ត្បូងឃ្មុំ: លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា អនុប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) និងជាអគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា និងក្រុមការងារ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥នេះ បានអញ្ជើញ
គោរពវិញ្ញាណក្ខន្ធវីរកងទ័ព និងនាំយកនូវគ្រឿងឧបភោគបរិភោគ សម្ភារបរិក្ខាររបស់របរប្រើប្រាស់ និងថវិកាមួយចំនួនជូនក្រុមគ្រួសារសពវីរកងទ័ព អនុសេនីយ៍ឯក ឆៃ រ័ត្ន ដែលបានពលីជីវិត ក្នុងអាយុ៤៧ឆ្នាំ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅ នៅសមរភូមិចំណុចតំបន់មុំបី។
ពិធីនេះបានប្រារព្ធនៅគេហដ្ឋានគ្រួសារនៃសព ស្ថិតនៅភូមិក្តុលកណ្តាល ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ ដោយមានការចូលរួមអមដំណើរដោយឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ រួមទាំងអភិបាលរងខេត្ត ថ្នាក់ដឹកនាំខេត្ត មន្ទីរ-អង្គភាព និងអ្នកពាក់ព័ន្ធជាច្រើននាក់។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងទៅកាន់ក្រុមគ្រួសារយោធិនពលី អំពីវីរភាពនៃការលះបង់ និងបេសកកម្មក្នុងការការពារជាតិ និងការពារបូរណភាពទឹកដីយ៉ាងអង់អាចក្លាហាន ដែលត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ ជាពិសេសមហាគ្រួសារខ្មែរដឹងគុណ និងចងចាំគុណូបការគ្មានថ្ងៃបំភ្លេចបានសម្រាប់ជាតិយើង។ សូមឱ្យវិញាណក្ខន្ធយោធិនពលី បានទៅកាន់ទីស្ងប់សុខ និងសុខគតិភពកុំបីឃ្លាងឃ្លាតឡើយ។
ក្នុងឱកាសសមានទុក្ខដ៏ក្រៀមក្រំបំផុតនេះ លោកជំទាវបណ្ឌិតទី១ នៃកម្ពុជា ក៏បាននាំមកនូវសាររំលែកទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ជូនចំពោះលោកស្រី ចាន់ បុរី និងកូនប្រុស-ស្រី ទាំង៣រូប ព្រមទាំងក្រុមគ្រួសារ និងសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព លោកអនុសេនីយ៍ឯក ឆៃ រ័ត្ន សូមឱ្យបានទៅកាន់ឋានសុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ជូនថា លោកអនុសេនីយ៍ឯក ឆៃ រ័ត្ន ជាវីរយុទ្ធជនដែលបានពលីនៅសមរភូមិជួរមុខ ក្នុងបុព្វហេតុការពារជាតិមាតុភូមិ ការពារដែនអធិបតេយ្យភាព និងបូរណភាពទឹកដី ក្នុងពេលវាយបកប្រឆាំងទប់ទល់នឹងការឈ្លានពានរបស់ថៃ មកលើកម្ពុជា ដែលឈរជើងនៅចំណុចតំបន់មុំបី នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅ៕





































