(ខេត្តកំពង់ធំ)÷ កាកបាទក្រហមកម្ពុជា សហការជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ អនុសាខាកាកបាទក្រហមកម្ពុជាស្រុកកំពង់ស្វាយ បានចុះអប់រំផ្សព្វផ្សាយស្ដីអំពី “រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធននិងអាកាសធាតុ” ដែលមានការអញ្ជើញពីឯកឧត្តម រឿត
សុខុន នាយករងនាយកដ្ឋានធនធានមនុស្ស កាកបាទក្រហមកម្ពុជា លោកបណ្ឌិត វ៉ា សុភ័ក្រ្ត ប្រធានការិយាល័យការពារជំងឺឆ្លង និងមិនឆ្លង កាកបាទក្រហមកម្ពុជា លោកជំទាវ លំ គន្ធារី អនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ រួមទាំងមន្ត្រីក្រុមប្រតិបត្តិ មន្ត្រីអនុសាខា ជូនដល់យុវជនកាកបាទក្រហមកម្ពុជា សិស្សានុសិស្សសរុបចំនួន៣៥០នាក់ ស្រីចំនួន២៦៥នាក់ នៅក្នុងវិទ្យាល័យទួលក្បិល ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥។
ឆ្លៀតក្នុងឱកាសនេះផងដែរឯកឧត្តម រឿត សុខុន បានពាំនាំនៅប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុកពីចម្ងាយអំពីសំណាក់ សម្ដេចគតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាដែលជានិច្ចកាលសម្ដេចតែងតែគិតដល់សុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដោយមិនរើសអើងពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ជាពិសេសចំពោះប្អូនៗអ្នកស្ម័គ្រចិត្ត និងក្មួយៗយុវជនកាកបាទក្រហមកម្ពុជា ដែលកម្លាំងនាំមុខនៅសហគមន៍ និងជាទំពាំងស្នងឬស្សីរបស់សង្គមផងដែរ។
បន្ថែមក្នុងពេលនេះផងដែរលោកបណ្ឌិត វ៉ា សុភ័ក្រ បានធ្វើការបង្ហាញអំពីគោលបំណងក្នុងការផ្សព្វផ្សាយនេះគឺដើម្បីឱ្យប្អូនៗដែលជាយុវជនកាកបាទក្រហម និង សិស្សានុសិស្សទាំងអស់យល់ដឹងអំពីជំងឺឆ្លង និងជំងឺមិនឆ្លងដែលប្រទេសកម្ពុជាយើងបច្ចុប្បន្នកំពុងមានការព្រួយបារម្ភជាខ្លាំង និងតម្រូវឲ្យប្អូនៗទាំងអស់ចូលរួមទប់ស្កាត់និងការពារផ្ដោតទៅលើជំងឺឆ្លងដូចជាជំងឺ covid ១៩ ជំងឺអេដស៍ ជំងឺរបេង ដែលកំពុងបន្តកើតជារៀងរាល់ថ្ងៃ។
លោកជំទាវ លំ គន្ធារី អនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ បានបញ្ជាក់ថាដើម្បីចូលរួមទប់ស្កាត់និងការពារជំងឺមិនឆ្លង៤ប្រភេទធំៗ ដែលកំពុងតែកើតមានឡើងជារៀងរាល់ថ្ងៃមានដូចជា÷ ជំងឺមហារីក ជំងឺទឹកនោមផ្អែម ជំងឺលើសឈាម និងជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ដែលវាកើតឡើងតាមរបបអាហារប្រចាំថ្ងៃ ផ្អែម ប្រៃ និងខ្លាញ់ជាដើម ស្របតាមទិសស្លោក”ស្រឡាញ់ខ្លួនស្ងួនចំណី”។ ដើម្បីឱ្យសហគមន៍មានភាពធន់ និងអាកាសធាតុ សូមចូលរួមរៀនបន្សាំខ្លួន និងចូលរួមកាត់បន្ថយ ដូចជា÷ ចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក។ ចូលរួមដាំកូនឈើនៅតាមទីសាធារណៈ។ មិនដុត ឬកប់សំបកដបជ័រក្នុងដី ក្នុងពេលនោះផងដែរលោកជំទា ក៏បានផ្សព្វផ្សាយបន្ថែមអំពីវិធានការការពារមេរោគអេដស៍និងជំងឺអេដស៍ផងដែរ។






































