម្ពុជា បានអញ្ជើញជាធិបតីក្នុងយុទ្ធនាការផ្សព្វផ្សាយស្តីពីការញែកសំណល់ និងកាត់បន្ថយប្លាស្ទិក និងមានការមានការអញ្ជើញចូលរួមពីលោកលោកស្រីគណៈប្រតិភូអមដំណើរ និងអភិបាល.អភិបាលរងស្រុក ប្រធាន.អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្សចំនួន២៥០នាក់ មកពីវិទ្យាល័យចំនួន០៥វិទ្យាល័យ ក្នុងស្រុកព្រះនេត្រព្រះ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ ធ្វើនៅបរិវេណសាលាស្រុកព្រះនេព្រះ។
លោក ហឿន វីរៈ អភិបាលស្រុកព្រះនេត្រព្រះ បានឡើងមានប្រសាសន៍រាយការណ៍អោយដឹងថា៖ ស្រុកព្រះនេព្រះមានឃុំចំនួន៩ឃុំនិងភូមិ១១៨ភូមិដីសរុបចំនួន១០៥. ៨៣៥ ហ.ត ប្រជាពលរដ្ឋសរុបចំនួន២៦៧៤៩គ្រួសារ មនុស្សរាយចំនួន១១០៣៨៨នាក់/ស្រីចំនួន៥៥៥០៤នាក់ ប្រជាពលរដ្ឋអាយុ១៨ ឆ្នាំ ឡើងមានចំនួន៧៨១៦៥នាក់/ស្រី ៣៩៥០៧នាក់។ ជាក់ស្ដែងយុទ្ធនាការផ្សព្វផ្សាយនាពេលនេះគឺមានការចូលរួមពីសិស្សានុសិស្សចំនួន ៥ វិទ្យាល័យក្នុងនោះរួមមាន៖១,វិទ្យាល័យឈ្នួរមានជ័យ ២,វិទ្យាល័យទឹកជោរ ៣,វិទ្យាល័យបុស្បូវ ៤,វិទ្យាល័យជប់វ៉ារី និងទី៥,វិទ្យាល័យរហាល។
ឯកឧត្តម គង់ ច័ន្ទវាសនា និងឯកឧត្តម ប៉ាក សុខារ៉ាវុធ បានមានប្រសាសន៍លើកឡើងថា៖ យុទ្ធនាការនេះមានគោលបំណងលេីកកម្ពស់ការយល់ដឹង និងការចូលរួមរបស់ប្រជាពលរដ្ឋ ជាពិសេស សិស្សានុសិស្ស ឱ្យយកចិត្តទុកដាក់ចូលរួមការពារបរិស្ថាន អនាម័យភូមិឋាន បែងចែក សំរាម និងកាត់ បន្ថយការប្រេីប្រាស់ថង់ប្លាស្ទិក ដេីម្បីសោភណ្ឌភាព និងបរិស្ថានរស់នៅស្អាត នៅទូទាំងស្រុក ។
ឯកឧត្តម គង់ ច័ន្ទវាសនា បានមានប្រសាសន៍លើកឡើងថា៖ ខ្ញុំឃើញស្នាមញញឹមរបស់សិស្សានុសិស្សទាំងអស់គ្នាគឺជាសេចក្តីសុខ និងកម្លាំងចិត្តរបស់ក្រុមការងារយើងទាំងអស់គ្នា។ ឯកឧត្តម ក៏បានធ្វើការផ្ដាំផ្ញើដល់សិស្សានុសិស្សទាំងអស់ ត្រូវយកទៅអនុវត្ត និងបន្តផ្សព្វផ្សាយទៅមិត្តភក្តិបងប្អូននៅមូលដ្ឋានរៀងៗខ្លួន ដោយយើងទាំងអស់គ្នាកុំដើរតួនាទីជាអ្នកពង្រាយ ត្រូវដើរតួនាទីជាអ្នកសំអាត។
ក្រោយការប្តេជ្ញាចិត្តរបស់ក្មួយៗសិស្សានុសិស្ស តំណាងវិទ្យាល័យទាំង៥ ទាំងគណ:អធិបតី ទាំងអ្នកចូលរួម បានធ្វេីសកម្មភាពប្រមូលកាកសំណល់ប្លាស្ទិក និងធ្វេីអនាម័យនៅតាមដងផ្លូវ និងទីធ្លាសាធារណ: ផងដែរ៕






































