ខេត្តកំពត: ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពតបានលើកឡើងថា ថវិការបស់មូលនិធិឃុំ សង្កាត់គឺជាយុទ្ធសាស្ត្រស្នូលសំខាន់ សម្រាប់អភិវឌ្ឍន៍មូលដ្ឋានក្រុងស្រុក និងខេត្តឲ្យប្រសើរ ហើយបើអាជ្ញាធរចេះកៀរគរក្រុមហ៊ុនវិនិយោគ អង្គការដៃគូរបន្ថែម និងប្រើប្រាស់ថវិកា
ឲ្យចំគោលដៅប្រកបដោយប្រសិទ្ធភាពតាមការចាំបាច់នោះ គ្រប់មូលដ្ឋានទូទាំងខេត្តនឹងរីកចម្រើន។
ថ្លែងនៅក្នុងពិធីបូកសរុបការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត ដែលបានធ្វើឡើងនៅសាលាខេត្តកំពត ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត បានមានប្រសាសន៍ថា ដើម្បីសម្រេចបានតាមចក្ខុវិស័យអភិវឌ្ឍន៍ប្រទេសរបស់រាជរដ្ឋាភិបាល ពិសេសដើម្បីសម្រេចតាមផែនការ នៃយុទ្ធាសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ទាមទាឲ្យមានការចូលរួមសហការ សាមគ្គីគ្នាបំពេញការងារឲ្យបានល្អចាប់ពីរដ្ឋបាលមូលដ្ឋាន ដល់ថ្នាក់ខេត្ត។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា តាមទស្សនៈ និងការដឹកនាំរបស់ឯកឧត្តមយល់ឃើញថា គ្មានអ្វីក្រៅអំពីមូលនិធិឃុំសង្កាត់ទេ ដែលអាចជួយអភិវឌ្ឍមូលដ្ឋានឲ្យបានប្រសើរនោះ។ ឯកឧត្តមស្នើសុំឲ្យអាជ្ញាធរឃុំសង្កាត់នីមួយ ត្រូវមានផែនការឲ្យច្បាស់លាស់ ក្នុងការអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួន ជាពិសេសត្រូវកៀរគរក្រុមហ៊ុនវិនិយោគ អង្គការដៃគូរផ្សេងៗបន្ថែម ដើម្បីធ្វើឲ្យហេដ្ឋានរចនាសម្ព័ន្ធផ្សេងៗតាមមូលដ្ឋានមានភាពល្អប្រសើរ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ប្រាប់អំពីគម្រោងជាច្រើនទៀត ដែលក្រុមការងាររាជរដ្ឋាភិបាល នឹងជួយដល់អាជ្ញាធរមូលដ្ឋានលើវិស័យផ្សេងៗ ដើម្បីធ្វើឲ្យប្រសើរដល់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ។ ហើយឯកឧត្តមក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់ក្រុមការងាររាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់នៅក្នុងខេត្តកំពត ដែលបានសហការ សាមគ្គីគ្នាបំពេញការងារសម្រេចបានលទ្ធផលល្អប្រសើរ គួរឲ្យកត់សម្គាល់ ហើយសូមបន្តខិតខំបន្ថែមទៀត។
សូមបញ្ជាក់ថា មូលនិធិឃុំ សង្កាត់ គឺជាកញ្ចប់ថវិកាមួយ ដែលរាជរដ្ឋាភិបាលកម្ពុជាត្រូវផ្ទេរទៅឲ្យឃុំ សង្កាត់។ មូលនិធិនេះរួមមានចំណូលពីចំណែកដ៏ជាក់លាក់ នៃចំណូលចរន្តនៃថវិការដ្ឋប្រចាំឆ្នាំ និងពីការចូលរួមរបស់ដៃគូអភិវឌ្ឍន៍នានា៕ សេង ណារិទ្ធ





































