កំពង់ធំ៖ នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ រដ្ឋបាលខេត្តកំពង់ធំ រៀបចំពិធីប្រកាសចូលកាន់មុខតំណែងឯកឧត្តម ហាន កុសល ជាអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ ជំនួសឯកឧត្តម ញឹក បានខេង ដែលបានទៅបំពេញភារកិច្ចថ្មី ជាអភិបាលរងនៃគណៈអភិបាលខេត្តពោសាត់ ក្រោមធិបតីភាព ឯកឧត្តម អ៊ុ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅសាលប្រជុំសាលាខេត្ត។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ គណៈប្រតិភូក្រសួងមហាផ្ទៃ លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី និងថ្នាក់ដឹកនាំជាច្រើនរូបផ្សេងទៀត។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម នួន ផារ័ត្ន បានថ្លែងមតិស្វាគមន៍អង្គពិធីទាំងមូល និងសក្តានុពលរបស់ខេត្តកំពង់ធំ ព្រមទាំងបានសម្តែងនូវការសាទរ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម ហាន កុសល ដែលត្រូវបានតែងតាំងជាអភិបាលរងខេត្តកំពង់ធំនៅពេលនេះ។ ទន្ទឹមនោះ ឯកឧត្តម នួន ផារ័ត្ន បន្តទៀតថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍នេះ ប្រទេសកម្ពុជាយើង បានទទួលនូវការឈ្លានពាន និងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរមកលើបូរណភាពទឹកដី និងអធិបតេយ្យជាតិពីសំណាក់កងទ័ពថៃ ហើយបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល អនុវត្តនូវកិច្ចការសំខាន់ៗ មួយចំនួន ដោយបានបញ្ជូនក្រុមគ្រូពេទ្យរបស់ទៅព្យាបាលជូនវីរកងទ័ព និងបងប្អូនជនភៀសសឹក បានរៀបចំពិធីគោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខដល់គ្រួសារសពវីរកងទ័ពពលី ព្រមជា មួយនឹងការឧបត្ថម្ភនូវថវិកា និងគ្រឿងឧបភោគមួយចំនួន បានចុះសាកសួរសុខទុក្ខ និងឧបត្ថម្ភវីរកងទ័ពដែលសម្រាកព្យាបាលនៅខេត្តកំពង់ធំជាប្រចាំ បានរៀបចំថវិកា និងស្បៀងអាហារដែលប្រមូលបានពីសប្បុរសជននានា ដឹកជញ្ជូន ទៅឧបត្ថម្ភជូនកងទ័ពជួរមុខ និងជនភៀសសឹកនៅខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ជាមួយគ្នានេះ រដ្ឋបាលខេត្តក៏បានរៀបចំទីតាំងសម្រាប់ទទួលជនភៀសសឹកសម្រាប់ ទទួលបងប្អូនភៀសសឹកករណីចាំបាច់ផងដែរ។
ឯកឧត្តម អ៊ុ ម៉ារ៉ា បានលើកឡើងអំពីស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតែបន្តវិវត្តន៍ប្រែប្រួល ស្មុគស្មាញ និងគ្រោះថ្នាក់ ទោះបីជាមានបទឈប់បាញ់រវាងប្រទេសទាំងពីរក៏ដោយ ព្រមទាំងសម្តែងនូវការកោតសរសើរចំពោះអាជ្ញាធរខេត្តកំពង់ធំ ដែលសម្រេចបាននូវសមិទ្ធផលដែលសម្រេចបាននូវសមិទ្ធផលជាច្រើន ដែលបានបង្ហាញនូវការយកចិត្តទុកដាក់ អនុវត្តនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភានេះ។
ជាចុងក្រោយ ឯកឧត្តម អ៊ុ ម៉ារ៉ា បានសំណូមពរដល់អភិបាលរងខេត្តថ្មី សូមខិតខំប្រឹងប្រែងអនុវត្ត តួនាទីភារកិច្ច តាមរយៈ ចំណេះដឹង សមត្ថភាព និងបទពិសោធន៍ ការងាររបស់ខ្លួន ដើម្បីបន្តចូលរួមក្នុងការងារដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍមូលដ្ឋានខេត្តកំពង់ធំ ឱ្យកាន់តែមានភាពរីកចម្រើន និងទទួលបានសមិទ្ធផល ថ្មីៗថែមទៀត។





































