ប្រជាពលរដ្ឋមានជីវភាពខ្វះខាតជាង៤០គ្រួសារទទួលអំណោយមនុស្សធម៌ ជាគ្រឿងឧបភោគបរិភោគនិងសម្ភារៈប្រើប្រាស់ពីអាជ្ញាធរសង្កាត់គោកចកក្រុងសៀមរាប

0

សៀមរាប: បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតរស់នៅក្នុងសង្កាត់គោកចក ក្រុងសៀមរាប ចំនួន៤៤គ្រួសារទទួលបានអំណោយមនុស្សធម៌ជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ពីអាជ្ញាធរសង្កាត់គោកចក នៅព្រឹកថ្ងៃទី ១៩ ខែ សីហា ឆ្នាំ២០២៥នេះ។
លោកស្រី ឈិន សាវី ចៅសង្កាត់គោកចក បានមានប្រសាសន៍ថា អំណោយសប្បុរសធម៌ជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ ដែលចែកជូនដល់បងប្អូនដែលមានជីវភាពខ្វះខាតនាពេលនេះ គឺជាការចូលរួមឧបត្ថម្ភ ពីសំណាក់សប្បុរសជន នៃប្រទេសអូស្រ្តាលី រួមទាំង ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក ដែលតែងតែចូលរួមឧបត្ថម្ភដល់រដ្ឋបាលសង្កាត់គោកដើម្បីការងារមនុស្សធម៌គ្រប់ពេលផងដែរ ។
លោកស្រីចៅសង្កាត់គោកចក ក៏បានមានប្រសាសន៍លើកឡើងថា ការផ្ដល់អំណោយជូនបងប្អូនប្រជាពលរដ្ឋនាពេលនេះ គឺជាទឹកចិត្តមនុស្សធម៌ និងជាការយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខ ចូលរួមរំលែកការលំបាករបស់បងប្អូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតនៅតាមមូលដា្ឋន ដែលកំពុងតែមានតម្រូវការចាំបាច់ក្នុងជីវភាពប្រចាំថ្ងៃ។ លោកស្រីក៍បានថ្លែងអំពាវនាវដល់សប្បុរសជន សូមបន្តផ្ដល់អំណោយជាមនុស្សធម៌បន្ថែមទៀត ក្នុងន័យចូលរួមជាមួយអាជ្ញាធរ សង្កាត់ មានលទ្ធភាពផ្គត់ផ្គង់ និងចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតជីវភាព ព្រោះថាភាពទីទ័លលំបាក រមែងតែងតែកើតមានគ្រប់ទីកន្លែង មិនថាប្រទេសជឿនលឿន ឬកំពុងអភិវឌ្ឍឡើយ ។ លោកស្រី ឈិន សាវី បាន ចំពោះអំណោយដែលបានផ្ដល់ជូននេះ គឺបានពីការចូលរួមរបស់សប្បុរសជន ជួយចែករំលែកដល់បងប្អូនមានជីវភាពខ្វះខាត ជនមានពីការភាពដែលកំពុងជួបការលំបាកពិតប្រាកដនៅតាមបណ្ដាមូលដ្ឋានភូមិនីមួយៗ ក្នុងគោលដៅចូលរួមក្នុងការងារសង្គមជាមួយរាជរដ្ឋាភិបាល ជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋមានការខ្វះខាត ។ នៅក្នុងឱកាសនោះផងដែរ លោកស្រីចៅសង្កាត់ ក៏បានក្រើនរំលឹក ដល់បងប្អូនប្រជាពលរដ្ឋ អោយយកចិត្តទុកដាក់ ឲ្យបានខ្ពស់ចំពោះការធ្វើអនាម័យ បរិស្ថាន ក្នុងការរស់នៅប្រចាំថ្ងៃ ព្រោះបរិស្ថាន និងអនាម័យសំខាន់សម្រាប់សុខភាព និងវិស័យទេសចរណ៍ ព្រោះការរៀបចំទុកដាក់សំរាមបានត្រឹមត្រូវ នឹងធ្វើឱ្យទីក្រុងមានភាពស្រស់ស្អាត ដែលអាចទាក់ទាញ អ្នកទេសចរចូលមកលេងកម្សាន្តកាន់តែច្រើន ។ លោកស្រី ឈិន សាវី បញ្ជាក់ថា ការ រួមចំណែកការពារបរិស្ថាន និងរៀបចំទុកដាក់សំរាម និងចោលសម្រាមឲ្យត្រឹមត្រូវ ទៅតាមការណែនាំរបស់អាជ្ញាធរ គឺដើម្បីបរិស្ថានស្អាតក្នុងការរស់នៅរបស់បងប្អូន ប្រជាពលរដ្ឋ ប្រកបដោយអនាម័យល្អដែលនាំមកនូវសុខភាពល្អ និងការទាក់ទាញភ្ញៀវទេសចរ។ លោកស្រីក៏បានសំណូមពរដល់ប្រជាពលរដ្ឋ ជួយសម្អាតបរិស្ថាននៅតាមមុខផ្ទះរៀងៗខ្លួន ដើម្បីឲ្យមានសោភ័ណភាពស្អាតផងដែរ ៕