ប្រជាពលរដ្ឋ៥០គ្រួសារនៅឃុំក្តីដូង បានទទួលអំណោយមនុស្សធម៌ពី អង្គការបេសកកម្មយុត្តិធម៌អន្តរជាតិ lJM

0

(កំពង់ធំ)÷ លោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំបានចុះជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុសធម៌របស់អង្គការបេសកកម្មយុត្តិធម៌អន្តរជាតិ lJM ជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន៥០គ្រួសារដែលជាភរិយាគ្រួសារកងទ័ពនៅសមរភូមិជួរមុខ គ្រួសារពលករមកពីប្រទេសថៃ និងគ្រួសារជួបកាលំបាក ដែលរស់នៅក្នុងឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នារសៀលថ្ងៃទី១៩ ខែសីហាឆ្នាំ២០២៥។

កម្មវិធីនេះផងដែរក៏មានការអញ្ជើញចូលរួមពីលោក ជុំ សាឯម នាយកប្រចាំប្រទេសអង្គការបេសកកម្មយុត្តិធម៌អន្តរជាតិ IJM លោក យិន ប៊ុនរ័ត្ន អនុប្រធានមន្ទីរការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកំពង់ធំ  ក្រុមការងារថ្នាក់ឃុំ លោកមេភូមិ និងប្រជាពលរដ្ឋប្រមាណជាង១០០នាក់។

ឆ្លៀតក្នុងឱកាសនោះលោក ជុំ សាឯម នាយកប្រចាំប្រទេសអង្គការបេសកកម្មយុត្តិធម៌អន្តរជាតិ IJM បានកោតសរសើរ និងការដឹងគុណបងប្អូនគ្រួសារវីរកងទ័ពជួរមុខ ចំពោះវីរភាពយុទ្ធជនដ៏អង់អាចក្លាហានរបស់យើង ដែលបានតស៊ូស្វិតស្វាញក្រាញននាល ដើម្បីការពារជាតិ ការពារបូរណភាពទឹកដី និងការពារប្រជាជនយើង អំពីការរំលោភឈ្លានពានដ៏ឃោឃៅព្រៃផ្សៃរបស់ពួកទាហានសៀម មកលើទឹកដីកម្ពុជា។ លោកក៏បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានខិតខំស្វែងរកសន្តិភាព បញ្ឈប់ការបាញ់គ្នាជាបន្ទាន់ តាមរយៈការជួយអន្តរាគមន៍ពីប្រធានាធិបតីអាមេរិក និងនាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ី ដែលជាសហប្រធានប្ដូរវេនរបស់អាស៊ាន ព្រមទាំងថ្លៃងអំណរគុណចំពោះសេនានុព័ន្ធយោធាបណ្ដាប្រទេសនានា ដែលបានអញ្ជើញមកត្រួតពិនិត្យការឈប់បាញ់នៅតាមព្រំដែនកម្ពុជា-ថៃ។

លោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ បានជំរុញលើកទឹកចិត្តដល់គ្រួសារភៀសសឹក និងពលករដែលតែងតែធ្វើការនៅស្រុកក្រៅ សូមងាកមកធ្វើការនៅក្នុងមូលដ្ឋាន នៃព្រះរាជាណាចក្រកម្ពុជារបស់យើងវិញ យើងរួមគ្នាអភិវឌ្ឍប្រទេសជាតិ ដែលសព្វថ្ងៃយើងកំពុងត្រូវការកម្លាំងពលកម្មជាច្រើនហើយពលករ កម្មករ នឹងទទួលបាននូវអត្ថប្រយោជន៍ច្រើនយ៉ាងជាមួយនឹងការធ្វើការងារនៅក្នុងស្រុក ជាជាងធ្វើការងារនៅប្រទេសថៃ ដែលវាតែងតែបង្កទុក្ខលំបាកវេទនាប្រមាថមើលងាយសព្វបែបយ៉ាងមកលើពលករយើង។

សូមបញ្ជាក់ផងដែរថា អំណោយមនុស្សធម៌របស់អង្គការបេសកកម្មយុត្តិធម៌អន្តរជាតិ lJM ប្រគល់ជូនដល់បងប្អូនប្រជាពលរដ្ឋ៥០គ្រួសារដែលជាភរិយាគ្រួសារកងទ័ពនៅសមរភូមិជួរមុខក្នុងនោះភូមិក្តីដូង១៤គ្រួសារ ភូមិពាមគ្រែង១៣គ្រួសារ ភូមិអូរសំបួរ១៣គ្រួសារនិងភូមិស្លែង១០គ្រួសារ ក្នុង១គ្រួសារទទួលបាន÷ អង្ករ ទឹកស៊ីអ៉ីវ ទឹកត្រី ស៊ុបខ្នុរ ត្រីខកំប៉ុង សាច់ក្រក សាប៊ូបោកខោអាវ សាប៊ូដុសខ្លួន ច្រាសដុសធ្មេញ និងកន្សែងពោះគោផងដែរ។ អត្ថបទលោក ធូ កែវមុន្នី