ដោយ អ៊ុក ផ្លុង
សៀមរាប ÷ អង្កភាព យើងខ្ញុំ សូម ថ្លែងអំណរគុណ ដល់រដ្ឋបាលខេត្តសៀមរា ព្រមទាំង រដ្ឋបាលស្រុកជីក្រែងក៏ដូចជា រដ្ឋបាលព្រៃឈើ និងស្ថាប័នពាក់ព័ន្ធ ទាំងអស់ដែលមាន ប្រតិកម្មរហ័សក្នុងការបង្ក្រាបបទល្មើសព្រៃឈើជាក់ស្ដែង។ ក្រោយពី អង្កភាព យើងខ្ញុំ
ចេញផ្សាយ ថាមានបទល្មើសព្រៃឈើគ្រប់ប្រភេទកំពុងតែកើតឡើង យ៉ាងអនាធិបតេយ្យក្នុងស្រុកជីក្រែង ដូចជាការធ្វើចរាចរណ៍ដឹកជញ្ជូនឈើ ចេញពីដែនជម្រកសត្វព្រៃបឹង ពែរ និងដែនព្រៃឈើសហគមន៍នានា គឺ កូនឈើតូចៗ យកមកដុតធ្វើជាធ្យូង ឈើ ធំៗ យកមក ជ្រៀក ធ្វើជាគ្រឿងផ្ទះ រីឯឈើក្រាក់ឈើដុំ ដឹកជញ្ជូនចូលរោងសិប្បកម្មកែច្នៃ និង មានការ ដឹកជញ្ជូនឈើស្រស់ ធំៗស្តុបទុក ផងដែរ។ អង្កភាពយើងបានចុះផ្សាយ នៅ ថ្ងៃពុធ ទី ៣ ខែកញ្ញា ឆ្នាំ ២០២៥ លុះព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែឆ្នាំដដែល រដ្ឋបាលស្រុកជីក្រែង ក្រោមបទបញ្ជាដ៏មុឹងម៉ាត់ របស់រដ្ឋបាល ខេត្តសៀមរាប បានដឹកនាំកម្លាំងចម្រុះ ចុះទៅ បង្ក្រាបកន្លែង ស្ដុបឈើទុក១ កន្លែងស្ថិតក្នុង ភូមិ ក្បាលដំរី ឃុំពង្រលើ ស្រុកជីក្រែង។
ដោយឃើញរដ្ឋបាលខេត្តក៏ដូចជាស្រុកបានចុះបង្ក្រាបយ៉ាងរហ័សដូចផ្លេកបន្ទោរដូច្នេះ អង្កភាពយើងខ្ញុំ ក៏ដូចជាជា ប្រជាពលរដ្ឋ មានមោទនភាពក្រៃលែង ចំពោះ ថ្នាក់ដឹកនាំដែលមានការ យកចិត្តទុកដាក់ក្នុងការការពារធនធានធម្មជាតិ ប៉ុន្តែ ពួកគាត់ នៅតែ មានការ ព្រួយបារម្ភ បញ្ហាកាប់ កូនឈើ ចម្រុះ ចេញពីដែនជម្រកសត្វព្រៃបឹងពែរ និងព្រៃឈើក្នុងដែនសហគមន៍នានាក្នុងស្រុកជីក្រែងយកមកដុតធ្វើជា ធ្យូង ពួកគាត់ បន្តថាក្នុង១ ឡៗ ត្រូវចំណាយ កូនឈើ ចម្រុះរាប់រយដើម ។ ចុះបើក្នងស្រុកជីក្រែងមានឡធ្យូងរាប់ពាន់ឡ។ តើក្នុង១ឆ្នាំៗ ត្រូវចំណាយកូនឈើ ចម្រុះប៉ុន្មានលានដើម? ពួកគាត់បានរៀបរាប់ប្រាប់ អ្នកសារព័ត៌មាន ថាសព្វថ្ងៃនេះជនល្មើសព្រៃឈើកាប់ឈើយកទៅដុត ធ្វើជា ធ្យូង កំពុងតែកើនឡើងជាលំដាប់ ធ្វើឲ្យ ព្រៃឈើប្រឈមនឹងហានិភ័យខ្ពស់ក្នុង ការបាត់បង់ ជម្រកសត្វព្រៃ។ពួកគាត់ អះអាងថា ការកាប់ឈើចម្រុះដឹកតាមគោយន្តកន្ត្រៃ និងដឹកធ្យូងចូលលក់ឲ្យឈ្មួញកណ្តាលក៏ច្រើន ហើយឡាន និងរ៉ឺម៉កឈ្មួញដឹក ចេញទៅលក់តាមបណ្តាខេត្តផ្សេងៗ ទាំងយប់ ទាំងថ្ងៃក៏ច្រើនប៉ុន្តែ គ្មានឃើញមន្រ្តីជំនាញណាមក ទប់ស្កាត់ និងបង្រ្កាបទាល់តែសោះ ឃើញតែកម្មករដើរយកលុយពីឈ្មួញ ។ ចំណែករដ្ឋបាលព្រៃឈើវិញឃើញតែលេខ ទួរស័ព្ទ អ្នកសារព័ត៌មាន លែងទទួលទៅហើយ។ ប្រជាពលរដ្ឋដាក់ជា សំនួរថា តើចាំពេលណា ទើបបង្រ្កាប ឡធ្យូង និងការដឹកជញ្ជូនធ្យូងទៅខេត្តផ្សេងៗ? ឬ ឡធ្យូង និងឡានដឹកធ្យូង ជាឆ្នាំងទិព្វឆ្អិនឯងរបស់មន្ត្រីបរិស្ថាន និងរដ្ឋបាលព្រៃឈើ? ឬក៏ចាំអស់ព្រៃឈើសិនចាំ បង្រ្កាប? ឬក៏ ដូចពាក្យចាស់ ពោលថាគោសុី ស្រូវអស់ទើបធ្វើរបង?៕





































