ឯកឧត្តម ប៉ែន កុសល្យ អញ្ជើញប្រារព្ធខួបលើកទី២៦ ទិវាអន្តរជាតិសម្រាប់យុវជន ១២ សីហា ឆ្នាំ២០២៥ ក្នុងខេត្តត្បូងឃ្មុំ

0

ត្បូងឃ្មុំ: ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញប្រារព្ធខួបលើកទី២៦ ទិវាអន្តរជាតិសម្រាប់យុវជន ១២ សីហា ឆ្នាំ២០២៥ ពិធីនេះបានធ្វើឡេីងនៅអគារតេជោបូព៌ា សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តត្បូងឃ្មុំ ស្ថិតក្នុងភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ នារសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានលេីកឡេីងថា ថ្ងៃទី១២ សីហា ជាថ្ងៃទិវាអន្តរជាតិសម្រាប់យុវជន សម្រាប់ឆ្នាំ២០២៥ ទិវានេះ ត្រូវបានរៀបចំឡើង ក្រោមប្រធានបទ “សកម្មភាពរបស់យុវជនមូលដ្ឋាន សម្រាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព” ប្រធានបទនេះ គឺបានបញ្ជាក់ពីតួនាទីគន្លឹះរបស់យុវជន ក្នុងការប្រែក្លាយចក្ខុវិស័យសាកល ទៅជាសកម្មភាពជាក់ស្ដែងនៅតាមសហគមន៍។ យុវជននាំមកនៅការច្នៃប្រឌិត ចំណេះដឹង និងទំនាក់ទំនងជិតស្និទ្ធ ជាមួយសហគមន៍ ដែលផ្សារភ្ជាប់គោលនយោបាយ និងការអនុវត្តជាក់ស្ដែង។

ជាក់ស្ដែងក្នុងស្ថានភាពវឹកវរ ដោយសារការឈ្លានពានរបស់ប្រទេសថៃ មកលើកម្ពុជា យុវជនរបស់យើង នៅតែអាចគ្រប់គ្រងស្ថានភាពខ្លួនឯង និងមានភាពរឹងមាំ ដោយធ្វើការសិក្សា ស្រាវជ្រាវ រៀនសូត្រ ហ្វឹកហាត់នៅគ្រប់ទីកន្លែង ត្រៀមចូលរួមបង្ហាញពីស្មារតីស្នេហាជាតិ និងបានចូលរួមចលនាក្នុងសង្គមយ៉ាងផុសផុល ទាំងការកៀរគរសម្ភារៈ ធនធាន ដើម្បីលើកទឹកចិត្តដល់វីរកងទ័ព។ ក្នុងអំឡុងពេលសង្គ្រាមឈ្លានពាន ស្មារតីយុវជនយើង បានចូលរួមយ៉ាងសកម្ម ទៅតាមជំនាញរៀងៗខ្លួន ដើម្បីប្រយុទ្ធក្នុងសមរភូមិបច្ចេកវិទ្យា តាមរយៈបណ្ដាញសង្គមផ្សេងៗ គាំទ្រដល់ការខិតខំ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារបូរណភាពទឹកដី និងបង្ហាញពីការពិតដល់ពិភពលោក។ តាមរយៈការចូលរួមសកម្មភាពជាមូលដ្ឋានរបស់យុវជន កម្ពុជាយើងអាចជំរុញនវានុវត្តន៍ និងការសហការបន្ថែមទៀត ឆ្ពោះទៅរកការសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព “យុវជនស្នេហាជាតិ ត្រូវមានជំនាញ និងសមត្ថភាពពិតប្រាកដ ដើម្បីបម្រើប្រទេសជាតិមានប្រសិទ្ធភាព” ៕