សៀមរាប: ថ្លែងក្នុងឱកាសទទួលអំណោយជាថវិកាចំនួន ១ម៉ឺនដុល្លារ ពីលោកឧកញ៉ា គ្រី ទូច និង លោកជំទាវ ទ្រី ង៉ូវណាំ និងសប្បុរសជន នាថ្ងៃទី៣ ខែសីហាកន្លងទៅនេះ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានថ្លែងអំណរគុណចំពោះទឹកចិត្តដ៏
ស្មោះសររបស់បងប្អូនសប្បុរសជនទាំងអស់ ដែលមានស្មារតីស្រឡាញ់ជាតិ ដោយបានចូលរួមឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកា ដើម្បីគាំទ្រដល់សមរភូមិជួរមុខ គ្រួសារទ័ព និងបងប្អូនជាជនភៀសសឹកដែលកំពុងស្នាក់នៅក្នុងខេត្តសៀមរាប។
ឯកឧត្តម ប្រាក់ សោភ័ណ ក៏បានអំពាវនាវដល់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី ម្ចាស់ក្រុមហ៊ុន សហគ្រាស ពាណិជ្ជករ អាជីវករ និងបងប្អូនប្រជាពលរដ្ឋដែលនៅតាមបណ្តាក្រុងស្រុក សូមបន្តចូលរួមបន្តឧបត្ថម្ភគាំទ្រនូវគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់បន្ថែមទៀត នៅតាមបណ្ដាក្រុងស្រុកបងប្អូនផ្ទាល់ ឬតាមរយៈរដ្ឋបាលខេត្តសៀមរាប ក្នុងន័យរួមតែមួយ គឺខ្មែរជួយខ្មែរក្នុងគ្រាលំបាក។
សូមជម្រាបថា គិតត្រឹមថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ មានបងប្អូនប្រជាពលរដ្ឋជាជនភៀសសឹកចំនួន ១២ ១៤១គ្រួសារ ស្មើនឹង ៣៩ ៤៨៦នាក់ បានជម្លៀសមកស្នាកនៅតាមបណ្ដាទីតាំងសុវត្ថិភាពនានា និងបណ្ដាលំនៅឋានរបស់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្តសៀមរាប ក្រោមការងារយកចិត្តទុកដាក់ពីអាជ្ញាធរទូទាំងខេត្តសៀមរាប៕






































